ខេត្តព្រះវិហារ ៖ រឿងរ៉ាវលួចមានសហាយស្មន់មួយបានធ្វើឱ្យញាប់ញ័រកណ្តាលក្រុងព្រះវិហារ ខណៈដែលសមត្ថកិច្ចបានឆ្មក់ចូលឆែកឆេរបន្ទប់មួយនៃផ្ទះសំណាក់ព្រះវិហារទៅតាមបណ្តឹងរបស់បុរសជាប្តីដែលចោទថា ភរិយារបស់ខ្លួនបានស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយប្រុសសហាយ ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣ ឧសភា ។
រឿងរ៉ាវផិតក្បត់លួចមានសហាយស្មន់នេះត្រូវបានប្រភពព័ត៌មានរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ឧសភា សមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានខេត្ត បានឃាត់ខ្លួនស្ត្រីឈ្មោះអ៊ុង មេងហៀង ហៅអាមួយ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិសួង ក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្តីនិងកូន២នាក់ និងប្រកបរបរលក់បាយនៅក្រុងព្រះវិហារ ។ ជាមួយនឹងការឃាត់ខ្លួនស្ត្រីរូបនេះក៏បានឃាត់ខ្លួនបុរសម្នាក់ផងដែរ ឈ្មោះសាន វណ្ណា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាបុរសមានប្រពន្ធនិងកូនតែបានលួចមានសហាយស្មន់ល្មើសច្បាប់ឯកពន្ធភាព ។
ស្ត្រីឈ្មោះអ៊ុង មេងហៀង ហៅអាមួយ ទើបតែមករស់នៅរកស៊ីលក់បាយជាមួយប្តីឈ្មោះបាន រតនា អាយុ៣២ឆ្នាំ នៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារបានប្រហែល២ខែប៉ុណ្ណោះ ។ ការឈានដល់ប្តឹងប៉ូលិសឱ្យចូលឆែកឆេរបន្ទប់ផ្ទះសំណាក់នេះគឺបន្ទាប់ពីបុរសជាប្តីបានតាមដានដឹងថា ស្ត្រីជាប្រពន្ធបានលួចមានប្រុសសហាយជាយូរមកហើយ តែមិនអាចចាប់បានជាក់ស្តែង ទើបតែពេលនេះបានដឹងថា ស្ត្រីជាប្រពន្ធនិងប្រុសសហាយបានណាត់ជួបគ្នានៅក្នុងបន្ទប់ផ្ទះសំណាក់ព្រះវិហារ ។ ទោះបីជាដឹងច្បាស់ក្តី បុរសជាប្តីមិនដឹងថាធ្វើយ៉ាងណាទេ ដើម្បីបកអាក្រាតពីភាពគម្រក់របស់ប្រពន្ធក៏រាយការណ៍សុំយោបល់ពីលោក ស ថាវី អភិបាលរងខេត្ត ទទួលបន្ទុកសន្តិសុខ ។ ពេលនោះ លោកអភិបាលរងខេត្តបានជូនដំណឹងទៅលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការប៉ូលិសខេត្ត ដើម្បីជួយអន្តរាគមន៍ ។
លោកស្នងការប៉ូលិសខេត្តបន្ទាប់ពីទទួលដំណឹងនេះបានចាត់កម្លាំងប៉ូលិសស្នងការដ្ឋានខេត្ត និងប៉ូលិសក្រុងព្រះវិហារ ទៅឆែកឆេរជាក់ស្តែងនៅក្នុងបន្ទប់មួយដែលបិទជិត។ ដោយមានការអនុញ្ញាតពីម្ចាស់ផ្ទះសំណាក់ក៏បានរកឃើញបុរសជាសហាយឈ្មោះសាន វណ្ណា នៅក្នុងបន្ទប់ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ពេលចាក់សោចូលទៅក្នុងបន្ទប់នោះមិនបានរកឃើញស្ត្រីជាដៃគូភ្លាមទេដោយសារតែប្រុសសហាយមានល្បិចខ្ពស់ យកស្ត្រីជាសហាយទៅលាក់ក្រោមគ្រែដេកក្នុងបន្ទប់ធ្វើឱ្យសមត្ថកិច្ចប៉ូលិសចង់ភាំង ព្រោះមិនអាចវែកមុខរឿងរ៉ាវសហាយស្មន់នេះបាន ។ ទោះបីជាបែបណាក្តី ប៉ូលិសមានល្បិចមិនចាញ់ចោរលួចបេះដូងប្រពន្ធគេនេះទេ គឺបានលើកពូកនិងរនាបគ្រែចេញទើបប្រទះឃើញស្ត្រីអស់លក្ខណ៍នៅក្នុងក្រោមគ្រែ ។ ពេលនោះនាងមេងហៀងងើបចេញ ហើយស្ទុះទៅអោបប្រុសស្នេហ៍បេះដៃស្ទើរតែមិនចេញ ។ បន្ទាប់មកប៉ូលិសបាននាំខ្លួននាងនិងប្រុសសហាយចេញពីក្នុងបន្ទប់ និងនាំទៅកាន់ការិយាល័យជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣ ឧសភា នាងកុហកប្តីថាប្រញាប់ទៅរកទិញម្ហូបនៅផ្សារ ។ ពេលបានឱកាសហើយនាងប្រញាប់ទៅជួបប្រុសស្នេហ៍តាមការណាត់គ្នាភ្លាម ។ ចំណែកបុរសជាប្តីនិយាយថា លោកបានចាំមើលផ្លូវប្រពន្ធរហូតដល់ម៉ោង៩មិនឃើញវិលវិញក៏តាមដានរហូតដល់ផ្ទះសំណាក់ហើយឃើញរថយន្តប្រុសសហាយដែលធ្លាប់ទាក់ទងប្រពន្ធរបស់លោក។ ពេលនោះលោកសុំអន្តរាគមន៍ចូលឆែកឆេរក្នុងផ្ទះសំណាក់ ក៏ឃើញប្រពន្ធនិងប្រុសសហាយ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីនិងប្រុសសហាយនេះបានទាក់ទងគ្នាតាំងពីនៅស្រុកកំណើត (ភូមិសួង) មកម៉្លេះ ។ ទាក់ទិនប្រុសសហាយនេះ តាមប្រភពព័ត៌មានថា ជាអ្នករកស៊ីដឹកឈើគ្រញូងទៅលក់នៅសួងទើបបានជួបទាក់ទងគ្នានេះ តែប្តីចាប់ភស្តុតាងមិនបានសោះ ។ បុរសជាប្តីនិយាយនៅមុខសមត្ថកិច្ចថា លោកបានសម្រេចចិត្តប្តឹងលែងលះហើយ ព្រោះមិនអាចធ្វើជា «អាវែក» បានតទៅទៀតទេ និងប្តឹងចោទប្រកាន់ពីអំពើផិតក្បត់តាមច្បាប់ឯកពន្ធភាព ។ តាមរយៈនៃការប្តឹងលែងលះនេះ បុរសជាប្តីបានបដិសេធមិនឱ្យកូនទៅខាងម្តាយទេ ។ ពួកគេមានកូន២នាក់ គឺប្រុសម្នាក់ស្រីម្នាក់។ ទោះបីជាបែបណាក្តី ស្ត្រីជាប្រពន្ធនៅតែទាមទារយកកូន។ មន្ត្រីប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិយាយថា គូស្នេហ៍សហាយស្មន់ទាំង២ត្រូវបានឃុំខ្លួនសិន ហើយនៅថ្ងៃនេះ (៤ ឧសភា) នឹងនាំឡើងឡើងតុលាការទៅតាមបណ្តឹងបុរសជាប្តី ៕
ចែករំលែកព័តមាននេះ