AFC បើកការស៊ើបអង្កេតរឿងហេតុកើតឡើងក្នុងការប្រកួតផ្តាច់ព្រ័ត្ររវាងឥណ្ឌូនេស៊ី និងថៃ
បរទេស ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ហៅកាត់ថា AFC បានប្រកាសកាលពីថ្ងៃទី១៧ ខែឧសភា
បរទេស ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ហៅកាត់ថា AFC បានប្រកាសកាលពីថ្ងៃទី១៧ ខែឧសភា
បរទេស ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ហៅកាត់ថា AFC បានប្រកាសកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា ខ្លួនកំពុងស៊ើបអង្កេតអំពើហិ.ង្សា បន្ទាប់ពីមានជម្លោះដ៏ធំចំនួនពីរលើក ដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ បានយកឈ្នះថៃ នៅក្នុងលទ្ធផល ៥-២ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅការប្រកួតបន្ថែមម៉ោង១៥នាទី២ដង ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាបាល់ទាត់បុរស។ យ៉ាងណាមិញ អ្វីដែលកត់សម្គាល់នៅក្នុងជំនួបនោះ គឺកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងទាំងពាក្យសម្តី និងក្នុងរូបភាពហិ.ង្សារវាងកីឡាករ និងក្រុមគ្រូបង្វឹកនៃភាគីទាំងសងខាង។
ក្រោយកើតមានរឿងរ៉ាវដ៏ចម្រូងចម្រាសរួចមក ខាងភាគីថៃបានធ្វើការសុំទោសទៅកាន់ភាគីឥណ្ឌូណេស៊ី និងចាប់ផ្តើមការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អាក្រក់ ដោយនៅសល់កីឡាករត្រឹម៨នាក់ប៉ុណ្ណោះ ធ្វើការប្រកួតនៅលើទីលាន ដោយនៅក្នុងចំណោមនោះ រួមមានទាំងអ្នកចាំទី Soponwit Rakyart ដែលត្រូវបានបណ្តេញចេញពីទីលាន បន្ទាប់ពីរូបគេបានរត់ចេញពីទីលានប្រកួតទៅប្រវាយប្រតប់លើគូប្រកួតឥណ្ឌូណេស៊ី។
អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាស៊ី បានប្រកាសយ៉ាងដូច្នេះថា «AFC មានការខកចិត្តចំពោះឧបទ្ទវហេតុគ្មានសណ្តាប់ធ្នាប់ នៅការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម។ AFC គូសបញ្ជាក់អំពីសារៈសំខាន់នៃការលេងដោយយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងភាពរួសរាយរាក់ទាក់នៃកីឡា ហើយប្រកាន់ខ្ជាប់នូវវិធីសាស្ត្រមិនអត់ឱនចំពោះអំពើហិ.ង្សាគ្រប់រូបភាពទាំងអស់ ដែលគំរា.មកំហែងដល់សុចរិតភាពរាងកាយរបស់កីឡាករ និងក្រុមមន្ត្រី»។
ដោយឡែក សមាគមកីឡាបាល់ទាត់ថៃ (FA) បានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើបុគ្គលណាម្នាក់ ដែលបានរកឃើញថាបានប្រព្រឹត្តខុស ដោយពួកគេបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «FA របស់ប្រទេសថៃ ត្រូវតែសុំទោសចំពោះការប៉ះទង្គិចគ្នា ហើយយើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត»។
ក្រឡែកទៅលោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានថ្លែងប្រាប់ទូរទស្សន៍ Metro TV យ៉ាងដូច្នេះថា «ពេលខ្លះយើងមានការខឹងសម្បារ ហើយបន្ទាប់មកយើងបានធ្លាក់ចូលទៅក្នុងបញ្ហានោះ។ ខ្ញុំបានព្រមានមុននេះថា នេះគឺជាការញុះញង់ ពួកគេចង់ឱ្យយើងចាញ់។ យើងត្រូវបានគេវាយដំ ជាន់ឈ្លី និងបោកប្រាស់»។
គួររំលឹកថា ដើមចមនៃការប៉ះទង្គិចគ្នា កើតឡើងនៅពេលឥណ្ឌូណេស៊ីបាននាំមុខថៃ នៅក្នុងលទ្ធផល ២-១ ក្នុងតង់ទី២ ខណៈដែលនៅវិនាទីចុងក្រោយនៃការប្រកួត អាជ្ញាកណ្តាលលើទីលាន លោក Kassem Matar Al-Hatmi បានផ្លុំកញ្ចែដើម្បីផ្តល់បាល់ពិន័យសម្រាប់ថៃ។ ប៉ុន្តែក្រុមគ្រូបង្វឹកឥណ្ឌូណេស៊ីគិតថា ជាការផ្លុំបញ្ចប់ការប្រកួត ដូច្នេះក្រុមគ្រូបង្វឹកឥណ្ឌូណេស៊ីច្រឡំប្រញាប់រត់ចូលទីលានដើម្បីអបអរ។
យ៉ាងណាមិញ ការផ្តល់បាល់ពិន័យនេះ ធ្វើឱ្យថៃតាមស្មើ ២-២ ហើយបន្ទាប់មកទាំងក្រុមគ្រូបង្វឹក និងកីឡាករមកពីភាគីថៃចាប់ផ្តើមចំអកឥណ្ឌូណេស៊ី បង្កជាភាពចម្រូងចម្រាសមួយបានកើតឡើង។
ទោះយ៉ាងណា ក្រោយស្ថានការណ៍ត្រឡប់រកសភាពដើមវិញ ការប្រកួតបានបន្តក្នុងម៉ោងបន្ថែម១៥នាទី ២ដង ដែលការបន្ថែមលើកទី១ ឥណ្ឌូណេស៊ីមានឱកាសបន្ថែម១គ្រាប់ទៀត ដើម្បីនាំមុខថៃលទ្ធផល ៣-២ ភ្លាមៗនោះ កីឡាកររបស់ពួកគេបានចំអកឱ្យថៃវិញម្តង បង្កឱ្យជម្លោះមួយទៀតបានចាប់ផ្តើមឡើង និងកាន់តែធំជាងមុន ដោយទាំងក្រុមគ្រូបង្វឹក និងកីឡាករទាំងសងខាងបានវាយតបគ្នា បង្កើតជាភាពវឹកវរយ៉ាងខ្លាំងក្នុងទីលាននៃកីឡាដ្ឋានជាតិអូឡាំពិក មុនពេលកម្លាំងសមត្ថកិច្ចចូលមកធ្វើអន្តរាគមន៍ភ្លាមៗ។
មនុស្សមិនតិចជាង១០នាក់បានចូលរួមក្នុងការវាយតបគ្នានោះ។ ហើយបន្ទាប់ពីការប៉ះទង្គិចបានបញ្ចប់ អាជ្ញាកណ្តាលបានផ្តល់កាតក្រហមចំនួន៥ដល់ក្រុមទាំងពីរ។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ដែលបានចេញផ្សាយ៕
ចែករំលែកព័តមាននេះ