ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាប្រិយភាព​លុយ​រៀល​ដែល​ជា​រូបិយ​វត្ថុ​ជាតិ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ដុល្លារ​នី​យ​កម្ម​កំពុង​តែ​មាន​ប្រជាប្រិយភាព ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​លុយ​រៀល នៅ​តែ​ត្រូវ​កាន់​ដុល្លារ​ទៅ​ចាយ​នៅ​ស្រុក​គេ សូ​ម្បី​តែ​នៅ​ក្នុង​អាស៊ាន​ក៏​ដោយ ។ មក​ដល់​ពេល​នេះ ពលរដ្ឋ​ប្រជាជាតិ​អាស៊ាន​នានា​លើក​តែ​កម្ពុជា ឡាវ…

រាជធានី​ភ្នំពេញ ៖ ប្រជាប្រិយភាព​លុយ​រៀល​ដែល​ជា​រូបិយ​វត្ថុ​ជាតិ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ដុល្លារ​នី​យ​កម្ម​កំពុង​តែ​មាន​ប្រជាប្រិយភាព ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​លុយ​រៀល នៅ​តែ​ត្រូវ​កាន់​ដុល្លារ​ទៅ​ចាយ​នៅ​ស្រុក​គេ សូ​ម្បី​តែ​នៅ​ក្នុង​អាស៊ាន​ក៏​ដោយ ។

មក​ដល់​ពេល​នេះ ពលរដ្ឋ​ប្រជាជាតិ​អាស៊ាន​នានា​លើក​តែ​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា គេ​អាច​កាន់​រូបិយ​វត្ថុ​ជាតិ​របស់​គេ​ទៅ​ប្រទេស​ណា​នៅ​ក្នុង​តំបន់​ក៏​បាន ដោយនៅ​ទីនោះ​គេ​អាច​កាន់​ទៅ​ប្តូរ​នៅ​តាម​បញ្ជរ​ដូរ​លុយ​នៅ​តាម​ព្រ​លាន​យន្តហោះ ឬ​ហាង​ទំនើប​នានា​នៅ​ក្នុង​តំបន់​លើកលែងតែ​បី​ប្រជាជាតិ​នេះ ។ ដូច្នេះ​យើង​សង្ឃឹមថា ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាណាព្យាបាល​នៃ​លុយ​រៀល​របស់​ជាតិ​នឹង​អាច​ជំរុញ​ដំណើរការ​នេះ​ឲ្យ​ទៅ​មុខ ដើម្បី​លើកកម្ពស់​កិត្យានុភាព​ជាតិ ។

យើង​ដឹង​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ច្រើន​នៅ​ក្នុង​ការ​ពង្រឹង​លុយ​រៀល តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​ផ្សេង​ៗ ដោយ​រួម​ទាំង​សកម្មភាព​នៃ​ការ​សម្រេចចិត្ត​ចេញ​គោលការណ៍​នៅ​ក្នុង​ការ​ប្រមូល​លុយ​ដុល្លារ​សន្លឹក​តូច​ៗ ចាប់ពី​១​ដុល្លារ ដល់​១០​ដុល្លារ​ពី​ទីផ្សារ​នានា ហើយ​ព្យាយាម និង​លើកទឹកចិត្ត​បញ្ចេញ​លុយ​រៀល​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​ជំនួស ។

យុទ្ធនាការ​ដាក់​ចេញ​ឲ្យ​ធនាគារ​នានា​បញ្ឈប់​ការ​ដក​ប្រាក់​ជា​ដុល្លារ​សន្លឹក​ក្រោម​១០០​ដុល្លារ​តាម​អេ​ធី​អឹ​ម​ជាដើម ។ ក្រៅពី​នោះ​ក៏​បាន​ខិតខំ​ធ្វើ​កម្មវិធី​លើកកម្ពស់​លុយ​រៀល​ជា​ច្រើន​ទៀត ហើយ​ឆ្លង​តាម​ការ​ខិតខំ​នេះ​មួយ​រយៈពេល​កន្លង​មក​ឃើញ​ថា ពលរដ្ឋ​ទូទៅ​ចាប់ផ្តើម​ប្រើប្រាស់​លុយ​រៀល​កាន់តែ​ច្រើន​ហើយ​ទំនុកចិត្ត​នៅ​លើ​លុយ​រៀល​ក៏​កាន់តែ​កើនឡើង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពេល​ចេញ​ក្រៅប្រទេស​ពលរដ្ឋ​នៅ​តែ​ត្រូវ​ទៅ​ប្តូរ​ជា​ប្រាក់​ដុល្លារ​ដដែល ដោយសារ​តែ​ប្រទេស​នានា​មិន​ទទួលស្គាល់​លុយ​រៀល​យើង​នៅឡើយ ។

ការ​ទទួលស្គាល់ និង​ដំណើរការ​ទូទាត់​ជា​លុយ​រៀល​នៅ​ក្រៅប្រទេស គឺ​អាច​មាន​ខ្លះ ប៉ុន្តែគឺ​បាន​តែ​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ប៉ុណ្ណោះ ប៉ុន្តែ​សកម្មភាព គឺ​មិនសូវ​ច្រើន​នោះ​ទេ ។ ពលរដ្ឋ​អាច​ចាយ​វា​.​យ​នៅ​ត្រឹម​កម្រិត​យោគយល់​មនោសញ្ចេតនា និង​បណ្តាញ​ទូទាត់​ដែល​ស្គាល់គ្នា​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទូទាត់​ឆ្លង​ព្រំដែន​នេះ ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់​ដោយ​ប្រើប្រាស់​ឱកាស​ថ្មី​ៗ ដែល​នាំ​មក​ដោយ​ការ​ច្នៃប្រឌិត និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​ភាព​រលូន និង​សុវត្ថិភាព​ថ្មី​ៗ​នេះ​មេដឹកនាំ​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ប្រទេស​នីមួយ​ៗ​សម្រាប់​ប្រតិបត្តិការ​ឆ្លង​ដែន​ក្នុង​តំបន់ និង​គាំទ្រ​ដល់​ការ​បង្កើត​ក្រុមការងារ ដើម្បី​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​អាស៊ាន ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ឥណ្ឌូ​នេ​ស៊ី កាលពី​អំឡុង​ថ្ងៃ​១០ និង​១១ ខែឧសភា កន្លង​ទៅ​នេះ​មេដឹកនាំ​អាស៊ាន​បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការ​ជំរុញ​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់ និង​ការ​សម្របសម្រួល​អន្តរ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រទេស​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ព​ន្លឿ​ន​ការ​អនុម័ត​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ពង្រឹង​សន្តិសុខ តាម​អ៊ីនធឺណិត និង​ផ្សេង​ៗ​ទៀត ។

ក្រៅពី​នោះ មេដឹកនាំ​អាស៊ាន​ក៏​បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការ​លើកកម្ពស់​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុងស្រុក និង​តួនាទី​របស់​អាជ្ញាធរ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ក្នុង​តំបន់​ចំពោះ​ការ​ប្រែប្រួល​ខាងក្រៅ ។ លើកកម្ពស់​ការ​បង្កើត​ការ​រក​ឃើញ​តម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព ពិចារណា​លើ​ការ​ផ្តល់​ភាព​បត់បែន​នៃ​ការ​គ្រប់គ្រង​ការ​ប្តូរ​ប្រាក់​បរទេស​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ហិរញ្ញវត្ថុ និង​កាត់​បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​ឆ្លង​ដែន ។

មេដឹកនាំ​អាស៊ាន​ក៏​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ស្វែងរក​ការ​ភ្ជាប់​គំនិត​ផ្តួចផ្តើម​ក្របខ័ណ្ឌ​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​អាស៊ាន ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ការ​ទូទាត់​ឆ្លង​ព្រំដែន រួម​ទាំង​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់ ។ ហើយ​ក៏​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម និង​សហការ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​អង្គការ​អន្តរជាតិ និង​វិស័យ​ឯកជន ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ក្នុង​ការ​ជំរុញ​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់ និង​ការ​លើកកម្ពស់​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុងស្រុក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មេដឹកនាំ​អាស៊ាន​បាន​ប្រគល់​ភារកិច្ច​ឱ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន និង​អភិបាល​ធនាគារកណ្តាល​របស់​តំបន់ ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត និង​វឌ្ឍនភាព​នៃ​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់ និង​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ ក្របខ័ណ្ឌ ប្រតិបត្តិការ​រូបិយប័ណ្ណ ក្នុង​តំបន់​អាស៊ាន ដោយ​មាន​ជំនួយ និង​ការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ចំណោម​ស្ថាប័ន​ពាក់ព័ន្ធ​នានា ។

ផ្អែក​តាម​អ្វី​ដែល​មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​នេះ​យើង​គិត​ថា ស្ថាប័ន​ជំនាញ​ជា​ពិសេស គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​យកចិត្តទុកដាក់ ដើម្បី​ធ្វើ​យ៉ាងណា​យក​លុយ​រៀល​យើង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​ក្នុង​ប្លុក​នេះ​ឲ្យ​បាន​ឆាប់​ៗ​ពីព្រោះ​នៅ​ពេល​នេះ​កម្ពុជា​សឹងតែ​ស្មើមុខស្មើមាត់​គ្រប់​វិស័យ​ហើយ​ទាំង​នយោបាយ ការទូត​កីឡា ប៉ុន្តែ​សេដ្ឋកិច្ច​យើង​នៅ​ខ្សោយ​ជាងគេ​បន្តិច ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ