ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កម្ពុជា​បាន​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ប្រកបដោយ​ជោគជ័យ និង​មោទនភាព​។ ជាមួយ​ការ​រៀបចំ​បាន​យ៉ាង​ល្អ​បំផុត​ហើយ កីឡាករ​កម្ពុជា ក៏​បាន​បំបែក​ឯក​ត្ត​កម្ម​របស់​ខ្លួន​ដែល​នៅ​ក្នុង​ការ​ទទួល​បាន​មេដាយ​ផង​ដែរ

កម្ពុជា​បាន​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ប្រកបដោយ​ជោគជ័យ និង​មោទនភាព​។ ជាមួយ​ការ​រៀបចំ​បាន​យ៉ាង​ល្អ​បំផុត​ហើយ កីឡាករ​កម្ពុជា ក៏​បាន​បំបែក​ឯក​ត្ត​កម្ម​របស់​ខ្លួន​ដែល​នៅ​ក្នុង​ការ​ទទួល​បាន​មេដាយ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​ធ្វើ​ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​នេះ កីឡាករ​កម្ពុជា បាន​លើកមុខ​មាត់​ប្រទេស​ជាតិ​ពី​បាត​តារាង មក​ឈរ​នៅ​ក្នុង​លំដាប់​លើ​គេ​។ ទោះ​មិន​ទទួល​បាន​មេដាយ​ច្រើន​ជា​គេ​ឈរ​លំដាប់​លេខ​១ ប៉ុន្តែ​ការ​លំដាប់​ទី​៤ នៅ​ក្នុង​តារាង​១១​ប្រទេស ជា​កិត្តិយស​របស់​កម្ពុជា​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​។ កាលពី​អតីតកាល​កម្ពុជា ឈរ​នៅ​បាត​តារាង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ​។

ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​វិញ កម្ពុជា​ទទួល​មាន​មេដាយ​សរុប​ចំនួន​២៨២​គ្រឿង ឈរ​លេខ​រៀង​ទី​៣ មាន​មេដាយ​ច្រើន​ជាងគេ និង​ឈរ​លេខ​រៀង​ទី​៤ ដែល​មាន​មេដាយមាស​ច្រើន​ជាងគេ​។ កាលពី​ឆ្នាំ​១៩៩៩ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ កម្ពុជា​ពុំ​ទទួល​បាន​មេដាយ​អ្វី​ទាំងអស់ គឺ​ស្ថិត​ចំណា​ច់​ថ្នាក់​ទី​១០ ក្រោម​គេ​បង្អស់​។

ប្រមាណ​ជិត​២០​ឆ្នាំ​ក្រោយ នៅ​ឆ្នាំ​២០១៧ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​២៩ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៧ នៅ​ក្នុង​នោះ មេដាយមាស​០៣ មេដាយ​ប្រាក់​០២ និង​មេដាយ​សំរឹទ្ធ​១២​។ គេ​នៅ​ចាំ​ថា​កាលនោះ មេដាយមាស គឺ​ប្រភេទ​កីឡា ប៉េតង់​ចំនួន​១ គុន​ខ្មែរ​ចំនួន​១ និង​តេ​ក្វា​ន់​ដូ​ចំនួន​១​។ ចំណែក​មេដាយ​ប្រាក់ គឺ​កម្ពុជា​ទទួល​បាន​ក្នុង​ប្រភេទ​កីឡា​ប៉េតង់​តង់​ចំនួន​១ និង​គុន​ខ្មែរ​ចំនួន​១​។ រីឯ​មេដាយ​សំរឹទ្ធិ គឺ​នៅ​ក្នុង​ប្រភេទ​កីឡា​សី​ប៉ា​តា​ក្រ​-​ឈី​ន​ឡូ​ន​ចំនួន​២ ប៉េតង់​ចំនួន​៣ តឺ​នី​ស​ចំនួន​១ ជិះសេះ​ចំនួន​១ គុន​ខ្មែរ​ចំនួន​២ ប្រដាល់សកល​ចំនួន​១ និង​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ចំនួន​២​។

រហូត​មក​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម (SEA Games) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២១ ពីរ​ឆ្នាំ​មុន​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​នេះ កីឡាករ​កម្ពុជា បាន​ដណ្តើម​មេដាយ​សរុប​ចំនួន​៦៣ ក្នុង​នោះ​មាស​ចំនួន​៩ ប្រាក់​១៣ និង​សំរឹទ្ធ​ចំនួន ៤១ មេដាយ​។

គិត​ទៅ​មាន​តែ​នៅ​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​ប៉ុណ្ណោះ​ដែល​ឈ្មោះ​កម្ពុជា បាន​ឡើង​ទៅ​លើ​តារាង ដែល​ជា​ក្តី​រំភើប​របស់​ពលរដ្ឋ​គ្រប់​រូប​។ ជាមួយ​ជោគជ័យ​បែប​នេះ មាន​សំណួរ​ថា តើ​វិស័យ កីឡា​កម្ពុជា​នឹង​រីក​ចម្រើន​តទៅ​មុខ​ទៀត​ឬ​យ៉ាងណា?​។ តើ​នៅ​ឆ្នាំ​២០២៥ នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ដែល​ប្រទេស​ថៃ​នឹង​ធ្វើ​ម​ម្ចាស់ផ្ទះ​នោះ កម្ពុជា​នៅ​តែ​ឈរ​លេខ​រៀង​ល្អ​ទៀត​ឬ​យ៉ាងណា?។

ឆ្លើយ​សំ​ណូ​រ​នេះ គឺ​មាន​តែ​ការ​បន្ត​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​ខ្លាំង​នោះ​ទេ ទើប​វិស័យ​កីឡា​មានការ​រីក​ចម្រើន​ទៅ​មុខ ហើយ​អាច​រក្សា​លំដាប់​ល្អ​នៅ​ក្នុង​តារាង​បាន​។ ការ​វិនិយោគ​លើ​វិស័យ​​កីឡា ដែល​គេ​តែងតែ​ឮ​ពី​ខាង​អ្នកជំនាញ​កីឡា​ចង់បាន​នា​ពេល​កន្លង​មក​នោះ​មាន​ដូច​ជា ការ​ទទួល​បានការ​ហ្វឹកហាត់​មួយ​ប្រកបដោយ​គុណភាព​លើ​ប្រភេទ​កីឡា​ដែល​មាន​ស្រាប់ បន្ទាប់​មក​គេ​ត្រូវ​ពង្រីក​ចំនួន​កីឡាករ​មាន​ទាំង​សមត្ថភាព និង​បរិមាណ​។ កសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​កីឡា​ឱ្យ​បាន​គ្រប់​គ្រាប់ សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​ផ្តល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​កីឡាករ​ឱ្យ​បាន​រស់នៅ​សមរម្យ​ដល់​កីឡាករ​ចាស់​ៗ​។ ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ជា​ទូទៅ​ឱ្យ​ចូលរួម​លេង​កីឡា បញ្ចេញ​ទេព​កោសល្យ ដើម្បី​ក្លាយជា​កីឡាករ​អាជីព​របស់​ជាតិ​។

ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​នេះ​បាន​យ៉ាង​ល្អ​ដូចដែល​បានឃើញ​នោះ គេ​ដឹង​ថា កីឡា​ករ​កម្ពុជា ទទួល​បានការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​រដ្ឋាភិបាល ក្នុង​ការ​ហ្វឹកហាត់​។ កីឡាករ​កម្ពុជា បាន​ទទួល​ការ​ហ្វឹកហាត់​នៅ​ក្នុងស្រុក​ផង និង​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ផង​។ ជាមួយ​គ្នា​នេះ កីឡាករ​គ្រប់​ប្រភេទ​បាន​ប្រមូលផ្តុំ​ដើម្បី​ពង្រឹងសមត្ថភាព​។ កិច្ច​ទាំង​អស់នេះ សុទ្ធ​សឹង​ជា​យន្តការ​ល្អ មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើកកម្ពស់​គុណភាព​កីឡា ដែល​គេ​គួរ​បន្ត ធ្វើ​ជា​រហូត​ទៅ​មិន​ត្រូវ​បញ្ចប់​ត្រឹម​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នេះ​ឡើយ​៕ ដោយ ៖ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ