ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន FIFA លើក​ពី​បញ្ហា​បាល់ទាត់​នៅ​អាស៊ាន ក្រោយ​ការ​ប៉ះទង្គិច​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ

1 ឆ្នាំ មុន

ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ក៏​បាន​បញ្ចេញមតិ​

ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ក៏​បាន​បញ្ចេញមតិ​ខ្លះ​ៗ ក៏​ដូច​ជា​ការ​រិះគន់ ជុំវិញ​រឿងហេតុ​ដែល​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ ២០២៣ នៅ​ប្រទេស​កម្ពុជា រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី ជាមួយនឹង​ថៃ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ី Liputan 6 ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា កន្លង​ទៅ​។

ថ្នាក់ដឹកនាំ​កំពូល​របស់ FIFA រូប​នេះ បាន​សម្តែង​សោកស្ដាយ​ចំពោះ​រឿងហេតុ​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ នៅ​ក្នុង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស​បំផុត ដើម្បី​ដណ្តើម​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​ឥណ្ឌូ​ណេ​ស៊ី​បាន​យកឈ្នះ​ថៃ នៅ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី ២​ដង លទ្ធផល ៥-២ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។ លោក Infantino បាន​ចាត់​ទុក​ឈុត​ឆាកប្រយុទ្ធ​លើ​សមរភូមិ​វាលស្មៅ​រវាង​ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ ថា នាំ​មក​នូវ​រូបភាព​អវិជ្ជមាន​សម្រាប់​វិស័យ​បាល់ទាត់​។

ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​ក្លាយជា​ប្រធានបទ​សន្ទនា​ដ៏​ក្តៅ​គគុក​ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​បរទេស​ជា​ច្រើន​បាន​រាយការណ៍​អំពី​រឿងហេតុ​នេះ​ផង​ដែរ​។ យ៉ាងណាមិញ កាលពី​ថ្មី​ៗ​នេះ លោក Gianni Infantino បាន​លើក​ឡើង​អំពី​ការ​ប៉ះទង្គិច​នោះ ដោយ​លោក​បាន​រិះគន់​ការ​អភិវឌ្ឍ​បាល់ទាត់​នៅ​អាស៊ាន ព្រោះ​វា​ច្រើន​តែ​រារាំង​ដោយសារ​អំពើ​ហិង្សា​។

បុរស​ជនជាតិ​ស្វី​ស​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​បាល់ទាត់​អាស៊ី​អាគ្នេយ៍​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍន៍​ស៊ីជម្រៅ និង​ទូលំទូលាយ ប៉ុន្តែ​នៅ​ទី​បញ្ចប់​វា​ត្រូវ​បាន​រារាំង​ដោយ​អំពើ​ហិ.ង្សា ទំនាក់ទំនង​រវាង​បាល់ទាត់ និង​បញ្ហា​សង្គម​ផ្សេង​ៗ​ទៀត​»​។

លោក​បន្ថែម​ថា «​ជាក់ស្តែង​រឿងហេតុ ដែល​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ជា​រឿង​អកុសល​ណាស់​។ ប្រសិនបើ​វា​ជា​បញ្ហា​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កីឡាករ ជំនួយការ​ក្រុម និង​គ្រូបង្វឹក គួរ​ណាស់​តែ​បញ្ឈប់​វា​ទៅ​។ រូបភាព​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ គឺជា​សារ និង​រូបភាព​អវិជ្ជមាន​ខ្លាំង​ណាស់​ក្នុង​វិស័យ​កីឡាបាល់ទាត់​»​។

គួរ​បញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​ប្រកាស​បើក​ការ​បើក​ការ​ស៊ើបអង្កេត​។ ស្រប​ពេល​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ថៃ ក៏​បាន​ធ្វើការ​សុំ​ទោស​ចំពោះ​រឿងហេតុ​កើតឡើង ហើយ​ថែម​ទាំង​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​សមាជិក​របស់​ខ្លួន ដែល​មាន​វត្តមាន​ក្នុង​ហេតុការណ៍​នោះ ដើម្បី​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ