ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ពូកែ​ពេក, យុវជន​ម្នាក់​ត្រូវ​សាកល​វិទ្យាល័យ​ជិត​១៩០​ផ្ដល់​អាហារូបករណ៍​​​

11 ខែ មុន

សហ​រដ្ឋ​អាមេរិក​៖ សិស្ស​ពូកែ​ម្នាក់​នៅ​អាមេរិក​​ឈ្មោះ​​​​ដេននីស ម៉ាលីក បានីស​ (Dennis Maliq Barnes) ​​ត្រូវ​សាកល​វិទ្យាល័យ​រាប់​រយ​កន្លែង​ផ្ដល់​អាហា​រូបករណ៍​ដោយ​សារ​ពិន្ទុ​របស់​គាត់​​​​មាន​កម្រិត​ខ្ពស់​​។ ត្រឹម​តែ​អាយុ​​​១៦​ឆ្នាំ, គាត់​អាច​រៀន​ផ្លោះ​ថ្នាក់…

សហ​រដ្ឋ​អាមេរិក​៖ សិស្ស​ពូកែ​ម្នាក់​នៅ​អាមេរិក​​ឈ្មោះ​​​​ដេននីស ម៉ាលីក បានីស​ (Dennis Maliq Barnes) ​​ត្រូវ​សាកល​វិទ្យាល័យ​រាប់​រយ​កន្លែង​ផ្ដល់​អាហា​រូបករណ៍​ដោយ​សារ​ពិន្ទុ​របស់​គាត់​​​​មាន​កម្រិត​ខ្ពស់​​។ ត្រឹម​តែ​អាយុ​​​១៦​ឆ្នាំ, គាត់​អាច​រៀន​ផ្លោះ​ថ្នាក់ និង​ប្រឡង​​​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ដោយ​ជោគជ័យ​។ ​​​លទ្ធផល​ប្រឡង​សញ្ញា​ប័ត្រ​ទុតិយ​ភូមិ​​បង្ហាញ​ថា​គាត់​​ទទួល​បាន​ពិន្ទុ​​​នៅ​លើ​រង្វាស់​​​ជីភីអេ​​ ​៤,៩៨​​​ (GPA 4.98)។

​នៅ​​ថ្នាក់​វិទ្យាល័យ​​​, គាត់​រៀន​ពូកែ​ពេក ​​​ដល់​ថ្នាក់​អាច​​រក​បាន​២៧​​ក្រេឌីត​សម្រាប់​សន្សំ​ទុក​រៀន​ផ្លោះ​មុខ​វិជ្ជា​១​ចំនួន​នៅ​ថ្នាក់​​​មហា​វិទ្យាល័យ​។ ​​​​​ក្រោយ​ពេល​ប្រឡង​ជាប់​បាក់​ឌុប​ភ្លាម,​​ ​គាត់​គិត​តែ​ពី​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​សាកល​វិទ្យាល័យ​ប្រហែល​២​រយ​កន្លែង​នៅ​សហ​រដ្ឋ​អាមេរិក​។ ជា​លទ្ធផល​, សាកលវិទ្យាល័យ​ជិត​១៩០​កន្លែង​​ប្រកាស​ផ្ដល់​អាហារូប​ករណ៍​​១០០%​សម្រាប់​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​​ អម​ដោយ​ការ​ផ្ដល់​​ប្រាក់​បំប៉ន​សម្រាប់​ការ​ស្នាក់​នៅ, ថ្លៃ​អាហារ​ និង​ថ្លៃ​ចំណាយ​ដទៃ​ទៀត​។ ​

គ្រាន់​តែ​ទឹក​ប្រាក់​​​អាហារូបករណ៍​ពី​​​សាកលវិទ្យាល័យចំនួន​១៥០​មាន​​ជាង​​ដប់​លាន​ដុល្លារ​បាត់​ទៅ​ហើយ​។​​​ ​​​​​ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា​គាត់​នឹង​ទទួល​បាន​ទឹក​ប្រាក់​ទាំង​អស់​នេះទេ​។ គាត់​អាច​ទទួល​បាន​ពី​មហា​វិទ្យា​ល័យ​ណា​មួយ​ដែល​គាត់​​សម្រេច​ជ្រើស​រើស​ចូល​រៀន​​។ ចំនួន​ប៉ុណ្ណឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាហារូបករណ៍​ដែល​បំបែក​កំណត់​ត្រា​​នៅ​សហ​រដ្ឋ​អាមេរិក​។​

​​​​ពិន្ទុ​របស់​គាត់​​​នៅ​វិទ្យាល័យ​អន្តរ​ជាតិ​​​ទី​ក្រុង​ញូអ័រលៀន (New Orleans), រដ្ឋ​លូស៊ីអាណា (Louisiana) ​​ជា​មោទ​ក​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​សម្រាប់​សាលា​​​របស់​គាត់​។ ​ពី​ដំបូង​ឡើយ​​​, គាត់​មិន​ដែល​នឹក​ស្មាន​ថា​ចង់​បំបែក​កំណត់​ត្រា​អ្វី​ទេ​។ គាត់​គ្រាន់​តែ​​ចង់​ដាក់​ពាក្យ​ទៅ​​​សាកលវិទ្យាល័យ​​ឱ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​​ជ្រើស​រើស​​​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​​​ដែល​សម​តាម​បំណង​របស់​គាត់​​។ ​​​បន្ទាប់​ពី​​ដាក់​ពាក្យ​ទៅ​សាកល​វិទ្យាល័យ​២​រយ​កន្លែង​, ស្រាប់​តែ​សាកលវិទ្យាល័យ​​ជិត​១៩០​​​​​កន្លែង​ទទួល​យក​រូប​​គាត់​​​។​

​គាត់​មាន​គម្រោង​ចូល​រៀន​បរិញ្ញាបត្រ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។ ប៉ុន្តែ​គាត់​ក៏​​ធ្លាប់​ធ្វើ​ការ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​នៅ​​ក្លិប​មេធាវី​នៃ​រដ្ឋ​លូស៊ីអាណា (Louisiana)​បាន​មួយ​រយៈ​ផង​ដែរ​ ទី​នោះ​ស្ថិត​​នៅ​​​មិន​ឆ្ងាយ​ប៉ុន្មានទេ​​​ពី​វិទ្យាល័យ​ដែល​គាត់​ធ្លាប់​រៀន​​។ ​ដូច្នេះ​ ក្រៅពី​កុំ​ព្យូទ័រ​, គាត់​ក៏​ចង់​រៀន​ច្បាប់​ផង​ដែរ​។​ យុវជន​​បានីស ចាប់​កំណើត​​ និង​ធំ​ដឹង​ក្ដី​នៅ​ទី​ក្រុង​ញូអ័រលៀន​ (New Orleans) រដ្ឋ​លូស៊ីអាណា​។

​​កាល​ពី​មុន​នេះ​, គាត់​​មិន​ទាន់​ដឹង​ថា​សាកល​វិទ្យាល័យ​ដែល​​ត្រូវ​រៀន​មាន​​​ចម្ងាយ​ប៉ុន្មាន​​ពី​ផ្ទះ​របស់​គាត់​ទេ​​​​។ ​បើ​ពិនិត្យ​​ឃើញ​ថា​សាកល​វិទ្យាល័យ​​ណា​​​នៅ​ជិត​ផ្ទះ​​ជាង​គេ​ ហើយ​ស្រប​ទៅ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ គាត់​នឹង​សម្រេច​ជ្រើស​រើស​រៀន​នៅ​សាកល​វិទ្យាល័យ​នោះ​។​ ឥឡូវ​នេះ​គាត់​កំពុង​តែ​ខ្វារក និង​កំពុង​តែ​ជ្រើម​ជ្រួល​សម្បើម​ណាស់​។ ចិត្ត​​១​ចង់​រៀន​នៅ​ជិត​ផ្ទះ។ ប៉ុន្តែ​ចិត្ត​១​ទៀត​ចង់​ហិច​ហើរ​អណ្ដែត​ត្រសែត​ទៅ​កាន់​ទី​កន្លែង​ឆ្ងាយ​ៗ​។ គាត់​ថា​គាត់​ចង់​ប្រឡូក​ខ្លួន​នៅ​ក្នុង​សង្គម​ថ្មី​។

យុវជន​ Barnes បង្ហាញ​អាវ​សាកលវិទ្យាល័យ​ខ័រនែល

​​​យោង​តាម​ព័ត៌មាន​បច្ចុប្បន្ន​​ភាព​ចុង​ក្រោយ​, យុវជន​ដេនីស ម៉ាលីក បានីស បាន​ប្រកាស​​ថា​គាត់​​​សម្រេច​ចិត្ត​​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ខ័រ​​នែល (Cornell) នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​។​ មាន​ន័យ​ថា​​​បន្ទាប់​ពី​គាត់​បញ្ចប់​ការ​សិក្សា​ជា​ផ្លូវ​ការ​ពី​វិទ្យាល័យ​អន្តរជាតិ​ទី​ក្រុង​ញូអ័រលៀន​នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ខាង​មុខ​នេះ​​៕​

សាកលវិទ្យាល័យខ័រនែល (Cornell) មើល​ពី​លើ​អាកាស​

ប្រភព៖ Associated Press, CNN, The Guardian
https://edition.cnn.com/2023/04/27/us/louisiana-teen-gets-over-170-college-offers-reaj/index.html
https://apnews.com/article/new-orleans-student-scholarship-offers-a7b8619fc57e677e913447ed325007c1
https://www.theguardian.com/us-news/2023/may/06/dennis-maliq-barnes-scholarship-record-cornell-university

អត្ថ​បទ​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​វិស័យ​អប់រំ​​
មិន​នឹក​ស្មាន​ថា​សាលា​កំពូលៗ​នៅ​វៀតណាម​តម្លៃ​សិក្សា​ខ្ពស់​កប់​ពពក​
និស្សិត​ម៉ាឡេស៊ី​​​ចាក់​សាំង​ដុត​ខ្លួន​ឯង បន្ទាប់​ពី​​​​ប្រឡង​ធ្លាក់ញយដង​ពេក​
ប្រឡង​ធ្លាក់​១៨​ដង​ទម្រាំ​និស្សិត​ច្បាប់​ម៉ាឡេស៊ី​ម្នាក់​បញ្ចប់​ថ្នាក់​​​​បរិញ្ញាបត្រ

ទីដ្ឋភាព​នៅ​បរិវេណ​សាកលវិទ្យាល័យ​ខ័រនែល (Cornell)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ