ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​អាយុ​១៣​ឆ្នាំរៀន​ចប់​បរិញ្ញា​បត្រ និង​​​ត្រៀម​រៀន​ថ្នាក់​បណ្ឌិតនៅ​ឆ្នាំ​នេះ​

10 ខែ មុន

កុមារា​ជន​ជាតិ​អាមេរិកាំង​ម្នាក់ឈ្មោះ​ អេលៀត​ ថេនណឺ (Elliott Tanner) ​​​​ដែល​មាន​អាយុ​​ទើប​​​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​,​ ប៉ុន្តែ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រូប​វិទ្យា​ដោយ​ជោគ​ជ័យ​​​​​​ពី​សាកល​វិទ្យាល័យ​មីនេសូតា (University of Minnesota)​។…

កុមារា​ជន​ជាតិ​អាមេរិកាំង​ម្នាក់ឈ្មោះ​ អេលៀត​ ថេនណឺ (Elliott Tanner) ​​​​ដែល​មាន​អាយុ​​ទើប​​​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​,​ ប៉ុន្តែ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រូប​វិទ្យា​ដោយ​ជោគ​ជ័យ​​​​​​ពី​សាកល​វិទ្យាល័យ​មីនេសូតា (University of Minnesota)​។ គាត់​មិន​ទាន់​បញ្ចប់​មហិច្ឆតា​របស់​គាត់​ត្រឹម​ហ្នឹង​​​ទេ​។ គាត់​​ត្រៀម​រៀន​យក​សញ្ញា​ប័ត្រ​ថ្នាក់​​បណ្ឌិត​ថែម​ទៀត​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។​

ដំណឹង​នេះ​បើ​ស្ដាប់​​​មួយ​​ភ្លែត​ហាក់​ដូច​ជា​មិន​គួរ​ឱ្យ​ជឿ​​។​ ប៉ុន្តែ​​វា​មិន​​មែន​ជា​រឿង​ថ្មី​​ទេ​ដែល​មនុស្ស​អាយុ​ក្រោម​​​ដប់​ឆ្នាំ ឬ​ជាង​ដប់​ឆ្នាំ​អាចរៀន​ចប់​ថ្នាក់​បរិញ្ញា​បត្រ​ ឬ​ថ្នាក់​បណ្ឌិត​។​ ​​​កាល​ពី​ឆ្នាំ​១៩៩២, កុមារា​​ឈ្មោះ​មៃឃើល​ ឃានី (Michael Kearney) អាយុ​ត្រឹម​តែ​ដប់​ឆ្នាំ​ប៉ុណ្ណោះ​​ អាច​រៀន​ចប់​បរិញ្ញា​បត្រ​នរ​វិទ្យា​ពី​សាកល​វិទ្យា​ល័យ​អាឡា​បា​ម៉ា​ខាង​ត្បូង​ (South Alabama)​។ ​​មាន​មនុស្ស​រាប់​សិប​នាក់​ទៀត​ដែល​​រៀន​ចប់​បណ្ឌិត​នៅ​អាយុ​ជាង​ដប់​ឆ្នាំ​។​ មនុស្ស​ចំពូក​នេះ​ត្រូ​វ​​គេ​ចាត់​ទុក​ជា​សិស្ស​ពូកែ​វ័យ​ក្មេង​ (prodigy)។​

ប៉ា​ម៉ាក់​របស់​អេលៀត​​មាន​មោទក​ភាព​យ៉ាង​ខ្លាំង​​ដែល​​​កូន​របស់​ខ្លួន​​រៀន​ចប់​​បរិញ្ញា​បត្រ​ទាំង​វ័យ​ក្មេង​។ ​ទៅ​ថ្ងៃ​មុខ​, អេលៀត​​ចង់​ធ្វើ​​ជា​គ្រូ​បង្រៀន​មហា​វិទ្យាល័យ​ និង​ជា​អ្នក​ឯក​ទេស​ខាង​រូប​វិទ្យា​។ ​ប៉ា​ម៉ាក់​របស់​​អេលៀត​​​ដឹង​ថា​កូន​របស់​ខ្លួន​មាន​សតិ​បញ្ញា​ខ្ពស់​តាំង​ពី​មុន​ពេល​​​​ចូល​រៀន​ថ្នាក់​ទី​១​ទៅ​ទៀត​​​​។ អេលៀត​​​​​​ពូកែ​​​ភាសា និង​គណិត​​វិទ្យា​​តាំង​ពី​អាយុ​៣​​​ឆ្នាំ​។ អាយុ​៥​ឆ្នាំ នៅ​ពេល​​អេលៀត​​​ចូល​រៀន​ថ្នាក់​មត្តេយ្យបាន​តែ​បន្តិច​ប៉ុណ្ណោះ​​, ​គណៈ​គ្រប់​គ្រង​សាលា​​​សង្កេត​ឃើញ​ថា​សមត្ថ​ភាព​របស់​គាត់​ខ្ពស់​ជាង​កម្មវិធី​សិក្សា។ ដូច​នេះ គាត់​អាច​រៀន​នៅ​ថ្នាក់​ដែល​ខ្ពស់​ជាង​នេះ​។​​

​ប៉ាម៉ាក់​​ក៏​សម្រេច​ចិត្ត​​បង្រៀន​​​កូន​នៅ​ផ្ទះ​​​​​។ ​​ពួក​គាត់​សង្កេត​ឃើញ​ថា​​កូន​មាន​សមត្ថ​ភាព​ខ្ពស់​ជាង​កម្ម​វិធី​សិក្សា​ឆ្ងាយ​ណាស់​​។​ ​នៅ​ពេល​​អេលៀត​រៀន​ឆាប់​រហ័ស​​​បែប​នេះ​ ធ្វើ​ឱ្យ​ប៉ាម៉ាក់​​អស់​សមត្ថ​ភាព​នឹង​បង្រៀន​កូន​ត​ទៅ​ទៀត​​​​។ នៅ​ក្នុង​បន្ទប់​របស់​​អេលៀត​​សុទ្ធ​តែ​សៀវភៅ​​គរ​ដូច​ភ្នំ។ ​​នៅ​ពេល​ចាប់​សៀវភៅ​យក​មក​អាន​ភ្លាម​, ​អេលៀត​អាច​​យល់​​បាន​ស៊ី​ជម្រៅ-គ្រប់​ជ្រុង​ជ្រោយ​នូវ​​​អត្ថ​ន័យ​ខ្លឹម​សារ​ដែល​មាន​នៅ​ក្នុង​​​សៀវភៅ​​​។​ ​លុយ​ដែល​​ប៉ាម៉ាក់​ឱ្យ​គាត់​សម្រាប់​ចាយ​​, ​គាត់​​​​សុខ​ចិត្ត​យក​ទៅ​ទិញ​សៀវ​ភៅ​​សម្រាប់​អាន​ ជា​ជាង​ទិញ​របស់​ឥត​ប្រយោជន៍​​។​

ត្រឹម​អាយុ​៩​ឆ្នាំ​, អេលៀត​​​រៀន​ចេះ​​ទាំង​អស់​​នូវ​​​កម្មវិធី​សិក្សា​​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២​​​។ ​ប៉ាម៉ាក់​ក៏​​​យក​កូន​ទៅ​រៀន​​ថ្នាក់​​មហា​វិទ្យា​ល័យ​នៅ​ក្នុង​សហ​គមន៍។ ​​​​​នៅ​ពេល​ចូល​រៀន​​​​​រូប​វិទ្យា​​នៅ​ទី​នោះ​​, ​គាត់​មាន​កម្លាំង​ចិត្តកាន់​តែ​ខ្លាំង​ដើម្បី​​​សិក្សា​ស៊ី​ជម្រៅអំពី​អាថ៌​កំបាំង​​នៅ​ក្នុង​​ពិភព​លោក​។ ​អាយុ​១១​ឆ្នាំ​, អេលៀត​​​ផ្លាស់​ទៅ​រៀន​បរិញ្ញា​បត្រ​រូប​វិទ្យា និង​គណិត​វិទ្យា​នៅ​សាកល​វិទ្យា​ល័យ​មីនេ​សូតា (Minnesota)។ ដោយ​សារ​គាត់​រៀន​ពូកែ​ពេក ​ធ្វើ​ឱ្យ​​គ្រូ​បង្រៀន​ និង​មិត្ត​រួម​ថ្នាក់​របស់​គាត់​​​ភ្ញាក់​ផ្អើលយ៉ាង​​ខ្លាំង។​

​​​នៅ​ពេល​​គាត់​ចូល​រៀន​ដំបូង​, និស្សិត​ខ្លះ​ឆ្លល់​​ថា​ «​យក​កូន​ក្មេង​តូច​តែ​មួយ​មក​រៀន​​ថ្នាក់​មហា​វិទ្យា​ល័យ​​ធ្វើ​អ្វី?»​ ប៉ុន្តែ​​​ក្រោយ​ពេល​រៀន​បាន​តែ​បន្តិច ទើប​គ្រប់​គ្នា​ចាប់​ផ្ដើម​ភ្លឺ​ភ្នែក​​។ ​​ក្រោយ​​​ពី​​​​រៀន​ចប់​បរិញ្ញា​បត្រ​, សាកលវិទ្យាល័យ​​យល់​ថា​​អេលៀត​​មិន​ចាំ​បាច់​រៀន​ថ្នាក់​អនុ​បណ្ឌិត​ទេ គឺ​រៀន​ថ្នាក់​បណ្ឌិត​តែ​ម្ដង​​​​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​​។ ប៉ុន្តែ​គាត់​កំពុង​ប្រឈម​នឹង​​បញ្ហា​​ខ្វះ​ខាត​ថវិកា​។​

សាកល​វិទ្យាល័យ​​គ្មាន​​គោល​ការណ៍​ផ្ដល់​ជូន​គាត់​នូវ​​​​​​​​ប្រាក់អាហារូបករណ៍, ​ការ​​​ធានា​រ៉ាប់​រង​សុខ​ភាព និង​ថ្លៃ​ចំណាយ​​ផ្សេង​ៗ​​ទៀត​ទេ​​។​ ​​ទម្រាំ​រៀន​ចប់​ថ្នាក់​បណ្ឌិត, អេលៀត​​​ត្រូវ​ចំណាយ​​លុយ​ប្រហែល​៩​ម៉ឺន​ដុល្លារ​។ នេះ​ជា​បន្ទុក​ដ៏​ធំ​​គួរ​សម​​សម្រាប់​​គ្រួ​សារ​របស់​​គាត់​។​ ប៉ាម៉ាក់​របស់​គាត់​​ពុំ​ដែល​នឹក​ស្មាន​ទាល់​តែ​សោះ​​ថា​កូន​​របស់​ខ្លួន​អាច​​​ចូល​រៀន​​​​បរិញ្ញាបត្រ​នៅ​​​អាយុ​៩​ឆ្នាំ​។

ឥឡូវ​នេះ កូន​ត្រូ​វ​ចូល​​​រៀន​ថ្នាក់​បណ្ឌិត​ថែម​ទៀត​។ ដូច្នេះ​ ពួក​គាត់​មិន​អាច​រក​លុយ​ទាន់​​ពេល​វេលា​ដើម្បី​​បង់​ថ្លៃ​សាលា​ទេ​។ ​​​ ពួ​ក​គាត់​ចាប់​ផ្ដើម​បង្កើត​មូល​និធិទ្រទ្រង់​ការ​សិក្សា​​ និង​​​ប្រមូល​បាន​លុយ​​ជាង​២​ម៉ឺន ៨​ពាន់​ដុល្លារ។ ទឹក​ប្រាក់​​​ប៉ុណ្ណេះ​អាច​យក​ទៅ​​រៀន​សូត្របាន​​​​​រយៈ​ពេល​​១​​ឆ្នាំ​, ​ខណៈ​ដែល​ថ្នាក់​បណ្ឌិត​ត្រូវ​រៀន​​​​​រយៈ​ពេល​បី​​​ឆ្នាំ​​​សម្រាប់​និស្សិត​ទូទៅ​។ ​គេ​មិន​ទាន់​ដឹង​ថា​​កុមារ​អេលៀត​អាច​នឹង​រៀន​បាន​ឆាប់​រហ័ស​ជាង​នេះ​ ឬ​យ៉ាង​ណា​ ព្រោះ​គាត់​​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​មិន​ធម្មតា​៕​​

ប្រភព៖ Live Science, People Magazine
https://www.livescience.com/13-year-old-physics-graduate-elliott-tanner
https://people.com/human-interest/13-year-old-boy-is-graduating-from-college-and-set-to-start-his-doctorate-in-physics-this-fall/

អត្ថបទ​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​វិស័យ​អប់​រំ​ និង​រៀន​សូត្រ​
មិន​នឹក​ស្មាន​ថា​សាលា​កំពូលៗ​នៅ​វៀតណាម​តម្លៃ​សិក្សា​ខ្ពស់​កប់​ពពក​
និស្សិត​ម៉ាឡេស៊ី​​​ចាក់​សាំង​ដុត​ខ្លួន​ឯង បន្ទាប់​ពី​​​​ប្រឡង​ធ្លាក់ញយដង​ពេក​
ប្រឡង​ធ្លាក់​១៨​ដង​ទម្រាំ​និស្សិត​ច្បាប់​ម៉ាឡេស៊ី​ម្នាក់​បញ្ចប់​ថ្នាក់​​​​បរិញ្ញាបត្រ
រៀន​ពូកែ​ពេក, យុវជន​ម្នាក់​ត្រូវ​សាកល​វិទ្យាល័យ​ជិត​១៩០​ផ្ដល់​អាហារូបករណ៍​​​
កូន​សិស្ស​សិង្ហបុរី​ជាប់​លេខ​មួយ​ពិភពលោក​ខាង​ពូកែ​អាន​សៀវភៅ​ និង​អត្ថបទ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ