តម្រួតថៃចាប់ជនជាតិឥណ្ឌា៦នាក់ដែលចូលទឹកដីថៃក្នុងនាមជាអ្នកទេសចរដែលផុតសុពលភាពទិដ្ឋាការ។ ពួកគេបន្តស្នាក់នៅ និងចាប់អាជីពជាអ្នកលក់ការ៉េមកី។ នៅប្រទេសថៃ ជនជាតិបរទេសមិនអាចចូលទៅរកស៊ីផ្ដេសផ្ដាសបានទេ។ បើជនជាតិបរទេសទៅបម្រើការងារនៅប្រទេសថៃត្រូវចំតួជាពលករចំណាកស្រុកដែលមានលិខិតស្នាមត្រឹមត្រូវ។ បើជាអ្នកវិនិយោគត្រូវចំតួជាអ្នកវិនិយោគដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ។
បញ្ហានេះមិនអាចប្រឡាំប្រកូវបានទេ។ សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិឥណ្ឌា៦នាក់ថ្មីកាលពីថ្ងៃសុក្រ។ ទិដ្ឋាការរបស់ពួកគេផុតសុពលភាពតាំងពីយូរហើយ។ ប៉ុន្តែពួកគេមិនព្រមវិលត្រឡប់ទៅស្រុកវិញទេ។ ពួកគេសុខចិត្តក្រាញនៅលើទឹកដីថៃទាំងខុសច្បាប់។ មិនតែប៉ុណ្ណោះ, ពួកគេឆ្លៀតបើកមុខរបរលក់ការ៉េមនៅខេត្តផាតថាលុង (Phatthalung)ថែមទៀត។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចថៃចូលឆែកឆេរផ្ទះជួលមួយកន្លែងនៅស្រុកតាមុត (Tamot) ដែលស្ថិតនៅចម្ងាយ៨៥០គីឡូម៉ែត្រពីទីក្រុងបាងកក។ មានរនុកក្នុងជាជនជាតិថៃលួចរាយការណ៍ប្រាប់សមត្ថកិច្ចអំពីរឿងនេះ។ នៅពេលចុះឆែកឆេរ, សមត្ថកិច្ចរកឃើញថាជនជាតិឥណ្ឌាទាំង៦នាក់ជ្រៀតចូលទៅក្នុងទឹកដីថៃដោយប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរ។
នៅក្នុងចំណោមនោះ, អ្នកខ្លះចូលក្នុងទឹកដីថៃតាំងពីឆ្នាំ២០២០។ ទោះបីហួសទិដ្ឋាការតាំងពីយូរមកហើយ, ប៉ុន្តែពួកគេសម្ងំស្នាក់នៅដោយលួចលាក់ជាបន្តទៀត។ អ្នកខ្លះចូលទឹកដីថៃកាលពីឆ្នាំ២០២២។ បានសេចក្ដីថាពួកគេចូលទឹកដីថៃនៅក្នុងពេលវេលាខុសៗគ្នា។ ប៉ុន្តែពួកគេប្រាស្រ័យទាក់ទងគ្នា ហើយស្វះស្វែងរកជនជាតិឥណ្ឌាដូចគ្នាដើម្បីរស់នៅជុំគ្នា។

យោងតាមការស្រាវជ្រាវរបស់តម្រួតថៃ, ជនជាតិឥណ្ឌាទាំង៦នាក់ចាប់អាជីពជាអ្នកលក់ការ៉េមដាក់ធុងដឹកតាមឡាន។ ជាក់ស្ដែង, ឡានសម្រាប់ដឹកការ៉េមត្រូវសមត្ថកិច្ចប្រទះឃើញនៅក្នុងបរិវេណផ្ទះជួល។ ក្រោយការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ, តម្រួតថៃក៏នាំខ្លួនពួកគេទៅកាន់ប៉ុស្តិ៍នគរបាលប្រចាំមូលដ្ឋានដើម្បីសាកសួរបន្ថែមទៀត។
យោងតាមច្បាប់ប្រទេសថៃ, ជនជាតិឥណ្ឌាទាំង៦នាក់នេះអាចនឹងជាប់ពន្ធនាគារ២ឆ្នាំជាទោសអតិបរមា និងពិន័យជាប្រាក់២ម៉ឺនបាត ស្មើនឹង៥៨៣ដុល្លារ។ តុលាការនឹងប្រើប្រាស់មាត្រា៨១នៃច្បាប់ស្ដីពីជនអន្តោប្រវេសន៍ដើម្បីជំនុំជម្រះសំណុំរឿងនេះ។ គេសង្កេតឃើញថាប្រទេសថៃចាប់ផ្ដើមប្រើប្រាស់វិធានការក្ដៅ ដើម្បីចាត់ការទៅលើជនអន្តោប្រវេសន៍ខុសច្បាប់។

មានន័យថាអ្នកដែលចូលទឹកដីថៃដោយគ្មានលិខិតស្នាមត្រឹមត្រូវ ដូចជាអ្នកចូលទៅរកការងារធ្វើដោយប្រើប្រាស់ផ្លូវកាត់តាមរយៈមេខ្យល់ ឬអ្នកទេសចរដែលចង់បន្តស្នាក់នៅលើទឹកដីថៃក្រោយពេលទិដ្ឋាការរបស់ពួកកគេផុតសុពលភាព។ អ្នកទេសចរបរទេសជាមុខសញ្ញាដែលសមត្ថកិច្ចថៃកំពុងតាមដានយ៉ាងខ្លាំង។ មូលហេតុដោយសារវិស័យទេសចរណ៍នៅប្រទេសថៃចាប់ផ្ដើមរើបឡើងវិញ។ ដូចនេះ មនុស្សសម្រុកធ្វើដំណើរកម្សាន្តនៅប្រទេសថៃរាប់សិបលាននាក់ក្នុងមួយឆ្នាំៗ៕
ប្រភព៖ Vietnam Express, The Thaiger
https://e.vnexpress.net/news/travel/6-indian-tourists-detained-in-thailand-for-working-illegally-as-ice-cream-sellers-4607622.html
https://thethaiger.com/news/national/indian-ice-cream-vendors-caught-overstaying-visas-in-thai-rental-house-2
ចែករំលែកព័តមាននេះ