ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​បាន​ជ្រុះ​ធ្លាក់​ពី​លំដាប់​កំពូល​តារាង​មេដាយ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពាក់កណ្តាល​ទី​ក៏​ពិតមែន ប៉ុន្តែ​អត្ត​ព​លិ​ក​កម្ពុជា​ក៏​បាន​ចូលរួម​បំបែក​កំណត់​ត្រា​មិន​ដែល​មាន​សម្រាប់​កម្ពុជា ដោយ​បញ្ចប់​នៅ​ត្រឹម​លំដាប់​ទី​៤ ជាមួយនឹង​មេដាយ​សរុប​ប្រមាណ​ជា​ជាង​២៦០ មេដាយ ។ មក​ដល់​ត្រឹមម៉ោង ៥៖២០…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​បាន​ជ្រុះ​ធ្លាក់​ពី​លំដាប់​កំពូល​តារាង​មេដាយ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពាក់កណ្តាល​ទី​ក៏​ពិតមែន ប៉ុន្តែ​អត្ត​ព​លិ​ក​កម្ពុជា​ក៏​បាន​ចូលរួម​បំបែក​កំណត់​ត្រា​មិន​ដែល​មាន​សម្រាប់​កម្ពុជា ដោយ​បញ្ចប់​នៅ​ត្រឹម​លំដាប់​ទី​៤ ជាមួយនឹង​មេដាយ​សរុប​ប្រមាណ​ជា​ជាង​២៦០ មេដាយ ។

មក​ដល់​ត្រឹមម៉ោង ៥៖២០ នាទីរសៀល ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម កម្ពុជា​មាន​មេដាយ​សរុប​២៦២ នៅ​ក្នុង​ដៃ ដោយនៅ​ក្នុង​នោះ​មាន​មេដាយមាស​៧៣ ប្រាក់​៦៩ និង​សំរឹទ្ធ​១២០​មេដាយ នៅ​ពីក្រោយ​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​មេដាយ​សរុប​ត្រឹមតែ ២៥៦ មេដាយ​ ក្នុងនោះដណ្តើម​មេដាយមាស​ច្រើន​ជាង​កម្ពុជា គឺ៨០ មេដាយ ប្រាក់​៧៦ និង​សំ​រិ​ទ្ធ ១០០ ដូច្នេះ​ហើយ​ទើប​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​លំដាប់​ទី​៣ ។ ថៃ​នៅ​លំដាប់​ទី​២ ដែល​មាន​មេដាយ​សរុប​២៨៤ មេដាយ ដោយ​មាស​មាន១០២ មេដាយ ប្រាក់​៨២ មេដាយ និង​សំ​រិ​ទ្ធ១០០ មេដាយ ហើយ​វៀតណាម​នៅ​លំដាប់​លេខ​១ ជាមួយនឹង​មេដាយ​សរុប​ដល់​ទៅ​៣៤២ មេដាយ គឺ​មេដាយមាស ​មាន​១៣១ មេដាយ ប្រាក់​១០៣ និង សំ​រិ​ទ្ធ១០៨ មេដាយ ។

ដោយសារ​នៅ​ក្នុងឆ្នាំនេះ អត្ត​ព​លិ​ក​កម្ពុជា​នៅ​លើ​វិញ្ញាសា​ហែល​ទឹក និង​អត្តពលកម្ម​ក៏​ដូច​ជា បាល់បោះ គ្រី​ឃី​ត វាយ​សី ជាដើម ដែល​កន្លង​មក​អត្ត​ព​លិ​ក​មិន​ដែល​បាន​មេដាយ​សោះ​នោះ គឺ​យើង​សុទ្ធតែ​អាច​ដណ្តើម​មេដាយមាស​បាន ប៉ុន្តែ​សម្រាប់​កីឡា​ប៉េតង់ ដែល​ជា​ប្រភេទ​កីឡា ដែល​យើង​សង្ឃឹម​ថនឹង​អាច​ដណ្តើម​មេដាយមាស​បាន​ច្រើន​នោះ​បែរជា​នៅ​ក្នុង​ពេល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​យើង​ធ្វើ​មិន​បាន​ល្អ ឡើយ ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់​ឱកាស​នាំមុខ​ឥណ្ឌូ​នេ​ស៊ី និង ថៃ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​កំណត់​ត្រា​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ធ្វើ​បាន​កន្លង​មក គឺជា​កំណត់​ត្រា​មេដាយ​ថ្មី​របស់​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ ឧសភា ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ​បាន​មាន​ប្រសាសន៍​សំដែង​ការ​កោតសរសើរ​ចំពោះ​វីរភាព​របស់​អត្ត​ព​លិ​ក​កម្ពុជា ហើយ​បាន​ប្រកាស​ថា អត្ត​ព​លិ​ក​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​នៃ​មេដាយ​មិន​ដែល​មាន​ពី​មុន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នៅ​រាល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​កន្លង​មក កម្ពុជា គឺ​តែងតែ​នៅ​បាត​តារាង​មេដាយ ពោល គឺ​លើ​តែ​ប្រុយ​ណេ​មួយ​ទេ ហើយ​ធ្វើ​បាន​ល្អ​បំផុត​នៅ​លំដាប់​ទី​៨ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នឹង​បញ្ចប់​ឆាប់​ៗ​កម្ពុជា​អាច ឈរ​នៅ​ក្នុង​ទីតាំង​ត្រឹម​លេខ​៤ នៅ​ក្នុង​តារាង​មេដាយ ។នា​ឱកាស​នោះ សម្តេច​ក៏​បាន​ថ្លែង​បន្ត​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ពេល​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ ដោយ​សឹងតែ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​សំខាន់​ៗ ដោយ​រួម​ទាំង CNN ផង​ដែរ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា​ព្រមទាំង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក ថោ​ង ខុន បាន​ថ្លែងអំណរគុណ​ចំពោះ​រាល់​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​គេ​ដឹង​ថា មាន​ចំនួន​២.០៩៥​នាក់ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ជាតិ​ចំនួន​១.១៨៨​នាក់ និង​អ្នក​សារព័ត៌មាន​បរទេស​ចំនួន ៩០៧​នាក់ ដែល​បាន​មក​ធ្វើការ​ឃោសនា​អំពី​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ។ លោក​បាន​អះអាង​ថា អ្វី​ៗ​ទាំងអស់​ដែល​បានឮ​ពី​កម្ពុជា​នៅ​ពេល​នេះ មិន​អាច​កាត់​ផ្ដាច់​ចេញពី​ការ​ខិតខំ​ការ​ធ្វើការ​ឃោសនា ការ​យក​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន និង​អ្នក​ផ្ស​ព្ស​ផ្សាយ​បាន​ទេ ។

ភាព​ជោគជ័យ​ដែល​កម្ពុជា​នឹង​ប្រកាស​នៅ​ថ្ងៃ​បិទ គឺជា​សារ​បញ្ជាក់​ប្រាប់​ពិភពលោក​ថា កម្ពុជា គឺជា​គោលដៅ​ដែល​មាន​សន្តិភាព​ពិតប្រាកដ ហើយ​ក៏​មាន​សមត្ថភាព​នឹង​ធនធាន​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​បាន​គ្រប់​កម្មវិធី​មិន​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​ព្រឹត្តិការណ៍​កីឡា​នៅ​សព្វ​ថ្ងៃនេះ​ឡើយ ។

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាង​មុខ​ព្រឹត្តិការណ៍​២​ឆ្នាំ​កើត​មាន​ម្តងនេះ​នឹង​ត្រូវ​បិទ ហើយ​ផ្ទេរ​ទៅ​ឲ្យ​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​លែងដៃ​ពី​ស៊ី​ហ្គេ​ម​នេះ​រហូត​ដល់​២០ ឆ្នាំ​ទៀត​នោះ​ទេ ដូច្នេះ​យើងខ្ញុំ​សង្ឃឹមថា អត្ត​ព​លិ​ក និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​គាំទ្រ​វិស័យ​កីឡា​បន្ត​ទៀត ។

ទោះបីជា​កម្ពុជា​លែង​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​ហើយ​រំពឹង​ថា អត្ត​ព​លិ​ក​យើង​នឹង​បន្ត​រឹង​មាំ ហើយ​អាច ធ្វើ​បាន​ដូច​នៅ​ក្នុងឆ្នាំនេះ ៕ ដោយៈ ហេង ចេស្តារ និង​សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ