ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ទម្លុះទម្លាយ​ទ្វារ​កញ្ចក់​បន្ទប់​រោងចក្រ រួច​គាស់​ទូដែក​យក​អស់​រាប់​ម៉ឺន​ដុល្លារ

11 ខែ មុន
  • តាកែវ

មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​បាន​ពាក់​ម៉ាស់ និង​ពាក់​ស្រោមដៃ ចូល​ទៅ​គាស់​ទម្លុះទម្លាយ​ទ្វារ​កញ្ចក់​បន្ទប់​ទី​៣ ផ្នែក​គណនេយ្យ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់​បាន​ពាក់​ម៉ាស់ និង​ពាក់​ស្រោមដៃ ចូល​ទៅ​គាស់​ទម្លុះទម្លាយ​ទ្វារ​កញ្ចក់​បន្ទប់​ទី​៣ ផ្នែក​គណនេយ្យ បន្ទាប់​មក​ក្រុម​ចោរ​នោះ​ក៏​បន្ត​ចូល​ទៅ​ក្នុង​បន្ទប់ រួច​ធ្វើ​សកម្មភាព​គាស់​ទូដែក​ចំនួន​៥​ទៀត យក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ កាលពី​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច រោងចក្រ «​ប្រាយ​ផាស​ស៊ី​ង​ឯក​» ហៅ​រោងចក្រ​លាយ​បូរ ស្ថិត​ក្នុងភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឌិ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​លួច​គាស់​ទម្លុះទម្លាយ​គាស់​ទូដែក​ក្នុង​រោងចក្រ «​ប្រាយ​ផាក​ស៊ី​ង​ឯក​» ហៅ​រោងចក្រ​លាយ​បូរ កាលពី​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ចំណុច​ក្នុង​បន្ទប់​​លេខ​៣ ផ្នែក​គណនេយ្យ​រោងចក្រ «​ប្រាយ​ផាស​ស៊ី​ង​ឯក​» ស្ថិត​ក្នុងភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ពិតមែន​។

លោក​អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​បន្ត​ថា ករណី​លួច​គាស់​ទម្លុះទម្លាយ​ទូដែក​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន​៤​នាក់​ពាក់​ម៉ាស់ និង​ពាក់​ស្រោមដៃ ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វារ​កញ្ចក់​បន្ទប់​ទី​៣ ផ្នែក​គណនេយ្យ​រោងចក្រ «​ប្រាយ​ផាស​ស៊ី​ង​ឯក​» ឬ​ហៅ​ថា រោងចក្រ​លាយ​បូរ​។ បន្ទាប់​មក​ក្រុម​ចោរ​ទាំងនោះ ក៏​បន្ត​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​ធ្វើ​សកម្មភាព​គាស់​ទូដែក​ចំនួន​៥​ទៀត (​ក្នុង​នោះ​ទូ​ធំ​ចំនួន​៤ និង​ទូ​តូច​១)​។

លោក​អធិការ​នគរបាល​ស្រុក បន្ត​ទៀត​ថា ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ក្រុម​ចោរ​យក​បាន​នោះ រួម​មាន ៖ ប្រាក់​ដុល្លារ​ចំនួន​៣៥,៣១០​ដុល្លារ​, ប្រាក់​រៀល​ចំនួន​៤៨​លាន​៦៩​ម៉ឺន​រៀល និង​គាស់​កម្ទេច​ទូដែក​ខូចខាត​ស្ទើរ​ទាំងស្រុង​អស់​ចំនួន​៥​ទូ​តែ​ម្តង​។ ហើយ​នៅ​ពេល​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្ដឹង​របស់​ឈ្មោះ វ៉ា​ត ពុទ្ធ​ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ដែល​ជា​តំណាង​ឲ្យ​ម្ចាស់​រោងចក្រ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​។ ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​ល្ងាច សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ដុំ ប្រុស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដក​វ៉ា​ន ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​ជា​សន្តិសុខ​រោងចក្រ​។

លោក​ឧត្តមសេនីយ៍ ហ៊ឹ​ន សុ​ខេន ស្នងការ​រង​ទទួល​ផែន​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ជនសង្ស័យ​យាម​នៅ​ខាងក្រោយ ហើយ​រោងចក្រ​កំណត់​ឱ្យ​សន្តិសុខ​ដែល​យាម​នោះ​មក​ស្កេ​ន​មេដៃ​១​ម៉ោង​ម្តង​។ ប៉ុន្តែ​ដល់​ម៉ោង​៤ ជនសង្ស័យ​ត្រូវ​ឡើង​មក​ស្កេ​ក​មេដៃ​ម្តងទៀត តែ​មិនឃើញ​ជនសង្ស័យ​មក​នោះ​ទេ លុះ​ពេល​អោយ​មនុស្ស​មក​មើល ក៏​មិនឃើញ​ជនសង្ស័យ​នៅ​កន្លែង​ទៀត អ​ញ្ចឹ​ង​ហើយ​ទើប​សមត្ថកិច្ច ក៏​ដូច​ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដាក់​ការ​សង្ស័យ​ទៅ​លើ​ជនសង្ស័យ បើ​ទោះបីជា​ជនសង្ស័យ​មិន​ព្រម​សារភាព​ក៏​ដោយ​។

ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក៏​បាន​កសាង​សំណុំ​រឿ​ន​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ ទៅ​កាន់​សាលាដំបូង​ហើយ​ដែរ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​នោះ កម្លាំង​ជំនាញ​នឹង​បន្ត​តាម​ស្រាវជ្រាវ ហើយ​ចាប់ខ្លួន​អោយ​ទាល់តែ​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ