ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ហើយ​ខ្លោចចិត្ត​! គ្រួសារ​មួយ​ខំ​បង់​រំ​លោះ​ម៉ូតូ​ទាំង​​លំបាក​ដើម្បី​កូន​ៗ បែរជា​ត្រូវ​គេ​យក​ទៅ​បាត់

11 ខែ មុន
  • កំពង់ឆ្នាំង

ប្តី​ប្រពន្ធ​១​គ្រួសារ​និយាយ​រៀបរាប់​រឿងហេតុ​ដែល​បាន​ជួប​ប្រទះ​ទាំង​អួល​ដើម​.​ក ពេល​ឃើញ​ហើយ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ជាប់ ខណៈ​ពួក​គាត់

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​១​គ្រួសារ​និយាយ​រៀបរាប់​រឿងហេតុ​ដែល​បាន​ជួប​ប្រទះ​ទាំង​អួល​ដើម​.​ក ពេល​ឃើញ​ហើយ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ជាប់ ខណៈ​ពួក​គាត់​ខំប្រឹង​រក​ថវិកា​ដើម្បី​បង់​រំ​លោះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ទាំង​ត្រដាបត្រដួស ហើយ​ពួក​គាត់​ទើបតែ​បង់​បាន​រយៈពេល​៦​ខែ​តែ​ប៉ុណ្ណោះ ដើម្បី​ដឹក​កូន​ៗ​ទៅ​រៀន ព្រោះ​សាលា​នៅ​ឆ្ងាយ​។ លុះ​ពេល​បុរស​ជា​ប្តី​ជាប់រវល់​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ​ឱ្យ​គេ រីឯ​ប្រពន្ធ​ជាប់​ហាល​ខោអាវ​នៅ​ខាងក្រោយ​ផ្ទះ​មួយ​ភ្លែត​សោះ ស្រាប់តែ​ក្រុម​ចោរ​មាន​គ្នា​២​នាក់​ចូល​ទៅ​កាច់​សោ​.​ក​ម៉ូតូ រួច​បើក​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង​។

ហេតុការណ៍​ចោរ​ចូល​កាច់​សោ​.​ក​ម៉ូតូ​ទាំង​កណ្តាលថ្ងៃត្រង់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ក្បែរ​បន្ទាយ​យោធា ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ថា រដ្ឋ អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឡិ​ប មក​រា រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ប៉ៃលិន​1D 1771 និង​មាន​សម្ភារៈ​ជាប់​ក្នុង​កែបម៉ូតូ​ទៀត ដូច​ជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក​, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ចំនួន​៤​សន្លឹក រួម​ទាំង​ថវិកា​ចំនួន​១៦​ម៉ឺន​រៀល​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ទុក​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ខាងលើ​នោះ ឱ្យ​ប្រពន្ធ​សម្រាប់​ឌុ​ប​កូន​ៗ​ទៅ​សាលារៀន ហើយ​រូបគេ (​ប្តី​) បាន​ចេញ​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ ដើម្បី​យក​ថវិកា​មក​ទុក​បង់ថ្លៃ​ម៉ូតូ​ប្រចាំខែ ដែល​ទើបតែ​បង់​បាន​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចាក់សោ​.​ក​ម៉ូតូ​របស់​ខ្លួន​នៅ​ខាង​មុខ​ផ្ទះ ចំណែក​រូប​នាង (​ប្រពន្ធ​) កំពុង​តែ​ជាប់រវល់​ហាល​ខោអាវ​នៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ​មួយ​ភ្លែត​សោះ ក៏​ស្រាប់តែ​ឮ​សម្លេង​កាច់​សោ​.​ក​ម៉ូតូ និង​បញ្ឆេះ​ជិះ​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​កូន​ៗ​របស់​នាង​បាន​ស្រែក​ប្រាប់​ម្តាយ​ថា «​មាន​គេ​ជិះ​ម៉ូតូ​យើង​ចេញ​ទៅ​ហើយ​»​។ គ្រាន់តែ​ឮ​ភ្លាម នាង​ក៏​ស្ទុះ​មក​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​តាម​ចាប់ចោរ​នោះ ប៉ុន្តែ​អ្វី​ៗ​ហួសពេល​បាត់​ទៅ​ហើយ ព្រោះ​អ្នក​ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សុទ្ធតែ​ស្រី​ៗ និង​ក្មេង​តូច​ៗ មិន​អាច​ជួយ​ដេញ​តាម​ទាន់​ចោរ​នោះ​ទេ មាន​តែ​ស្រែក​ទ្រហោយំ​តែ​ប៉ុណ្ណោះ​។

ទោះបីជា​គ្មាន​សង្ឃឹមថា នឹង​បាន​ម៉ូតូ​ត្រឡប់​មក​វិញ ក៏​ប្តី​ប្រពន្ធ​ខាងលើ សុំ​អំពាវនាវ​ដល់​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន និង​ស្នងការ​នគរបាល​ខេត្ត ឱ្យ​ជួយ​តាម​ស៊ើបអង្កេត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ហើយ​ជួយ​រក​ម៉ូតូ​ជូន​ពួក​គេ​វិញ​ផង ដើម្បី​អាច​នឹង​ដឹក​កូន​ៗ​ទៅ​សាលារៀន ព្រោះ​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​ទីពឹង​នោះ​ទេ ណាមួយ​សុំ​ដី​គេ​ស្នាក់​នៅ​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា បច្ចុបន្ន​នេះ ក្រុម​ចោរ​កាន់តែ​សកម្ម​ខាង​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ខ្លាចរអារ​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ