ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ឯកោលោក​យាយ​​មាន​តែ​ម្រាម​ដៃ​១០សុំ​អ្នកចិត្ត​បុណ្យ​​ជួយ​ផង

12 ឆ្នាំ មុន

ខេត្តស្វាយ​រៀង​ ៖ ​ក្នុង​សភាព​​​​ស្គម​​​ស្លេក​ស្លាំង​ដៃ​ជើង​​ញ័រ​ទទ្រើត​​ដោយ​សារ​ជំងឺ​​និង​វ័យ​ចាស់​ជរា​ លោក​យាយ​តូច សុន អាយុ​៧៦​ឆ្នាំ​ អង្គុយ​​​នៅ​ក្នុង​​កូន​ខ្ទម​​ដ៏​ទ្រុឌ​ទ្រោម​ ប្រុងតែ​នឹង​បាក់​​​​របស់​គាត់​ បាន​​លើក​ម្រាម​ដៃ​​ដប់​ប្រណម​ទាំងទឹក​ភ្នែក​រលីង​រលោង​ស្វែង​រក​​សប្បុរសជន​​ដែល​មាន​​ចិត្ត​​មេត្តា​​​ជួយ​សង្គ្រោះ​ជីវិត​​​ដ៏​លំបាក​វេទនា​​​របស់​គាត់​​ដែល​រស់​នៅ​​ឯកោ​​គ្មាន​កូន​ចៅ​ចិញ្ចឹម​​មើល​ថែ​ ហើយ​មាន​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ​​​ទៀត​ផង

ខេត្តស្វាយ​រៀង​ ៖ ​ក្នុង​សភាព​​​​ស្គម​​​ស្លេក​ស្លាំង​ដៃ​ជើង​​ញ័រ​ទទ្រើត​​ដោយ​សារ​ជំងឺ​​និង​វ័យ​ចាស់​ជរា​ លោក​យាយ​តូច សុន អាយុ​៧៦​ឆ្នាំ​ អង្គុយ​​​នៅ​ក្នុង​​កូន​ខ្ទម​​ដ៏​ទ្រុឌ​ទ្រោម​ ប្រុងតែ​នឹង​បាក់​​​​របស់​គាត់​ បាន​​លើក​ម្រាម​ដៃ​​ដប់​ប្រណម​ទាំងទឹក​ភ្នែក​រលីង​រលោង​ស្វែង​រក​​សប្បុរសជន​​ដែល​មាន​​ចិត្ត​​មេត្តា​​​ជួយ​សង្គ្រោះ​ជីវិត​​​ដ៏​លំបាក​វេទនា​​​របស់​គាត់​​ដែល​រស់​នៅ​​ឯកោ​​គ្មាន​កូន​ចៅ​ចិញ្ចឹម​​មើល​ថែ​ ហើយ​មាន​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ​​​ទៀត​ផង ។ លោក​យាយ​តូច សុន កំពុង​រស់​នៅ​ក្នុង​កូន​ខ្ទម​ធ្វើពីស្លឹក​ត្នោត​ និងឫស្សី​របស់​គាត់​​នៅ​ក្នុង​​​​ភូមិ​ថ្នា ឃុំ​គោកព្រីង ស្រុក​ស្វាយ​ជ្រំ ក្នុង​ជីវភាពក្រីក្រ​​ តោកយ៉ាក​ គឺរស់​​ដោយ​​សារ​គេ​ឱ្យ​​​គាត់​ម្នាក់​បន្តិចៗ​ បើគេភ្លេច​ឱ្យ​គឺ​អត់​អ្វី​​ហូប​តែម្តង ព្រោះ​លោក​​​យាយ​មាន​ជំងឺក្នុង​ខ្លួន​​៣ឆ្នាំ​មក​ហើយ​មិន​អាច​ចេញ​​ទៅ​រក​​អ្វី​បាន​ដោយ​ខ្លួន​ឯង​​នោះទេ ។

ជួប​ជាមួយ​ភ្នាក់​ងារ​​កោះ​សន្តិភាព ​​លោក​​យាយ​​បាន​រៀប​រាប់​​អំពី​ខ្សែជីវិត​ដ៏កម្សត់របស់​គាត់​​ទាំង​សំឡេង​​ខ្សាវៗ​​មាត់​ញ័រ​ទទ្រើត​ និង​ទឹក​ភ្នែក​​​រលីងរលោង​ថា ឪពុក​ម្តាយ​​បងប្អូន​សាច់​ញាតិ​របស់​លោក​យាយ​​ត្រូវ​ពួកប៉ុល ពត សម្លាប់​​​​​អស់​ទៅ​ហើយ​នៅ​សល់​​តែលោកយាយ​​ម្នាក់​ប៉ុណ្ណោះ​ ។ ក្រោយ​សម័យ​ប៉ុល ពត លោក​យាយ​​មាន​ប្តី​ឈ្មោះ​អ៊ំ រស់នៅជាមួយ​គ្នា​ក្នុង​ភូមិ​​ក្តុម្ពី ឃុំ​គោក​ព្រីង តែគ្មាន​​កូន​ចៅ​ទេ​​ហើយ​មក​ដល់​ឆ្នាំ​១៩៩៦ ប្តី​​លោក​យាយ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ ធ្វើ​ឱ្យ​លោកយាយ​ត្រូវ​លក់​ស្រែ​និង​ទ្រព្យ​​របស់ទាំង​អស់​ដែល​មាន​​ដើម្បី​ព្យាបាល​ប្តី​​​ប៉ុន្តែ​នៅ​តែ​មិន​ជា​ ហើយ​ស្លាប់​នៅ​ចុង​ឆ្នាំ​នោះ​ ។ ក្រោយ​​ពី​ប្តីស្លាប់​​ទៅ​​ក្នុង​វ័យ​​​ជាង​៦០ឆ្នាំ ដែល​ក្នុង​ខ្លួន​គ្មាន​អ្វី​សោះ​​ លោក​យាយ​​​បាន​ត្រឡប់​​មក​ភូមិ​កំណើត​វិញ ហើយ​សុំ​ដីអ្នក​ស្រុក​​សង់​កូន​ខ្ទម​​មួយ​នៅ​​ជាប់​ផ្ទះ​​ម្ចាស់​​ដី​​រស់​នៅ​​ដោយ​​ប្រកប​របរ​ស៊ីឈ្នួល​​​ដក​ស្ទូង​​ និង​ច្រូត​​​ស្រូវ​ឱ្យគេ​ដើម្បី​ចិញ្ចឹម​​ជីវិត ។​

លោក​យាយ​តូច សុន ​ចាប់​ផ្តើម​រស់​នៅ​ក្នុង​ជីវិត​ឯកោ​​​នេះ​រហូត​បាន​​​រយៈពេល​១០ឆ្នាំ​ ក៏ត្រូវ​ម្ចាស់​ដី​​លែង​ឱ្យ​នៅ ព្រោះ​​គេ​សង់​​ផ្ទះ​ថ្មី​ ។ លោក​​យាយ​​បន្ត​ទៀត​ថា ដោយ​គ្មាន​​លទ្ធភាព​​​សង់​ខ្ទម​​​ថ្មីនៅ​​ លោក​យាយក៏​ទៅ​សុំ​លោកយាយ​ម្នាក់​​ទៀត​ឈ្មោះ​សុខ សាប់ ​មាន​វ័យ​ស្របាល​គ្នា​​និង​​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​នៅ​​ជាមួយ​​ ហើយ​​លោក​យាយ​​​សុខ សាប់ ក៏រស់​នៅតែម្នាក់​ឯង​​ដែរ តែ​មាន​​កូន​​ប្រុស​ម្នាក់​​ធ្វើ​ការ​នៅ​ភ្នំពេញ​ជួយ​ចិញ្ចឹម ។​ លោក​យាយ​​ទាំង​ពីរ​​នាក់​រស់​នៅ​ជាមួយ​គ្នា​មើល​ថែគ្នា​​​ទៅវិញទៅមក​បាន​២ឆ្នាំ​ ស្រាប់​តែ​កូន​ប្រុស​​លោក​​យាយ​សុខ សាប់ ឈប់​ធ្វើ​ការ​នៅ​ភ្នំពេញ​​ហើយ​ត្រឡប់​ម​ក​នៅ​ជាមួយ​ម្តាយ​វិញ ធ្វើ​ឱ្យ​​​លោក​យាយ​ត្រូវរក​កន្លែង​ថ្មី​ទៀត​ដើម្បី​​រស់​នៅ ។  ប៉ុន្តែ​​ដោយ​គ្មាន​ប្រាក់​​នៅក្នុង​ខ្លួន​ រីឯវ័យ​ក៏ជរា​ណាស់​​ទៅ​ហើយ​ លោក​យាយ​មិន​អាច​​រកទី​ជម្រក​​​បាន​​ដោយ​ខ្លួន​ឯងទេ​ ទើប​លោក​​មេភូមិ​ធ្វើ​​ការ​ប្រកាស​​តាម​មីក្រូ​អំពាវ​នាវ​​ឱ្យ​អ្នក​​ស្រុក​ជួយ​ឧបត្ថម្ភ​​បន្តិច​ម្នាក់ៗ​បាន​ប្រាក់​មក​ទិញ​​​ស្លឹក​ត្នោត​ និង​​ឫស្សី​​សង់​បាន​កូនខ្ទម​មួយ​លើ​ដី​​សហគមន៍​​ដែល​ជាដី​​សម្រាប់​​​ឱ្យជន​ក្រីក្រ​​គ្មាន​​ដីសង់​ផ្ទះ​ស្នាក់​នៅ​ជាបណ្តោះ​អាសន្ន​ ។ ​

លោក​​ចាន់ សារ៉ាន់ មេភូមិ​​ថ្នា ​បាន​និយាយ​ថា ក្រោយពី​​រស់​នៅ​ក្នុង​ខ្ទម​ថ្មីនេះបាន​​រយៈពេល​​២​ខែ​ លោក​យាយ​ក៏ធ្លាក់​​ខ្លួនឈឺ​​ហើមដៃនិងទ្រូង​ប៉ុនកូន​បាល់​​​ធ្វើ​ឱ្យ​លោក​យាយ​​​និយាយ​មិន​កើត​ដើរ​មិន​រួច​​កំរើក​មិន​បាន​​ គឺ​បាន​ត្រឹមតែដេកបង្ហូរ​ទឹក​ភ្នែក​​ស្រណោះ​​​ខ្លួន​ឯង​នៅលើ​កន្ទេល​ ប៉ុណ្ណោះ​។ ដោយ​ឃើញ​បែប​នេះ​​ រូបលោក​ក៏​ដាក់​មីក្រូ​​​ប្រកាស​សាជាថ្មី​ទៀត​​​រៃអង្គាស​​ពី​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​​ម្នាក់​បន្តិច​​​ៗ​​ទៅ​តាម​លទ្ធភាព​​យក​មក​​សង្គ្រោះ​​លោក​យាយ​​ដែល​មាន​ជំងឺ​ ។ លោក​មេភូមិ​​បាន​បញ្ជាក់​​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ថ្នា​ ភាគ​ច្រើន​​​ជាអ្នក​ក្រីក្រ​​ ប៉ុន្តែ​​​ចិត្ត​មិនក្រទេ គឺចេះ​ជួយ​គ្នា​ណាស់ គ្រាន់​តែសំឡេង​​មីក្រូ​​ប្រកាស​​ឡើង​ប្រមាណ​​ជា​កន្លះ​​ម៉ោង​ប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏​មក​​ដល់​ពេញ​ទាំង​ក្នុង​និង​ក្រៅផ្ទះ​ជុំ​វិញ​ខ្ទម​លោក​យាយ​​ ខ្លះ​​ឱ្យ​​អង្ករ​ ខ្លះ​​ឱ្យទឹក​ត្រី​ អំបិល និង​ខ្លះ​​ឱ្យ​ប្រាក់​​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​ ហើយ​គ្រូខ្មែរ​​បុរាណ​​ក៏​ត្រូវ​បាន​អញ្ជើញ​​​មក​មើល​​ជំងឺ​​​​​ភ្លាមដែរ។​

លោក​មុំ សាត អនុប្រធាន​ភូមិ​ថ្នា​ បាន​​​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​​ដែល​លោក​យាយ​​តូច សុន ឈឺ​មក​ រូប​គាត់​និង​​ចៅ​បាន​​មក​ចង​មុង​ដេក​យាម​​នៅ​ខាង​​មុខ​ខ្ទម​លោក​​យាយ​ជា​រៀងរាល់​​យប់ ព្រោះ​ខ្លាច​លោក​យាយ​​មិន​ស្រួល​ខ្លួន​ឬធ្វើ​​ទុក្ខ​ពេល​​យប់​ ហើយ​ព្រឹក​​ឡើង​មុន​ទៅផ្ទះ​​វិញ​រូប​​គាត់​​តែងតែ​រែក​ទឹក​ពី​ផ្ទះអ្នក​ស្រុក​២-៣​អម្រែក​ទុក​ឱ្យ​ជា​រៀងរាល់​​ព្រឹក​ ។  រីឯអ្នក​ស្រុក​​ដទៃទៀត​​ក៏​បាន​មក​អើត​មើល​និងយក​​អាហារ​មក​ឱ្យ ​បន្ត​បន្ទាប់​​គ្នា​ ​ហាក់​ដូចជា​​វេន​អ្នកណា​មក​មុន​ជួយ​ងូតទឹក​​ឱ្យ​អ្នក​ណាមក​ក្រោយ​ជួយ​បញ្ចុក​​អាហារ និង​​និយាយ​​លួង​លោម​​ឱ្យ​កម្លាំង​ចិត្ត​ ដែល​សកម្ម​ភាព​ទាំង​នេះ​អ្នក​ភូមិ​បាន​​បន្តធ្វើ​រហូត​ជិត​១​ខែ​ទាល់តែ​​លោក​យាយ​​អាច​ដើរងូត​ទឹក​ និងហូប​អាហារ​បាន​ដោយ​ខ្លួន​ឯង ។ក្រោយ​ពី​លោក​យាយ​​បាន​ធូរ​ស្រាល​​ពីជំងឺ​​បន្តិច​ ប្រជា​ពលរដ្ឋ​​ទាំងនោះ​​ក៏​មិន​សូវ​បាន​ទៅអើត​មើល​​លោក​យាយ​​ញឹក​ញាប់​ទៀត​ដែរ  ឯចំណី​អាហារ​ក៏​មិន​សូវ​មាន​ហូប​គ្រប់​គ្រាន់​​ ជួន​បាន​ឆ្អែត​ជួន​ក៏​មិន​ឆ្អែត​ ហើយ​រូប​​ភាព​បែបនេះ​​បាន​បន្ត​រហូត​មក​​ដល់​សព្វ​ថ្ងៃ​​នេះ គឺ​រយៈពេល​​៣ឆ្នាំមក​ហើយ ។ ​ចំណែក​ជំងឺ​លោក​យាយ​​ក៏​នៅ​បន្ត​ធ្វើទុក្ខ​រុកកួន​​រាង​កាយ​លោក​យាយ​​៣ឆ្នាំ​ហើយ​ដែរ ដោយ​ម្តងចុកពោះ​ ម្តង​ហើម​ក្រលៀន​​ ម្តង​ចុកទ្រូង​ ម្តង​ឈឺសន្លាក់​​ដៃជើង ប៉ុន្តែ​លោក​យាយ​មិន​ដែល​ធ្លាប់​ទៅពេទ្យ​ឱ្យគ្រូពេទ្យ​​ពិនិត្យ​ព្យាបាល​​ម្តងណា​ទេ ៣ឆ្នាំ​មក​នេះ ព្រោះគ្មាន​ប្រាក់​បាន​ត្រឹម​តែ​​ដេក​ចាំតាម​យថាកម្ម​​ថ្ងៃណា​គឺ​ថ្ងៃនោះទៅ ។

លោក​​មេភូមិ​​​ក៏ដូចជាអនុ​ប្រធាន​ភូមិ​ និង​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ថ្នា ឃុំគោកព្រីងទាំងអស់​សូម​​អំពាវ​នាវ​​​​​ដល់​សប្បុរសជន​​ទាំងអស់​​មេត្តា​​ជួយ​សង្គ្រោះ​​ជីវិត​លោក​យាយ​​ទុរគត​ម្នាក់​នេះ​ផង​ ព្រោះ​​ពេល​​នេះ​​លោក​យាយ​​កំពុង​ត្រូវ​ការ​ថ្នាំ​សង្កូវ​​ និង​ការ​ព្យា​បាល​​​ដ៏ត្រឹម​ត្រូវ​​ពី​គ្រូពេទ្យ​​ ​ជាពិសេស​​​គឺ​អាហារ​បរិភោគ​តែ​លោក​យាយ​គ្មាន​​លទ្ធភាព​អាច​រក​បាន​ទេ ៕