ប្រទេសថៃ៖ អ្នកវិភាគព្រមានពីការកើតមានជម្លោះ ឬរដ្ឋប្រហារនៅប្រទេសថៃ បើគណបក្ស «ឆ្ពោះទៅមុខ» មិនអាចបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មី។ លោកភីឆៃ (Phichai) ជាប្រធានកម្មវិធីសិក្សាពីយុទ្ធសាស្ត្រនយោបាយ និងការអភិវឌ្ឍនៃវិទ្យាស្ថានជាតិបរិបាលកិច្ចអភិវឌ្ឍ។ លោកបានបង្ហោះនៅលើហ្វេសប៊ុកនូវសេណារីយោដែលអាចនឹងកើតមាន បើគណបក្សឆ្ពោះទៅមុខបង្កើតរដ្ឋាភិបាលមិនចេញ។ បច្ចុប្បន្ននេះ, សម្ព័ន្ធភាពនយោបាយដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ អាចរកបានអ្នកតំណាងរាស្ត្រ៣១៣រូប។ ដូចនេះ ត្រូវការសំឡេងពីសមាជិកព្រឹទ្ធសភា៦៦រូបទៀតដើម្បីបង្កើតរដ្ឋាភិបាល។
លោកភីឆៃ ជាអ្នកវិភាគលោកភីឆៃយល់ថាគណបក្សឆ្ពោះទៅមុខមានសិទ្ធិជាអាទិភាពដើម្បីបង្កើតរដ្ឋាភិបាល ក្នុងនាមជាបក្សដែលទទួលបានអាសនៈច្រើនជាងគេ។ «បើគណបក្សនេះដឹកនាំរដ្ឋាភិបាល, ប្រទេសជាតិមានស្ថិរភាពនយោបាយ។ លទ្ធិប្រជាធិបតេយ្យរីកចម្រើន, សេដ្ឋកិច្ចក៏រីកចម្រើន។ ប្រទេសថៃមានមុខ មានមាត់ និងទទួលបានការកោតសរសើរពីប្រទេសដទៃទៀត។ ប៉ុន្តែបើគណបក្សនេះបង្កើតរដ្ឋាភិបាលមិនចេញទេ, ប្រទេសជាតិនឹងគ្មានស្ថិរភាព។ មានតែការបែកបាក់ និងជម្លោះ។ បញ្ហានេះនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក៏ត្រូវចុះអន់ថយផងដែរនៅក្នុងក្រសែភ្នែករបស់ប្រទេសដទៃទៀត»។

ឧបមាថាគណបក្សឆ្ពោះទៅមុខបង្កើតរដ្ឋាភិបាលមិនចេញ ត្រូវផ្ទេរសិទ្ធិទៅឱ្យគណបក្សភឿថៃវិញម្ដង។ លោកភីឆៃយល់ថាដូចតែគ្នាទេ។ ព្រឹទ្ធសភាមិនប្រាកដជាបោះឆ្នោតគាំទ្របេក្ខភាពលោកស្រីផែថងថានទេ។ ម៉្យាងទៀត ភឿថៃប្រហែលជាមិនអាចអូសទាញគណបក្សដទៃដូចជាផាឡាំងប្រឆារ៉ាត់ និងភូមិចៃថៃដើម្បីរួមគ្នានៅក្នុងរដ្ឋាភិបាលចម្រុះ។ មូលហេតុដោយសារមានក្រុមអាវក្រហមនៅក្នុងគណបក្សភឿថៃ។ ដូច្នេះអាវក្រហមនឹងប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពជាមួយបក្ស២នេះ។

ដូច្នេះ អាចនឹងកើតមានការបែកបាក់ និងជម្លោះ, ហើយអាចនឹងមានរដ្ឋប្រហារ។ ពួកយោធានឹងធ្វើអន្តរាគមន៍នៅក្នុងរឿងនេះ ហើយឡើងកាន់អំណាចតែម្ដង។ នៅទីបញ្ចប់, អ្វីដែលធ្លាប់កើតមានពីអតីតកាល វាវិលចុះវិលឡើងដដែលជាដដែល។

អ្នកវិភាគម្នាក់ទៀតឈ្មោះយុត្ថាផន ឥស្សរៈឆៃ (Yutthaporn Issarachai) ជាគ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យសុខោទ័យ លោកថ្លែងថាក្រុមអ្នកលេងបណ្ដាញសង្គមជាអ្នកដែលមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់គណបក្សឆ្ពោះទៅមុខ។ លោកយល់ថាពួកគេជាអ្នកបោះឆ្នោតឱ្យគណបក្សឆ្ពោះទៅមុខ។
លោកយុត្ថាផន ឥស្សរៈឆៃ (Yutthaporn Issarachai)ដូច្នេះ គណបក្សត្រូវតែធ្វើតម្រូវចិត្តពួកគេ។ គណបក្សកំពុងជួបនឹងបញ្ហា២។ ទី១- បើគណបក្សតាំងចិត្តថាត្រូវតែធ្វើវិសោធនកម្មមាត្រា១១២, ព្រឹទ្ធសភានឹងបោះឆ្នោតជំទាស់នឹងបេក្ខភាពលោកភីថា។ សូម្បីតែគណបក្សនៅក្នុងសម្ព័ន្ធភាពក៏ជំទាស់នឹងគម្រោងធ្វើវិសោធនកម្មនេះផងដែរ។

ទី២- បើមិនសើរើមាត្រា១១២ទេ, ពួកអ្នកគាំទ្រនឹងខកចិត្ត ព្រោះពួកគេខំបោះឆ្នោតឱ្យគណបក្សនេះដើម្បីកែមាត្រា១១២។ ប្រធានគណបក្សសេរីរួមថៃ (Seri Ruam Thai Party) ដែលចូលរួមជាមួយគណបក្សឆ្ពោះទៅមុខ លោកយល់ថាអនុស្សារណៈយោគយល់គ្នានោះហាក់ដូចជាភ្ជាប់ករណីយកិច្ចច្រើនពេកសម្រាប់គណបក្សដៃគូ។ ប៉ុន្តែលោកថាគ្មានការដាក់បញ្ចូលការធ្វើវិសោធនកម្មមាត្រា១១២នៅក្នុងអនុស្សារណៈនោះទេ។

ប្រភពពីយោធាថៃបង្ហើបឱ្យដឹងថាទោះបីគណបក្សឆ្ពោះទៅមុខបង្កើតរដ្ឋាភិបាលមិនចេញ ក៏គ្មានរដ្ឋប្រហារទេ។ ប៉ុន្តែអ្នកគាំទ្រអាចនឹងហែបាតុកម្មនៅតាមផ្លូវ។ កាលពីមុន, មានមែនរដ្ឋប្រហារ នៅពេលរដ្ឋាភិបាលបង្កើតមិនចេញ។ ប៉ុន្តែឥឡូវនេះគ្មានទៀតឡើយ។ យ៉ាងខ្លាំង, ពួកយោធាបានត្រឹមចាត់វិធានការដើម្បីការពារសណ្ដាប់ធ្នាប់។ អគ្គបញ្ជាការកងទ័ពថៃបញ្ជាក់ថា «គ្មានការធ្វើរដ្ឋប្រហារទេដរាបណាគាត់នៅកាន់តំណែងនេះ។ លោកថារដ្ឋប្រហារគឺ០%។ ពាក្យរដ្ឋប្រហារមិនសមមាននៅក្នុងការនិយាយស្ដីរបស់មនុស្សណាម្នាក់ឡើយ»៕
ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/politics/2574864/conflict-or-coup-possible-warns-academic



ចែករំលែកព័តមាននេះ