ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​ជន​ជាតិ​កូរ៉េ​​ពី​បទ​សម្លា.ប់​ជនជាតិ​ដូច​គ្នា​ និង​កាត់​ជា​កង់ៗ​

11 ខែ មុន

ប្រទេស​វៀតណាម​៖ កាល​ពី​ថ្ងៃ​សុក្រ​, តុលាការ​វៀតណាម​​​​​​​​​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​​បុរស​អ្នក​ជំនួញ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ពី​បទ​សម្លាប់​​​បុរស​​ជន​ជាតិ​កូរ៉េ​ដូច​គ្នា​​​​។ បុរស​ឃាត​ករ​នេះ​ជា​អគ្គ​នាយក​ក្រុមហ៊ុន​​​គ្រីអេតា វៀតណាម ខំ​ផេនី​ ​(Creata Vietnam Company)​។ មូល​ហេតុ​​​នៃ​​ការ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​​នេះ​​កើត​ចេញ​ពី​​​បញ្ហា​លុយ​កាក់​។…

ប្រទេស​វៀតណាម​៖ កាល​ពី​ថ្ងៃ​សុក្រ​, តុលាការ​វៀតណាម​​​​​​​​​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​​​បុរស​អ្នក​ជំនួញ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ពី​បទ​សម្លាប់​​​បុរស​​ជន​ជាតិ​កូរ៉េ​ដូច​គ្នា​​​​។ បុរស​ឃាត​ករ​នេះ​ជា​អគ្គ​នាយក​ក្រុមហ៊ុន​​​គ្រីអេតា វៀតណាម ខំ​ផេនី​ ​(Creata Vietnam Company)​។ មូល​ហេតុ​​​នៃ​​ការ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​​នេះ​​កើត​ចេញ​ពី​​​បញ្ហា​លុយ​កាក់​។

ម៉្លោះ​ហើយ​ គាត់​រៀប​​ចំ​គម្រោង​ប្លន់​យក​ទ្រព្យ​សម្បត្តិ និង​សម្លាប់​បំបាត់​ដាន​។ ជន​ដៃ​ដល់​អះ​អាង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​​​។ ​ក្រោយ​ពេល​សម្លាប់​រួច​, ជន​ដៃ​ដល់​បាន​​កាត់​សាក​សព​ជន​រង​គ្រោះ​ជា​កំណាត់​ៗ​ថែម​ទៀត​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​​​វៀតណាម​អ៊ិចប្រែស​ (Vietnam Express)។​

ជន​សង្ស័យ​ឈ្មោះ ជុងអ៊ីនឈូល​ (Jeong In Cheol)

​​បុរស​ជា​​ជន​ដៃ​ដល់​​​អាយុ​៣៨​ឆ្នាំ​ ​ឈ្មោះ​​​ជុងអ៊ីនឈូល​ (Jeong In Cheol) រួម​ជា​មួយ​​​គ្រួសារ​​​​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​វៀត​ណាម​កាល​ពី​ឆ្នាំ​២០១០​។ ​​នៅ​ឆ្នាំ​២០១៨, ​គាត់​រួម​ជា​មួយ​ភរិយា​ បាន​​បើក​ក្រុម​ហ៊ុន​នៅ​ទី​​ក្រុង​ហូ​ជី​មិញ​​​។​ ​​ខែ​មីនា ឆ្នាំ​២០១៩, គាត់​​ស្គាល់​គ្នា​ជា​មួយ​​បុរស​ជន​រង​គ្រោះ​ឈ្មោះ​ហាន​យ៉ុងដុក​ (Han Young Duk) អាយុ​៣៣​ឆ្នាំ​។ ស្គាល់​គ្នា​​ពេល​នោះ​គឺ​ស្គាល់​ដោយ​ចៃដន្យ​ នៅ​ពេល​អ្នក​ទាំង​២​​ញ៉ាំ​អាហារ​នៅ​​ភោជនីយដ្ឋាន​នៃ​សង្កាត់​១​កន្លែង​​​​ដែល​សម្បូរ​ជនជាតិ​កូរ៉េខាង​ត្បូង​​រស់​នៅ​។​

រាប់​អាន​គ្នា​យូរ​ៗ​ទៅ​កាន់​តែ​ស្គាល់​គ្នា​ជិត​ស្និទ្ធ​។ ​ពួក​គេ​​​​ក៏​បបួល​គ្នា​​រក​ស៊ី​ចូល​ហ៊ុន​​។ ​​​ម្នាក់​ៗ​​ដាក់​លុយ​១ពាន់ ៨​រយ​លាន​ដុង​ ឬ​ស្មើ​នឹង​ជាង​៧​ម៉ឺន ៦​ពាន់​​ដុល្លារ​ ដើម្បី​វិនិយោគ​ទៅ​លើ​គម្រោង​​១​​​ ដែល​គ្រប់​គ្រង​ដោយ​មិត្ត​ភក្តិ​​​របស់​​​ជន​ដៃ​ដល់​​ឈ្មោះ​​ជុង​អ៊ីនឈូល​។ ​​​ថ្ងៃ​​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​​​​ខ្ចី​លុយ​ពី​​​ជន​ដៃ​ដល់​​​២ពាន់ ៧​រយ​លាន​ដុង​ ឬ​​​ជាង​១​សែន​ ១​ម៉ឺន​ដុល្លារ​ដោយ​គិត​ការ​ប្រាក់​៣០%​។​​​ គាត់​សន្យា​ថា​ខ្ចី​​​​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​​​ដើម្បី​​​​​បង្វិល​លុយ​​ឱ្យ​គេ​​។​ រួច​ហើយ គាត់​​​នឹង​សង​ត្រឡប់​​មក​​វិញ​។

សមត្ថ​កិច្ច​វៀតណាម​កំពុង​សាក​សួរ​ជន​សង្ស័យ​ឈ្មោះ​ជុងអ៊ីនឈូល​ (Jeong In Cheol) (សមត្ថ​កិច្ច​ពាក់​អាវ​ពណ៌​អាច​ម៍​​សេះ, ជន​សង្ស័យ​ពាក់​អាវ​ពណ៌​ខ្មៅ មាន​អុជ​ពណ៌​ស​​)

ប៉ុន្តែ​​ចាំ​បាត់​ ចាំ​បាត់​។ មិន​ឃើញ​​ជន​រង​គ្រោះ​​​​យក​លុយ​ទៅ​សង​។ ​​ដល់​ពេល​ទារ​ចុះ​ទារ​ឡើង​, ជន​រង​គ្រោះ​​ក៏​ប្រើ​សម្ដី​ខ្លាំង​​​​​ ​និងទារ​​ត្រឡប់​មក​វិញ​នូវ​លុយ​១ពាន់ ៨​រយ​លាន​ដុង​ដែល​ចូល​ហ៊ុន​ជា​មួយ​គ្នា ​ហើយ​រក​ស៊ី​ខាត​​។​ ​ជន​ដៃ​ដល់រង​សម្ពាធ​ផ្នែក​ហិរញ្ញ​វត្ថុ​ខ្លាំង​ដោយ​​សារ​​មុខ​របរ​រក​ស៊ីខាត​​ និង​​លុយ​ដែល​ឱ្យ​ជន​រង​គ្រោះ​ខ្ចី​នោះ​ជា​លុយ​​ដែល​គាត់​ខ្ចី​ពី​បង​ថ្លៃ​ និង​មិត្ត​ភក្តិ​។​

​ជន​ដៃ​​ដល់​ក៏​បែក​គំនិត​​ចង់​ប្រើ​ធម៌​ក្ដៅ​ដាក់​ជន​រង​គ្រោះ​​។​ ​​គាត់​​​​ទៅ​ផ្សារ​ទិញ​​​ប្រដាប់​ប្រដា​​១​កំផ្លេ​។ មាន​តាំង​ពី​រណា​សម្រាប់​អារ​សាច់​មនុស្ស​, ដង្កាប់​, កន្ត្រៃ​, ថង់​ផ្លា​ស្ទិច និង​ស្រោម​ដៃ​។ គាត់​រៀប​គម្រោង​​​​​បញ្ឆោត​​ឱ្យ​ជន​រង​គ្រោះ​​ដើរ​ចូល​ក្នុង​អន្ទាក់​​​ ​និង​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​។​​ ​គាត់​​​ទិញ​​​ថ្នាំ​ងុយ​គេង​ដប់​គ្រាប់​​​កិន​ឱ្យ​ម៉ដ្ឋ​​ដើម្បី​រង់​ចាំ​ពេល​វេលា​ល្អ​មក​ដល់​​​។

ទណ្ឌិត​ឈ្មោះ​ជុងអ៊ីនឈូល​ (Jeong In Cheol) ​កំពុង​ស្ដាប់​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​

​សូម​ជម្រាប​ថា​​​​​​កន្លែង​កើត​ហេតុ​​​ជា​ផ្ទះ​កម្ពស់​៤​ជាន់​ដែល​ជន​ដៃ​ដល់​​​ជួល​កាល​ពី​ប៉ុន្មាន​ខែ​មុន​​ដើម្បី​​​​ធ្វើ​ជា​ទី​ស្នាក់​ការ​​​ក្រុម​ហ៊ុន​​​​​​។ ជួល​សុខ​ៗ​, គាត់​សម្រេច​ចិត្ត​​ឈប់​ជួល​វិញ​​​ត្រឹម​​​ថ្ងៃ​​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ជា​ថ្ងៃ​ដែល​គាត់​​​សម្លាប់​ជន​រង​គ្រោះ​​​។ នៅ​​ល្ងាច​​​នោះ, គាត់​​បើក​ឡាន​ដឹក​ជន​រង​គ្រោះ​​​ទៅ​ក្រុម​ហ៊ុន​​​ដើម្បី​និយាយ​គ្នា​ពី​រឿង​ជំពាក់​លុយ​។ ​ដោយ​សារ​គ្មាន​លុយ​សង​, ជន​រង​គ្រោះ​​សូម​សង​ជា​ខ្សែ​ដៃ​​​​​​​​​​តម្លៃ​ជិត​១​សែន​ដុល្លារ​។ ​​ជន​ដៃ​ដល់​​​មិន​ព្រម​ទទួល​, ដោយ​យក​លេស​ថា​​​គ្មាន​​លិខិត​​ស្នាម​ត្រឹម​ត្រូវ​​​​។​ ​​

នេះ​ជា​ផ្ទះ​កើត​ហេតុ​ (កន្លែង​បើក​ភ្លើង​ភ្លឺ​ជាង​គេ​ និង​មាន​ចត​ម៉ូតូ​ច្រើន​គ្រឿង​ពី​មុខ​)

ជន​ដៃ​ដល់​ក៏​សម្រេច​ចិត្ត​សម្លាប់​ជន​រង​គ្រោះ​ដោយ​​​​​ដាក់​ថ្នាំ​ងុយ​​ដេក​​ចូល​​​​ក្នុង​កែវ​​ស្រា​ និង​​ហុច​​​​​ឱ្យ​ជន​រង​គ្រោះ​​​ផឹក​។​​ បន្ទាប់​ពី​​ជន​រង​គ្រោះ​សន្លប់,​​​​​​​ ​​គាត់​​​​​​​ញាត់​ស្រោម​ដៃ​​ចូល​​​ក្នុង​មាត់​​ជន​រង​គ្រោះ​​​ដើម្បី​​ឱ្យ​ថប់​ដង្ហើម​ស្លាប់​​។​ ​រួច​​​គាត់​​​​ពុះ​ច្រៀក​សាក​សព​​​ជន​រង​គ្រោះ​ជា​កង់​ៗ​​ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ដែល​គាត់​បាន​ត្រៀម​ទុក​តាំង​ពី​មុន​នេះ​​។​ ​គាត់​ច្រក​​សាច់​ជន​រង​គ្រោះ​ដាក់​ចូល​ក្នុង​វ៉ាលី​​ខ្លះ​ និង​​ដាក់​ចូល​ទៅ​​ក្នុង​ថង់​ពណ៌​ខ្មៅ​ខ្លះ។​ ​​រួច​​គាត់​ឡើង​តាម​ជណ្ដើរ​យន្ត​​ យក​​សាច់​ទៅ​​លាក់​​ទុក​នៅ​ជាន់​ខាង​លើ​​​។

វត្ថុ​តាង​ដែល​ឃាត​ករ​បាន​ត្រៀម​មួយ​កំផ្លេ​ដើម្បី​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​។ របស់​ទាំង​នេះ​មាន​ដូច​ជា៖ រណា​មាន​២​ប្រភេទ​, ដង្កាប់​ខ្នាត​ធំ​សម្រាប់​កាច់​សោ​, វ៉ាលី និង​សាច់​ច្រើន​ថង់​។

​​​នៅ​ថ្ងៃ​បន្ទាប់​រាង​ក្បាល​ព្រលប់​បន្តិច​ទៅ​ហើយ​​, ម្ចាស់​ផ្ទះ​ជួល​​​​ធ្វើ​ដំណើរ​ទៅ​មើលផ្ទះ​របស់​គាត់​​ដើម្បី​រៀប​ចំ​សម្អាត​ដាក់​ជួល​ឱ្យ​អ្នក​ផ្សេង​​ទៀត​។​ នៅ​ក្នុង​បន្ទប់​ទឹក​, គាត់ប្រទះ​ឃើញ​វ៉ាលី​ប្រឡាក់​សុទ្ធតែ​ឈាម​។ នៅ​ក្បែរ​នោះ​មាន​រណា​ និង​ដង្កាប់​​ធំ​​។

នៅ​ពេល​គាត់​រូត​វ៉ាលី ឃើញ​​សាច់​មនុស្ស​ពេញ​មួយ​ថង់​​​​​។ បន្ទាប់​ពី​​ទទួល​របាយការណ៍​នេះ, សមត្ថកិច្ច​​ចុះ​​ស៊ើប​អង្កេត​បន្ថែម​ និង​រក​ឃើញ​សាច់​មនុស្ស​នៅ​ក្នុង​ថង់​ផ្លាស្ទិច​ចំនួន​បី​ទៀត​ដែល​ជន​សង្ស័យ​យក​ទៅ​ប្លុង​​​​ចោល​នៅ​ជាន់​ទី​បី​​។ ​​តាម​រយៈ​​​កាមេរ៉ា​សុវត្ថិភាព​របស់​អ្នក​ជិត​ខាង​​​​, ​​គេ​ឃើញ​ជន​សង្ស័យ​បើក​ឡាន​ដឹក​ជន​រង​គ្រោះ​ទៅ​ឈប់​នៅ​​ទី​ស្នាក់ការ​ក្រុម​ហ៊ុន​។ ​​ក្រោយ​មក​​, ​​ជន​សង្ស័យ​បើក​ឡាន​​តែ​ម្នាក់​ឯង​​ចេញ​ទៅ​បាត់​។​ ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ និង​រត់​គេច​ខ្លួន​បាន​២​ថ្ងៃ។​ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០២០​, គាត់​​​ត្រូវ​សមត្ថកិច្ច​​​​រក​​​ឃើញ​​​ និង​ចាប់​បាន​​​​​នៅ​​ក្នុង​ផ្ទះ​ល្វែង​ ដែល​មាន​​​ចម្ងាយ​​​​៥​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​។​​

សមត្ថកិច្ច​វៀតណាម​រូត​វ៉ាលី​ពណ៌​ក្រហម​ ឃើញ​សាច់​មនុស្ស​ត្រូវ​ឃាត​ករ​ខ្ចប់​នៅ​ក្នុង​ថង់​ផ្លាស្ទិច​ខ្មៅ​

​នៅ​ក្នុង​សវនា​ការ​, ជន​សង្ស័យ​​​ប្រាប់​ថា​គាត់​​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​​​ទ្រព្យ​សម្បត្តិ​​យក​ទៅ​ដោះ​បំណុល​គេ​។ គាត់​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​​​។ គាត់​សោក​ស្ដាយ​​​ មិន​គួរ​ធ្វើ​អំពើ​ឃោរ​ឃៅ​​ដាក់​ជន​រង​គ្រោះ​ដល់​​ថ្នាក់​នេះ​ទេ​។​​ គាត់​ស្នើ​សុំ​ឱ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស​​​។ ប៉ុន្តែ​​តុលាការ​វៀតណាម​​មិន​អាច​អនុគ្រោះ​ទោស​ឱ្យ​គាត់​ជា​ដាច់​ខាត​​​។ តុលាការ​យល់​ថា​អំពើ​ឧក្រិដ្ឋ​របស់​គាត់​​ពោរ​ពេញ​​ដោយ​គ្រោះ​ថ្នាក់​ ​និង​មាន​ស្ថាន​ទម្ងន់​ទោស​​។ ទី​១​ គាត់​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ ដែល​ត្រូវ​​ផ្ដន្ទា​ទោស​ប្រ​ហារ​ជីវិត​​​។ ទី២ គាត់​ប្រព្រឹត្ត​អំពើ​ប្លន់​គិត​ទុក​ជា​មុន​ ដែល​ត្រូវ​ផ្ដន្ទា​ទោស​ជាប់​ពន្ធ​នា​គារ​​៨​ឆ្នាំ​។​ ដូច្នេះ ​គាត់​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត៕​​​

ប្រភព៖
https://e.vnexpress.net/news/news/korean-sentenced-to-death-for-murdering-compatriot-and-cutting-up-body-4607383.html
https://e.vnexpress.net/news/news/south-korean-businessman-kills-compatriot-over-money-conflict-4198635.html
https://vietnamnet.vn/en/korean-man-arrested-for-alleged-murder-of-fellow-countryman-in-hcm-city-693472.html
https://kenh14.vn/giam-doc-nguoi-han-quoc-sat-hai-dong-huong-bo-xac-trong-vali-lanh-an-tu-hinh-2023051914024311.chn
https://vtv.vn/phap-luat/vu-an-giet-ban-bo-xac-trong-vali-giam-doc-nguoi-han-quoc-da-len-ke-hoach-nhu-the-nao-2020113007371738.htm