ខេត្តព្រះវិហារ ៖ តាមប្រភពព័ត៌មានបន្តបានឱ្យដឹងថា ការនាំខ្លួនគូស្នេហ៍សហាយស្មន់ទៅសាលាដំបូងខេត្តនៅថ្ងៃទី៤ ឧសភា ដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាប្តី បើអនុវត្តទៅតាមមាត្រា១០នៃច្បាប់ឯកពន្ធភាពនោះពួកគេទាំង២គឺគេចមិនផុតពីការជាប់ឃុំនៅពន្ធនាគារឡើយ តែអ្វីៗបានប្រែប្រួលដោយសារបុរសជាប្តីបានផ្លាស់ប្តូរចិត្តដោយសុំដកពាក្យបណ្តឹងប្រឆាំងនឹងប្រពន្ធរបស់ខ្លួន។ កាយវិការនេះធ្វើឱ្យអ្នកតាមដានមានការភ្ញាក់ផ្អើល ហើយចាត់ទុកថា បុរសទូទៅមិនមែនមានចិត្តដូចគ្នាទេ ដែលខ្លះអាចរឹងមាំដូចថ្ម តែខ្លះទៀតទន់ជ្រាយក៏មានដែរ។ គេមិនដឹងថា ការសំរេចចិត្តនេះដោយសារតែការស្រឡាញ់ប្រពន្ធដ៏ប្រិមប្រិយរបស់ខ្លួនខ្លាំងពេក ឬដោយការអាណិតកូនទាំង២ ឬយ៉ាងណានោះទេ។
ការសំរេចចិត្តដកពាក្យប្តឹងប្រឆាំងនឹងភរិយាដែលហ៊ានលួចផិតក្បត់ទៅជួបរួមរ័កជាមួយប្រុសសហាយនៅក្នុងបន្ទប់ផ្ទះសំណាក់បានធ្វើឱ្យលោកព្រះរាជអាជ្ញាក៏ដូចជាសមត្ថកិច្ចមានការអល់អែក ដែលទីបំផុតគូស្នេហ៍សហាយស្មន់ទាំង២ត្រូវបានបញ្ជូនទៅឃុំខ្លួននៅការិយាល័យរបស់ប៉ូលិសវិញ និងមិនទាន់ដឹងថា សមត្ថកិច្ចក៏ដូចជាតុលាការឈានដល់ការសំរេចចិត្តបែបណានោះទេ ។ ទោះបីជាបែបណាក្តីសំរាប់បុរសជាប្រុសសហាយឈ្មោះសាន វណ្ណា ត្រូវបានមន្ត្រីសមត្ថកិច្ចធ្លោយឱ្យដឹងថា ជននេះមានមុខរបរដឹកឈើគ្រញូង ហើយរថយន្តដែលប្រទះឃើញនៅក្នុងបរិវេណផ្ទះសំណាក់បានបង្ហាញពីការជួបនឹងហេតុការណ៍ក្រឡាប់ ឬក៏បុក តែជននេះបានយកមកលាក់នៅផ្ទះសំណាក់។ មន្ត្រីដដែលនិយាយថា បើរកឃើញថា រថយន្តនោះក្រឡាប់ដោយសារតែការបើកបុក ឬមានបញ្ហាអ្វីនោះជននេះនឹងមានបទចោទប្រកាន់ថ្មីក្រៅពីការធ្វើចោរលួចប្រពន្ធ គេនេះនឹងប្រឈមការឃុំខ្លួននៅពន្ធនាគារ។
គួររំលឹកថា រឿងរ៉ាវសហាយស្មន់កក្រើកក្រុងព្រះវិហារនេះបានកើតឡើងនៅថ្ងៃទី៣ ឧសភា បន្ទាប់ពីប្តីប្តឹងសមត្ថកិច្ច ហើយក៏មានការឆ្មក់ចូលផ្ទះសំណាក់ និងបានឃើញជាក់ស្តែងដែលប្រពន្ធរបស់ខ្លួនក្នុងសំលៀកបំពាក់សិចស៊ីនៅជាមួយបុរសឈ្មោះសាន វណ្ណា។ ស្ត្រីជាប្រពន្ធឈ្មោះអ៊ុង មេងហៀង ហៅអាមួយ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិសួង ក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្តីនិងកូន២នាក់ និងប្រកបរបរលក់បាយនៅក្រុងព្រះវិហារ ។ ជាមួយនឹងការឃាត់ខ្លួនស្ត្រីជាប្រពន្ធក៏បានឃាត់ខ្លួនបុរសម្នាក់ផងដែរ ឈ្មោះសាន វណ្ណា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាបុរសមានប្រពន្ធនិងកូនតែបានលួចមានសហាយស្មន់ល្មើសច្បាប់ឯកពន្ធភាព ។
ស្ត្រីឈ្មោះអ៊ុង មេងហៀង ហៅអាមួយ ទើបតែមករស់នៅរកស៊ីលក់បាយជាមួយប្តីឈ្មោះបាន រតនា អាយុ៣២ឆ្នាំ នៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារបានប្រហែល២ខែប៉ុណ្ណោះ ។ ការឈានដល់ប្តឹងប៉ូលិសឱ្យចូលឆែកឆេរបន្ទប់ផ្ទះសំណាក់នេះគឺបន្ទាប់ពីបុរសជាប្តីបានតាមដានដឹងថា ស្ត្រីជាប្រពន្ធបានលួចមានប្រុសសហាយជាយូរមកហើយ តែមិនអាចចាប់បានជាក់ស្តែង ទើបតែពេលនេះបានដឹងថា ស្ត្រីជាប្រពន្ធនិងប្រុសសហាយបានណាត់ជួបគ្នានៅក្នុងបន្ទប់ផ្ទះសំណាក់ព្រះវិហារ ។ ទោះបីជាដឹងច្បាស់ក្តី បុរសជាប្តីមិនដឹងថាធ្វើយ៉ាងណាទេ ដើម្បីបកអាក្រាតពីភាពគម្រក់របស់ប្រពន្ធក៏រាយការណ៍សុំយោបល់ពីលោក ស ថាវី អភិបាលរងខេត្ត ទទួលបន្ទុកសន្តិសុខ ។ ពេលនោះ លោកអភិបាលរងខេត្តបានជូនដំណឹងទៅលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការប៉ូលិសខេត្ត ដើម្បីជួយអន្តរាគមន៍ ។
តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣ ឧសភា នាងកុហកប្តីថាប្រញាប់ទៅរកទិញម្ហូបនៅផ្សារ ។ ពេលបានឱកាសហើយនាងប្រញាប់ទៅជួបប្រុសស្នេហ៍តាមការណាត់គ្នាភ្លាម ។ ចំណែកបុរសជាប្តីនិយាយថា លោកបានចាំមើលផ្លូវប្រពន្ធរហូតដល់ម៉ោង៩មិនឃើញវិលវិញក៏តាមដានរហូតដល់ផ្ទះសំណាក់ហើយឃើញរថយន្តប្រុសសហាយដែលធ្លាប់ទាក់ទងប្រពន្ធរបស់លោក។ ពេលនោះលោកសុំអន្តរាគមន៍ចូលឆែកឆេរក្នុងផ្ទះសំណាក់ ក៏ឃើញប្រពន្ធនិងប្រុសសហាយ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីនិងប្រុសសហាយនេះបានទាក់ទងគ្នាតាំងពីនៅស្រុកកំណើត (ភូមិសួង) មកម៉្លេះ ។ ទាក់ទិនប្រុសសហាយនេះ តាមប្រភពព័ត៌មានថា ជាអ្នករកស៊ីដឹកឈើគ្រញូងទៅលក់នៅសួងទើបបានជួបទាក់ទងគ្នានេះ តែប្តីចាប់ភស្តុតាងមិនបានសោះ ។
មុននេះបុរសជាប្តីនិយាយនៅមុខសមត្ថកិច្ចថា លោកបានសម្រេចចិត្តប្តឹងលែងលះហើយ ព្រោះមិនអាចធ្វើជា «អាវែក» បានតទៅទៀតទេ និងប្តឹងចោទប្រកាន់ពីអំពើផិតក្បត់តាមច្បាប់ឯកពន្ធភាព ៕

ចែករំលែកព័តមាននេះ