រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ដល់២៣ ឧសភាខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម លាយឡំបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា មួយសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ក្រសួងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៦-២៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៦-៣៨ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ បន្តពីថ្ងៃទី២០-២៣ ខែឧសភា បរិមាណភ្លៀងអាចកើនក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ