ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនយូរ​ទេ កម្ពុជា​នឹង​ឈាន​ដល់​ការ​មាន​ព្រះ​រាជ្យ​ក្រិ​ត្យ​ស្តី​ពី​គោរមងារ​ឧកញ៉ា ។ ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដី​ពី គោរមងារ​ឧកញ៉ា​នេះ…

រាជធានី​ភ្នំពេញ ៖ មិនយូរ​ទេ កម្ពុជា​នឹង​ឈាន​ដល់​ការ​មាន​ព្រះ​រាជ្យ​ក្រិ​ត្យ​ស្តី​ពី​គោរមងារ​ឧកញ៉ា ។ ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដី​ពី គោរមងារ​ឧកញ៉ា​នេះ កាលពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០២៣ ។

សម្តេច​ក្រឡាហោម ស ខេ​ង បានឱ្យ​ដឹង​ថា ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​អំពី​គោលការណ៍​លក្ខខណ្ឌ​បែបបទ និង​នីតិវិធី​ក្នុង​ការ​ផ្ដល់​គោរមងារ​ឧកញ៉ា ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​រូបវន្តបុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ មានគុណ​បំណាច់​ផ្ទាល់ខ្លួន​ចូលរួម​អភិវឌ្ឍន៍ និង​កសាង ជាតិ​មាតុភូមិ ។

ព្រះរាជក្រឹត្យ​នេះ​ក៏​បាន​កំណត់​អំពី​ការ​គ្រប់គ្រង និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ដើម្បី​ធានា​បាន​នូវ​សេចក្ដី​ថ្លៃថ្នូរ​ទំនៀមទំលាប់​ប្រពៃណី​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ហើយ​ព្រះ​ក្រឹត្យ​នេះ​ក៏​បាន​កំណត់​គោរមងារ ឧកញ៉ា​ជា​៣​លំដាប់​ដែរ គឺ​លំដាប់​ទី​១-​លោកអ្នកឧកញ៉ា លំដាប់​ទី​២-​អ្នកឧកញ៉ា និង​លំដាប់​ទី​៣-​ឧកញ៉ា​។

ព្រះរាជក្រឹត្យ​ស្ដី​ពី​គោរមងារ​ឧកញ៉ា ត្រូវ​មើលឃើញ​ថា បាន​កសាង​ឡើង​ក្រោយ​ពី​កម្ពុជា​មាន​ចំនួន​ឧកញ៉ា​ច្រើន​ឡើង ។ លើស​ពី​នេះ​កន្លង​មក​មានការ​សង្កេត​ឃើញ​ថា មាន​ឧកញ៉ា​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព ឬ​ប្រកប​មុខរបរ​នៅ​ក្នុង​សង្គម​មិន​គប្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោរមងារ និង​តួនាទី​ឧកញ៉ា​នៅ​ក្នុង​សង្គម ។

កន្លង​មក​មាន​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ​ដូច​ជា ប្រើ​អាវុធ​បា​.​ញ់​បោះ ប្រើ​អំពើ​ហិ​.​ង្សា គំរាម​កំ​ហែ​.​ង​អ្នក​ដទៃ លួច​កាប់​ឈើ ជួញដូរ​គ្រឿង​ញៀ​.​ន ឆ​.​ក់​យក​ដី​ប្រជាពលរដ្ឋ​ជាដើម ។ អំពើ​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឧកញ៉ា​ដែល​ជា​អ្នក​ប្រព្រឹត្ត​ខូច​កេរ្តិ៍ឈ្មោះ​នោះ​ទេ តែ​នៅ​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ឧកញ៉ា​ទូទៅ​ថែម​ទៀត ពោល គឺ​អំពើ​ទាំងនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់​សុទិដ្ឋិនិយម​ចំពោះ​គោរមងារ​ឧកញ៉ា​តែ​ម្តង ។

គិត​ត្រឹម​ឆ្នាំ​២០២០ នៅ​កម្ពុជា​មាន​ឧកញ៉ា​យ៉ាងតិច​ចំនួន​១០៧០​នាក់​។ សមាគម​ឧកញ៉ា​កម្ពុជា (​ស​.​ឧ​.​ក​) បាន​បង្កើត​ឡើងជា​ផ្លូវការ កាល​ចុងខែ​តុលា ឆ្នាំ​២០២២ ។

សមាគម​ឧកញ៉ា​កម្ពុជា​មាន​ទស្សនៈវិស័យ​រក្សា និង​លើកកម្ពស់​ឧត្តមភាព​នៃ​គោរមងារ​ឧកញ៉ា ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។ ចំណែក​បេសកកម្ម​សមាគម​ឧកញ៉ា​កម្ពុជា គឺ​តំណាង​ឱ្យ​សំឡេង​រួម សកម្មភាព​មនុស្សធម៌​រួម និង​ការ​រក្សា​ការពារ​ឧត្តមភាព​នៃ​គោរមងារ​ឧកញ៉ា ។ រួម​គ្នា​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា ដើម្បី​បង្កើន​កិត្យានុភាព ឧត្តមភាព និង​គុណធម៌​របស់​ឧកញ៉ា​ឱ្យ​កាន់តែ​ខ្ពង់ខ្ពស់​ថែម​ទៀត​លើកកម្ពស់​ការ​គោរព​ច្បាប់ និង​លិខិត បទដ្ឋាន​គតិ​យុ​ត្ត​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្កើត​វេទិកា សិក្ខាសាលា និង​កម្មវិធី​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូរ​នៅ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​រ​វិនិយោគ​នៅ​ក្នុង​កម្ពុជា​ជាដើម ។

សូម​ជម្រាប​ថា ដើម្បី​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ផ្អែក​លើ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ចុះ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ តម្រូវ​ឲ្យ​បុគ្គល​ម្នាក់​បរិច្ចាគ​ថវិកា​យ៉ាងតិច​៥​សែន​ដុល្លារ​ចូល​រដ្ឋ ដើម្បី​បាន​ឡើងជា​ឧកញ៉ា ។ ចំណែក​អនុ​ក្រិ​ត្យ​ដែល​ចេញ កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​១៩៩៤ បុគ្គល​ម្នាក់​គ្រាន់តែ​បរិច្ចាគ​ថវិកា​១​សែន​ដុល្លារ​ចូល​ទៅ​រដ្ឋ បុគ្គល​នោះ​នឹង​ទទួល​បាន​គោរមងារ​ឧកញ៉ា​។ សង្ឃឹមថា ព្រះរាជ​ក្រិ​ត្យ​នេះ​នឹង​មិនធ្វើ​អោយ​មាន​ឧកញ៉ា​ខិលខូច​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ