រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានធ្វើការឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណី.រំលោ.ភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

ស្ត្រីខាងលើរូបនោះមានឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ មុខរបរមុនឃាត់ខ្លួន គឺជាបុគ្គលិកផ្នែកលក់ក្រុមហ៊ុនបុរី ដោយមិនហូម ស្នាក់នៅភូមិត្រពាំងគង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សំណុំរឿងនេះបានស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។
ដើមចមនៃការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានគេដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា មានអាជីវករម្នាក់ជាដើមបណ្តឹងបាននាំខ្លួនជនសង្ស័យឈ្មោះ ឌឿន ពេជ្ររ៉ា ទៅប្រគល់ឲ្យសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យពាក់ព័ន្ធពីបទ.រំលោ.ភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។

បន្ទាប់ពីមានពាក្យបណ្តឹង និងស្តាប់ចម្លើយជនសង្ស័យ ដោយរកឃើញថា ពិតជាជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន សមត្ថកិច្ចក៏បានស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី។

រឿងហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ ឌឿន ពេជ្ររ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុនបុរី ដាយមិនហូម ដោយបានទទួលប្រាក់ខែ៤៥០ដុល្លារអាមេរិក និងប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរ។ ដំបូងឈ្មោះ ឌឿន ពេជ្ររ៉ា មានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ជាហេតុធ្វើឲ្យក្រុមហ៊ុនមានការជឿទុកចិត្តក៏ប្រគល់ការងារឲ្យផ្សព្វផ្សាយលក់ផ្នែកលក់ផ្ទះល្វែងចំនួន២ទីតាំង គឺទីតាំងទី១ បុរី «ដាយមិនហូម» ស្ថិតភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានចំនួន១៣៦ផ្ទះល្វែង មានតម្លៃចាប់ពី ៤៥ ០០០ ដុល្លារអាមេរិក រហូតដល់ ១៣៥ ០០០ ដុល្លារអាមេរិកក្នុងមួយល្វែង និងទីតាំងទី២ ស្ថិតនៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចំនួន៦០០ ល្វែង តម្លៃចាប់ពី ៣៥ ០០០ដុល្លារអាមេរិក រហូតដល់ ១៣៥ ០០០ ដុល្លារអាមេរិក។

នៅក្នុងរយៈពេលនៃការគ្រប់គ្រងផ្នែកលក់នោះដែរ ដើមបណ្តឹងបានប្រគល់សិទ្ធិឲ្យជនសង្ស័យកាន់សោរផ្ទះសម្រាប់ឲ្យភ្ញៀវទៅមើល ឬទិញ ប៉ុន្តែបុគ្គលឈ្មោះ ឌឿន ពេជ្ររ៉ា នេះ មិនបានធ្វើបញ្ជីស្នាមលិខិតកក់ប្រាក់ទិញ-លក់ ឬបង់រំលោះឲ្យម្ចាស់បុរីទេ បែរជាប្រមូលយកប្រាក់ពីអតិថិជនទាំងអស់ទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានធ្វើរបាយការណ៍ណាមួយនោះឡើយ ។ ពេលអតិថិជនសួរនាំពីរឿងនៃការផ្ទេរសិទ្ធិ និងឯកសារទិញ-លក់ ឬបង់រំលោះជាមួយក្រុមហ៊ុន បែរជាឈ្មោះ ឌឿន ពេជ្ររ៉ា ចេះតែរកលេសគេចវេសពន្យាពេលរហូត ធ្វើឲ្យអតិថិជនជាច្រើននាក់បានរាយការណ៍ និងទាក់ទងមកទារប្រាក់ពីក្រុមហ៊ុនទាំងយប់ទាំងថ្ងៃ ។
ជាងនេះទៅទៀត បុគ្គលឈ្មោះ ឌឿន ពេជ្ររ៉ា បានប្រគល់សោរផ្ទះអតិថិជនច្រើននាក់ ចូលទៅរស់នៅ ដោយមិនបានរាយការណ៍ឲ្យក្រុមហ៊ុនដឹងឡើយ រហូតដល់ពេលនេះមានផ្ទះ៥ល្វែង គេចូលទៅរស់នៅដោយគ្មានការអនុញ្ញាតិពីក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្តប្ដឹង និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ទីបំផុត លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធាណិភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា បានសម្រេចឃុំខ្លួនឈ្មោះ ឌឿន ពេជ្ររ៉ា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.រំលោ.ភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ប្រព្រឹត្តនៅចំណុចបុរី ដាយមិនហូម ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា ៖ ចាប់ខ្លួនបុគ្គលិកផ្នែកលក់បុរីដាយមិនហូមបញ្ជូនទៅតុលាការពាក់ពន្ធករណីក្លែងឯកសារសាធារណៈ៕
ចែករំលែកព័តមាននេះ