រាជធានីភ្នំពេញ ៖ សំណង់អគារដ៏ទំនើប និងធំស្កឹមស្កៃមួយនៅរាជធានីភ្នំពេញនឹងសម្ភោធជាផ្លូវការនៅសប្តាហ៍ក្រោយដែលនេះនឹងក្លាយជាសមិទ្ធផលថ្មីស្រឡាងមួយរបស់កម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីមានអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបហើយនោះក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជា ការទទួលខុសត្រូវ គឺជារឿងចាំបាច់ត្រូវពង្រឹងផងដែរ ។
![Picture]()
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគារមជ្ឈមណ្ឌលពហុឯកទេស ដែលមានតម្លៃប្រមាណជា៤០លានដុល្លារនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនឹងសម្ភោធនៅដើមសប្តាហ៍ក្រោម ហើយដើម្បីដំណើរការសម្ភោធអាជ្ញាធរប្រកាសបិទផ្លូវ ចាប់ពីរវង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍រហូតដល់៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។
នៅពេលដែលធ្វើដំណើរតាមមហាវិថីព្រះមុនីវង្សគេនឹងឃើញអគារដែលមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េមានកម្ពស់១២ជាន់ អាចផ្ទុកបានរហូតដល់ទៅ៣២៨គ្រែ ។ នេះជាសមិទ្ធផលដ៏សម្បើមមួយ ។ ក្រៅពីមានអគារដ៏ធំស្កឹមស្កៃហើយនោះ អគារនេះក៏ត្រូវបានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយ ឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផងដែរ ។
![Picture]()
តាមព័ត៌មានដែលយើងខ្ញុំទទួលបានអគារមជ្ឈមណ្ឌលពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត្រនេះនឹងធ្វើឲ្យមន្ទីរពេទ្យនេះកាន់តែពង្រឹងនូវតួនាទីឈានមុខគេបង្អស់នៅក្នុងចំណោមមន្ទីរពេទ្យ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលយើងបារម្ភនោះ គឺបញ្ហាក្រមសីលធម៌វិជ្ជាជីវៈក៏ដូចជា ការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យ ។
នៅពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាមួយចំនួនពិតជាទទួលស្គាល់នូវការរីកចម្រើនរបស់វិស័យសុខាភិបាលនៅកម្ពុជាមែនទាំងសមត្ថភាពរបស់ក្រុមវេជ្ជបណ្ឌិត និងសម្ភារៈឧបករណ៍វេជ្ជសាស្ត្រដែលបានបំពាក់នៅតាមមន្ទីរពេទ្យនានា ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបញ្ហាក្រម សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ និងភារកិច្ចនៅក្នុងនាមជាអ្នកសង្គ្រោះ គឺនៅតែមិនទាន់ទទួលបានទំនុកចិត្តបរិបូរណ៍ពីពលរដ្ឋកម្ពុជានៅឡើយទេ ។ នេះដោយសារមានគ្រូពេទ្យខិលខូចមួយចំនួនតូចដែលធ្វើអោយស្រអាប់ដល់កេរ្តិ៍ឈ្មោះរបស់គ្រូពេទ្យភាគច្រើនបំផុតដែលធ្វើការអស់កម្លាំងកាយ និងចិត្តដើម្បីព្យាបាលជំងឺ និងសង្គ្រោះជីវិតមនុស្ស ។
![Picture]()
ដោយសារតែបញ្ហានេះ នៅក្នុងមួយថ្ងៃៗមានពលរដ្ឋកម្ពុជាមិនតិចឡើយដែលបានបន្តជិះឡាន និងយន្តហោះធ្វើដំណើរទៅប្រទេសជិតខាង ដើម្បីទៅស្វែងរកសេវាសុខាភិបាលនៅទីនោះដោយតម្លៃនៃការចំណាយរាប់ម៉ឺនដុល្លារ ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យសុខាភិបាលកម្ពុជាដើរឆ្ងាយពីស្ថានភាពនិងមរតកដែលខ្មែរក្រហមបន្សល់ទុកតាំងពីឆ្នាំ១៩៧៩មក ។
សម្តេចបានបន្តថា កម្ពុជាបានវិនិយោគច្រើននៅលើវិស័យសុខាភិបាល ជាពិសេស គឺសុខភាព និងសុខមាលភាពរបស់ប្រជាជន ហើយកម្ពុជាក៏នឹងនៅតែបន្តវិនិយោគ និងកែលំអរវិស័យសុខាភិបាលរបស់យើងបន្តទៀត ប៉ុន្តែនៅក្នុងឱកាសនោះសម្តេចក៏មិនបានបំភ្លេចសង្កត់ធ្ងន់នៅលើបញ្ហាក្រមសីលធម៌ និងវិជ្ជាជីវរបស់ក្រុមគ្រូពេទ្យនៅក្នុងស្រុកយើងដែរ ។ សម្តេចតេជោ បានជំរុញ និងអំពាវនាវឲ្យក្រុមគ្រូពេទ្យទាំងអស់បន្តយកចិត្តទុកដាក់នៅលើការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើវិស័យសុខភាពសាធារណៈ និងសុខាភិបាលនៅក្នុងប្រទេស ។
![Picture]()
ផ្អែកទៅតាមទឡ្ហីករណ៍នេះ យើងគិតថា ដើម្បីពង្រឹង និងកសាងជំនឿទុកចិត្តលើវិស័យសុខាភិបាលនៅក្នុងប្រទេសពីពលរដ្ឋការធ្វើទំនើបកម្មតាមរយៈការកសាងអគារក៏ដូចជា ការបំពាក់ឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រទំនើបៗ និងថ្មីៗ គឺចាំបាច់ត្រូវតែបន្តបន្ថែមទៀត ប៉ុន្តែដាច់ខាត គឺត្រូវតែដើរស្របគ្នានឹងការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌ ។ ការធ្វើទំនើបកម្មរបស់ស្ថាប័នវេជ្ជសាស្ត្រនីមួយៗត្រូវតែធ្វើដោយជៀសមិនរួច តែក៏ត្រូវតែធ្វើទន្ទឹមគ្នានឹងការកែលំអរ និងពង្រឹកការអនុវត្តនូវក្រមសីលធម៌វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ ៕ ដោយៈ ហេង បញ្ញា
ចែករំលែកព័តមាននេះ