ថៃ ៖ លទ្ធផលបោះឆ្នោតថៃបង្ហាញគណបក្សថ្មីមួយ គឺគណបក្ស Move Forward បានទទួលការគាំទ្រខ្លាំងជាងគេនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភាកន្លងមក…
ថៃ ៖ លទ្ធផលបោះឆ្នោតថៃបង្ហាញគណបក្សថ្មីមួយ គឺគណបក្ស Move Forward បានទទួលការគាំទ្រខ្លាំងជាងគេនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភាកន្លងមក ។ ជ័យជំនះនេះនឹងធ្វើអោយលោក ភីថា លីមចារើនរ៉ាត Pita Limjaroenrat អាយុ៤២ឆ្នាំ ដែលធ្លាប់សិក្សានៅញ៉ូវហ្ស៊ីលែន និងនៅសាកលវិទ្យាល័យហាវ៉ឺដ Harvard សហរដ្ឋអាមេរិកទំនងនឹងក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះមួយ ។
គណបក្ស Move Forward របស់លោកដែលបង្កើតឡើងនៅឆ្នាំ២០២០ បានដណ្តើមអាសនៈចំនួន១៤៨ ចំណែកគណបក្ស ភឺថៃរបស់កូនស្រីលោកថាក់ស៊ីន គឺលោកស្រី ផែតុងតាន ស៊ីណាវាត្រា Paotongtarn Shinawatra បានទទួល១៣៨អាសនៈ ។ គណបក្សរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធវិញ គឺគណបក្សThe United Thai Nation Party ទទួលបានតែ៣៦ អាសនៈប៉ុណ្ណោះ ។
ជ័យជះនៃការបោះឆ្នោតនេះមានន័យថា លោក ភីតា លីមចារើនរ៉ាត នឹងអាចក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ បើសិនជាលោកអាចចរចាជាមួយគណបក្សផ្សេង ដើម្បីអោយបានសំឡេង៣៧៦ នៅក្នុងរដ្ឋសភាដែលមាន៥០០ អាសនៈ និងព្រឹទ្ធសភាដែលមាន២៥០អាសនៈ ។ សភាទាំងពីរនឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់ពីលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃទី១៤ ឧសភា ត្រូវបានប្រកាសជាផ្លូវការ ។
កូនស្រីរបស់លោកថាក់ស៊ីន បានព្រលយពាក្យជាស្រេច ដើម្បីត្រៀមក្នុងការចរចាជាមួយគណបក្ស Move Forward ។ លោកស្រីនិយាយថា«យើងត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយគណបក្ស Move Forward ។ ប៉ុន្តែយើងរង់ចាំមើលលទ្ធផលផ្លូវការ ។ ខ្ញុំរីករាយចំពោះពួកគេ ។ យើងអាចធ្វើការជាមួយគ្នាបាន» ។
តើលោកភីតាជានរណា? លោកមានកូនម្នាក់ ហើយធ្លាប់សិក្សានៅញ៉ូវហ្ស៊ីលែន និងសាកលវិទ្យាល័យ Harvard ប្រទេសអាមេរិក មុនពេលលោកក្លាយជាសហគ្រិនម្នាក់ ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការស្លា.ប់របស់ឪពុកគាត់នៅពេលគាត់មានអាយុ២៥ ឆ្នាំ លោកភីតា បានត្រឡប់មកផ្ទះវិញដើម្បីដំណើរការអាជីវកម្ម Agrifood របស់គ្រួសារគាត់ដែលជំពាក់បំណុលគេយ៉ាងខ្លាំង ។ ក្រោយមកគាត់បានក្លាយជានាយកប្រតិបត្តិនៃ app ដឹកជញ្ជូន Grab Thailand ។
ក្នុងឆ្នាំ២០១២ គាត់បានរៀបការជាមួយតារាសម្តែងទូរទស្សន៍ថៃ នាង ជូទីម៉ា ធីប៉ាណាត Chutima Teepanat ហើយពួកគេមានកូនស្រីម្នាក់អាយុប្រាំពីរឆ្នាំ ។ អាពាហ៍ពិពាហ៍របស់គាត់បានបែកបាក់នៅឆ្នាំ២០១៩ ។ កូនស្រីរបស់គាត់បានបង្ហាញភាពលេចធ្លោនៅក្នុងយុទ្ធនាការជាមួយនឹងឪពុក ។ លោកនាំនាងឡើងលើឆាក បន្ទាប់ពីការថ្លែងសុន្ទរកថា ជាច្រើនដែលធ្វើអោយមហាជនរីករាយ ។ តាមអនឡាញគាត់បានប្រើប្រាស់គណនីសាធារណៈ «ផ្ទាល់ខ្លួន» ដែលមានអ្នកគាំទ្រជិតមួយលាននាក់ ដើម្បីចែករំលែករូបភាពរបស់គាត់ និងកូនស្រីរបស់គាត់ពាក់អាវយឺតដែលត្រូវគ្នា និងញ៉ាំការ៉េមជាមួយគ្នា ។ ប៉ុន្តែទោះបីជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតក៏គ្មានសញ្ញាណាមួយបង្ហាញថាផ្លូវរបស់គាត់ទៅកាន់តំណែងនាយករដ្ឋមន្ត្រីនឹងត្រង់ហើយងាយស្រួលនោះទេ ។
ឥឡូវនេះ គាត់ត្រូវតែបង្កើតសម្ព័ន្ធភាពជាមួយគ្នា ដើម្បីយកឈ្នះសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរដ្ឋាភិបាលរបស់លោកប្រាយុទ្ឍ ។ លោកត្រូវការសំឡេងឆ្នោតពីសភាជាន់ទាប និងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភាចំនួនយ៉ាងតិច៣៧៦ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីនិងបង្កើតរដ្ឋាភិបាលចម្រុះមួយ ។ សូម្បីគណបក្សរបស់លោក និងគណបក្សភឺថៃរបស់កូនស្រីលោកថាក់ស៊ីនរួបរួមគ្នាក៏មិនអាចទទួលបានសំឡេង៣៧៦ ជាចំនួនច្រើនជាងពាក់កណ្តាលពីការបោះឆ្នោតរួមគ្នានៅក្នុងសភាដែលមានអាសនៈសរុប៥០០ និង ព្រឹទ្ធសភាដែលមានអាសនៈសរុប២៥០ ដែលតែងតាំងដោយរដ្ឋាភិបាលយោធារបស់លោកប្រាយុទ្ធ ។
ទោះបីជាលោកទំនងបំផុតនឹងក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ វានៅមិនទាន់ប្រាកដប្រជានៅឡើយ ។ លោកត្រូវធ្វើការបន្ថែមទៀត ដើម្បីចរចាគណបក្សផ្សេងៗ ដើម្បីបានសំឡេង៣៧៦ បង្កើតរដ្ឋាភិបាលមួយ ៕
ចែករំលែកព័តមាននេះ