រាជធានីភ្នំពេញ ៖ អាចថាជាការធ្វេសប្រហែសថ្មីមួយទៀត ក្នុងសង្គមយើងនោះ គឺករណីក្មេងអាយុ៥ឆ្នាំម្នាក់ចុះលេងទឹក នៅសួនច្បារមុខផ្សារទំនើបអូឡាំព្យា ស្ថិតនៅកែងភ្លើងស្តុបនាងគង្ហីង ជាប់របងស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ ហើយបានឆ.ក់ចរន្តភ្លើងអគ្គិសនី ដែលគេរៀបចំដាក់អំពូលភ្លើងក្នុងទឹកលម្អនោះ ។

សេចក្តីរាយការណ៍បង្ហាញថា កុមារា អាយុ៥ឆ្នាំម្នាក់ត្រូវបានចរន្តអគ្គិសនីឆ.ក់ស្លា.ប់ បន្ទាប់ពីកុមារារងគ្រោះបានចុះទៅលេងទឹក នៅក្នុងអាងទឹកសួនច្បារខាងមុខផ្សារទំនើបអូឡាំព្យា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅខាងមុខផ្សារទំនើបអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកគេតែងតែឃើញមានក្មេងៗតូចៗនាំគ្នាមកចុះងូតទឹកលេងនៅក្នុងអាងទឹកត្រង់ចំណុចកើតហេតុ ហើយសន្តិសុខដែលយាមនៅផ្សារទំនើបនោះក៏តែងតែដេញពួកគេដោយសារតែខ្លាចមានបញ្ហា ព្រោះនៅខាងក្នុងអាងទឹកនោះមានបំពាក់នូវអំពូលភ្លើង និងម៉ាស៊ីនបូមទឹកដែលប្រើដោយចរន្តអគ្គិសនី ។ តែក្មេងទាំងនោះនៅតែមកលេងរហូតហើយសន្តិសុខក៏បានចាប់ក្មេងទាំងនោះ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាផងដែរ ។
ប្រភពព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុគេឃើញកុមារារងគ្រោះ និងក្មេងៗ៣ ទៅ៤នាក់ទៀតបាននាំគ្នាដើរមកលួចងូតទឹកលេង នៅក្នុងអាងទឹកសួនច្បារត្រង់ចំណុចកើតហេតុទៀត ។ បន្ទាប់មកក្មេងៗ ដែលមកលេងជាមួយកុមារារងគ្រោះបានងូតទឹកលេងនៅខាងៗនៃអាងនោះ រីឯកុមារារងគ្រោះបានចូលទៅលេងដល់កណ្តាលអាងទឹក ។

ខណៈពេលនោះកុមារារងគ្រោះដែលបានចុះទៅក្នុងទឹក ក៏ស្រាប់តែរឹងខ្លួន ហើយដួលលិចចូលទៅខាងក្នុងទឹកតែម្តង ។ បន្ទាប់មក ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនាំគ្នាមកជួយស្រង់កុមារារងគ្រោះមកលើគោក និងបានបញ្ជូនកុមារារងគ្រោះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះតែជាអកុសល ពេលទៅដល់ពេទ្យ ពេទ្យប្រាប់ថា កុមារារងគ្រោះបានស្លា.ប់បាត់ទៅហើយ ។
សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះធ្វើការត្រួតពិនិត្យស.ពកុមារារងគ្រោះ និងពិនិត្យនៅទីតាំងកើតហេតុ រួចក៏បានរកឃើញថា នៅចំណុចដែលកុមារារងគ្រោះលេងនោះមានខ្សែភ្លើង ដែលដាច់រលា.ត់ ហើយសមត្ថកិច្ច ក៏បានឡោមព័ទ្ធកន្លែងកើតហេតុជាបណ្តោះអាសន្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យបានសន្និដ្ឋានថា កុមារារងគ្រោះបានស្លា.ប់ដោយសារចរន្តអគ្គិសនីឆ.ក់ប្រាកដមែន ។ សមត្ថកិច្ចក៏បានប្រគល់ស.ពកុមារារងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ នេះជាករណីថ្មីមួយទៀត នៅក្នុងសង្គមយើង ដែលជាឧបទ្ទវហេតុ មិនគួរកើតឡើងទាល់តែសោះ ។ អាណាព្យាបាល មិនបានគិតគូដិតដល់ ខណៈដែលអ្នករៀបចំធ្វើសួនទឹកដាក់ភ្លើងលម្អក៏ហាក់ដូចជា មិនបាននឹកនាដល់គ្រោះថ្នាក់ដូច្នេះដែរ ។
អាងទឹក ដែលមានដាក់បង្កប់ភ្លើងបា.ញ់លម្អដូច្នេះក៏មានច្រើនដែរ នៅភ្នំពេញដូចជា នៅសួនកុមារវត្តភ្នំ សួនច្បារមុខវត្តបទុម បរិវេណជុំវិញវិមានឯករាជ្យ និងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ជាដើម ។

ក្រោយហេតុការណ៍ ក្មេងចូលលេងទឹកឆ.ក់ស្លា.ប់នៅសួនច្បារ មានទឹក និងភ្លើងលម្អនៅមុខផ្សារទំនើប អូឡាំព្យានេះហើយ អាជ្ញាធរសមត្ថកិច្ច ក៏ដូចអាណាព្យាបាលឪពុកម្តាយ និងប្រជាពលរដ្ឋទូទៅត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីកុំឱ្យរឿងនេះកើតឡើងទៀត ។ តាមសួនច្បារសាធារណៈដែលមានបង្គោលភ្លើង ឬក៏សួនបា.ញ់ទឹកមានបំពាក់ភ្លើងពណ៌ក្នុងទឹកដូច្នេះ ត្រូវតែគិតគូពីគុណភាព និងសុវត្ថិភាពជាចម្បង ។
តាមទីតាំងទាំងអស់នោះត្រូវតែមានសរសេរអក្សរហាមចុះមុជ ឬហាមប៉ះពាល់ទឹក ឬក៏ហាមនៅក្បែរ ។ ក្រៅពីនោះក៏ត្រូវធ្វើរបាំង ឬរបងសុវត្ថិភាព ។ ចំណែកប្រជាពលរដ្ឋ ឪពុកម្តាយ និងអាណាព្យាបាលកុមារតូចៗក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់លើកូនចៅ កុំបណ្តោយឱ្យកូន ដើរលេងតែឯង ឬក៏ដើរជាមួយមិត្តភក្តិតូចៗ ដូច្នេះទៀត។

ក្រៅតែពីករណីឆ.ក់ភ្លើងចរន្តអគ្គិសនីស្លា.ប់ នៅពេលចុះទៅលេងទឹក តែក៏អាចកើតមានគ្រោះថ្នាក់ច្រើនទៀត ដោយសារតែបណ្តោយឱ្យកូនចៅដើរលេង តែក្មេងៗគ្នាឯងដោយអាចពេលដើរឆ្លងផ្លូវ ដែលមានចរាចរណ៍មមាញឹក ហើយមានឡានម៉ូតូ បើកបរច្រើននោះផងដែរ។
សរុបមក នៅតាមទីតាំងសួនច្បារសាធារណៈដែលមានតាំងលម្អភ្លើងអគ្គិសនីដូច្នេះ អាជ្ញាធរសមត្ថកិច្ច និងអ្នកទទួលខុសត្រូវ ត្រូវតែបង្កើនការប្រុងប្រយ័ត្នជាងមុន ហើយបើអាចត្រូវតែមានរបង និងរបាំងសុវត្ថិភាព ដែលមិនអាចឱ្យគេចូលទៅប៉ះទឹក ឬដើរជិតបង្គោលភ្លើងឡើយ ព្រោះគ្រោះថ្នាក់ យើងមើលមិនឃើញទេ។

រឿងនេះ មិនគួរកើត តែបែរជាកើតឡើង គឺពិតជាគួរឱ្យស្តាយណាស់ ។ សូមចូលរួមទាំងអស់គ្នា ដើម្បីសុវត្ថិភាពសង្គមជាតិយើង ពិសេស ដើម្បីសុវត្ថិភាពរបស់យើង និងសុវត្ថិភាពកូនចៅយើង ។ សូមបង្កើនការប្រុងប្រយ័ត្នបង្ការ និងការពារទាំងអស់គ្នា៕

ចែករំលែកព័តមាននេះ