ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សភ្លើងទៀន អបអរសាទរជោគជ័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ភ្លើងទៀន​ដែល​គេ​មើលឃើញ​ថា ជា​គណបក្សប្រឆាំង​មួយ​នៅ​កម្ពុជា​បាន​ចេញ​សារលិខិត​មួយ​ចូលរួម​អបអរ​សាទរភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ យោង​តាម​សារលិខិត​អបអរសាទរ​របស់​គណបក្ស​ភ្លើងទៀន ចុះ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ភ្លើងទៀន​ដែល​គេ​មើលឃើញ​ថា ជា​គណបក្សប្រឆាំង​មួយ​នៅ​កម្ពុជា​បាន​ចេញ​សារលិខិត​មួយ​ចូលរួម​អបអរ​សាទរភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

យោង​តាម​សារលិខិត​អបអរសាទរ​របស់​គណបក្ស​ភ្លើងទៀន ចុះ​ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន មាន​សេចក្តី​សោមនស្ស​រីករាយ និង​ចូលរួម​អបអរសាទរ​ចំពោះ​មោទនភាព​ជាតិ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

គណបក្ស​ភ្លើងទៀន ដែល​ថ្មី​ៗ​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បដិសេធ​សំណើសុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត នា​ខែកក្កដា​ខាង​មុខ ដោយ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​នោះ​បាន​សរសេរ​បន្ត​ថា គណបក្ស​សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ចំពោះ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​កីឡាករ​-​កីឡាការិនី​ទាំងអស់​ដែល​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ដែល​បង្ហាញ​អំពី​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​កីឡាករ​ជាតិ​-​អន្តរជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នេះ ។

គណបក្ស​ភ្លើងទៀន​ក៏​បាន​ពោល​ថា​«​គណបក្ស​ភ្លើងទៀន សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រកបដោយ​ជោគជ័យ និង​ជាទី​មោ​ទ​ន​» ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហោឡា​ឫក​នេះ គណបក្ស​ភ្លើងទៀន សូម​ប្រសិទ្ធិ​ពរ​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​គ្រប់​លំដាប់ថ្នាក់ កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ទាំងអស់ សូម​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​រម្លឹក​ផង​ដែរ​ថា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែឧសភា​នេះ គ​.​ជ​.​ប បញ្ជាក់​ថា ៖ «​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើងទៀន​ដែល​មាន​២៥​មណ្ឌល រាជធានី​ខេត្ត ដោយ​មូលហេតុ​គណបក្ស​ភ្លើងទៀន​មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រកាស​ស្តី​ពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​» ។

យ៉ាងណាមិញ គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃ​បន្ទាប់​បាន​រៀបចំ​ស​ន្និ​សិទ្ធ​កាសែត​មួយ​ប្រកាស​ថា គណបក្ស​ខ្លួន​មិន​អាច​ទទួលយក​បាន​ឡើយ​ចំពោះ​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​បដិសេធ​មិន​ចុះបញ្ជី​គណបក្សជំទាស់​ដ៏​ធំ​មួយ​នេះ ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​បាន ។

គណបក្ស​ភ្លើងទៀន ប្រកាស​ថា នឹង​ប្តឹង​ទាស់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​សម្រេច​ចុង​ក្រោយ ដើម្បី​ថា តើ​គណបក្ស​មួយ​នេះ​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ បាន​ឬ​យ៉ាងណា ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ