ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ «​ឈ្នះ ឬ​ចាញ់ បាន​មេដាយ​ឬ​អត់​» គឺ​មិន​សំខាន់​ទេ សំខាន់ គឺ​កីឡាករ​យើង​ខិតខំ​កសាង​មិត្ត​ឱ្យ​បាន​ច្រើន ។ ពោល គឺ​កីឡា​លើស​ពី​ភាព​ឈ្នះ…

ភ្នំពេញ​៖ «​ឈ្នះ ឬ​ចាញ់ បាន​មេដាយ​ឬ​អត់​» គឺ​មិន​សំខាន់​ទេ សំខាន់ គឺ​កីឡាករ​យើង​ខិតខំ​កសាង​មិត្ត​ឱ្យ​បាន​ច្រើន ។ ពោល គឺ​កីឡា​លើស​ពី​ភាព​ឈ្នះ និង​ចាញ់ ហើយ​បើ​ទោះជា​ឈ្នះ ឬ​ចាញ់ គឺ​យើង​នៅ​ទី​នេះ​គាំទ្រ​អ្នក ។ ទាំងនេះ គឺជា​សារ​ដ៏​សំខាន់​សម្រាប់​កីឡាករ​កីឡាការិនី​កម្ពុជា ដែល​បាន និង​កំពុង​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​នេះ ។

យើង​ត្រូវ​តែ​ប្រើប្រាស់​កីឡា ដើម្បី​បង្ហាញ​ពិភពលោក​ថា កម្ពុជា គឺជា​ប្រទេស​ដ៏​ល្អ​មួយ​ដែល​ប្រជាជន​មាន​ស្នាមញញឹម​ពេញ​ផ្ទៃមុខ រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរ និង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​បាន​មក​ចូលរួម​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ។

ទស្សនាទាន​កីឡា គឺ​បង្កើត​មក​ហើយ​មិនមែន​បង្កើត​សត្រូវ​ឡើយ ។ ដូច្នេះ កម្ពុជា​ត្រូវ​ប្រើប្រាស់​ការ​ប្រកួត​ស៊ី​ហ​ហ្គេ​ម​លើក​៣២​នេះ ដើម្បី​ចងមិត្ត​ភាព​ជាមួយ​បណ្តា​ប្រទេស​១០​ទៀត នៅ​ក្នុង​អាស៊ាន​អោយ​កាន់តែ​រឹង​មាំ និង​ឈាន​ដល់​កិច្ច​សហ​ប្រតិការ​លើ​វិស័យ​កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត​ដើម្បី​ប្រយោជន៍​ជាតិ ។

ប៉ុន្មាន​ឃ្លា​ខាងលើ​នេះ​ក៏​ជា​សារ ដើម្បី​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ខ្មែរ​យើង​ផង និង​ក៏​ជា​សារ​ដ៏​សំខាន់​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​យើង​ដែល​ជា​ម្ចាស់ផ្ទះ ហើយ​ក៏​បាន​គាំទ្រ និង​ស្រឡាញ់​កីឡា ដោយ​ចង់​ឃើញ​កីឡាករ​កីឡាការិនី​ខ្មែរ​គ្រប់​ទម្រង់​កីឡា លេង​បាន​ល្អ​ជាង​នេះ និង​បាន​ឈ្នះ​លើ​គូប្រកួត​ឈាន​ទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​យើង ។

ក៏​ប៉ុន្តែ​សូម​បងប្អូន​ជនរួមជាតិ នឹកគិត​ថា កីឡា​មិន​បាន​សំដៅ​ទៅ​លើ​តែ​សេចក្តី​ឈ្នះ​ចាញ់ ចំពោះ​គូប្រកួត​នោះ​ទេ​ខ្លឹមសារ​ធំ​បំផុត​របស់​អត្ត​ព​លិ​ក ឬ​កីឡាករ​កីឡាការិនី គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្តី​អំណត់​តស៊ូ ការ​ខិតខំ​ប្រឹងប្រែង​យកឈ្នះ​លើ​ខ្លួនឯង​ចំពោះ​បញ្ហា​ដែល​កំពុង​ប្រឈម ស្តែង​ឲ្យ​ឃើញ​នូវ​ចំណុច​ពិសេស​របស់​យើង​ទៅ​កាន់​ពិភព​ខាងក្រៅ ។ មួយ​ជំហាន​នៃ​ការ​ខិតខំ​ប្រឹងប្រែង គឺជា​មួយ​ជំហាន​ខិត​ទៅ​រក​ភាព​ជោគជ័យ ។

សម្រាប់​ពេល​នេះ ពេល​ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ក្រោយ​រង់ចាំ​អស់​ពេល​៦៤​ឆ្នាំ​មក គឺ​ប្រជាជន​កម្ពុជា​គ្រប់​រូប​មាន​មោទកភាព​យ៉ាង​ក្រៃ​លែង​ចំពោះ​អត្ត​ព​លិ​ក តំណាង​ដល់​កម្ពុជា​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ​យើង​។ ដូច្នេះ​យើង​នៅ​ទី​នេះ​គាំទ្រ​អ្នក​មិន​ថា​ជ័យ​ជំនះ ឬ​បរាជ័យ​ក៏​ដោយ ។

ម្យ៉ាងវិញទៀត ទាំង​កីឡាករ​កីឡាការិនី ក៏​ដូច​ជា ប្រជាជន​កម្ពុជា​ទាំងមូល សូម​រម្លឹក​ខ្លួន​ជា​និច្ច​ថា​«​ឈ្នះ ឬ​ចាញ់ បាន​មេដាយ ឬ​អត់​» គឺ​មិន​សំខាន់​ទេ ។ សំខាន់ គឺ​កីឡាករ​យើង​ខិតខំ​ប្រកួត​អស់ពី​សមត្ថភាព និង​ខិតខំ​កសាង​មិត្ត​ឱ្យ​បាន​ច្រើន ។ ដូច​អ្វី​ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ បាន​លើក​ឡើង​ថា អំឡុង​ពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ គឺ​មាន​មនុស្ស​គ្រប់​ប្រភេទ​មក​ប្រទេស​កម្ពុជា​ទាំង​ល្អ​ទាំង​អាក្រក់ ប៉ុន្តែ​សំខាន់​កម្ពុជា​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច តែ​មាន​បេះដូង​ធំ​ទូលាយ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​ឃើញ​រូបភាព​វិជ្ជមាន​ពី​កម្ពុជា ។ ពោល គឺ​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​ន័យ​ដែល​កម្ពុជា​យើង​ឈ្នះ​កូ​វី​ដ សេដ្ឋកិច្ច​រីក​ចម្រើន ប្រជាជន​សុខ​សប្បាយ និង​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា ជា​ប្រទេស​តូច ប៉ុន្តែ​បេះដូង​ធំ​ទូលាយ ។

ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​កីឡាការិនី​គ្រប់​រូប​របស់​កម្ពុជា​យើង​ជា​ប្រជាជាតិ​ខ្មែរ ជា​អ្នកគាំទ្រ​កីឡាករ​ខ្មែរ​យើង​ក៏​ត្រូវ​តែ​យល់​ឱ្យ​ច្បាស់​ពី​អត្ថន័យ​កីឡា ហើយ​កុំ​ព្យាយាម​បញ្ឆេះ​កំហឹង​រវាង​អ្នកគាំទ្រ និង​អ្នកគាំទ្រ​ក៏​ដូច​ជា រវាង​អ្នកគាំទ្រ និង​កីឡាករ​ជាដើម ។ ពោល គឺ​អត់ធ្មត់ ហើយ​ទោះជា​កីឡាករ​យើង​ចាញ់ ឬ​ក៏​ឈ្នះ​ក៏​ជា​កីឡា ។ កីឡា នាំ​មក​នូវ​សុខភាព និង​មិត្តភាព ។ មិនមែន​កម្ពុជា​យើង​ខិតខំ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​នេះ​ដោយ​ចំណាយ​រាប់​លាន​ដុល្លារ​ហើយ​បែរជា​នាំ​បញ្ហា នាំ​រឿង​មក​វិញ​នោះ​ទេ ។

ប៉ុន្មាន​ថ្ងៃនេះ មាន​អ្នក​បំផុស​យុវជន​យើង ដែល​គាំទ្រ​បាល់ទះ ឱ្យ​ស្រែក «Thai go home» ដើម្បី​ធ្វើ​ឱ្យ​រូបភាព​ស៊ី​ហ្គេ​ម នៅ​កម្ពុជា ពេល​នេះ ធ្លាក់​ចុះ និង​អាច​យក​រូបភាព​នេះ​មក​វា​.​យ​ប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូច្នេះ​ទោះបី​ស្រឡាញ់ ឬ​ស្អប់​រាជរដ្ឋាភិបាល​ក្ដី ឬ​ក៏​ជនជាតិ ណា​ក្តី ក៏​សូម​ខ្មែរ​យើង​គ្រប់​រូប​កុំ​ភ្លេច​ថា ស៊ី​ហ្គេ​ម​លើក​ទី​៣២​នេះ តំណាង​ឱ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ។

សូមកុំ​ភ្លេច​ថា កីឡា​ស៊ី​ហ្គេ​ម គឺ​បង្កើត​ឡើង​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​មាន​ព្រំដែន​ជាប់​គ្នា​ទាំង​១១​ប្រទេស ។ អាស៊ាន​ក៏​មាន​គោលដៅ​រួម​គ្នា​តែ​មួយ ដូច​នៅ​អឺរ៉ុប​ដូច្នេះ​ដែរ ។ នៅ​អឺរ៉ុប​សព្វថ្ងៃ​បាន​បើក​ព្រំដែន សឹងតែ​ក្លាយជា​ប្រទេស​តែ​មួយ​ទៅ​ហើយ ។ ដូច្នេះ​មិន​មាន​ប្រយោជន៍​អ្វី ដែល​កម្ពុជា​យើង​យក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដែល​មានការ​ប្រកួតប្រជែង​រវាង​កីឡាករ​កីឡាការិនី តំណាង​ប្រទេស​អាស៊ាន​តែ​មួយ ហើយ​ក្លាយជា​ជម្លោះជាតិសាសន៍​នោះ​ឡើយ ។

កីឡា​យើង បាន​រីក​ចម្រើន​មក​ដល់​ប៉ុណ្ណឹង គឺជា​រឿង​ប្រសើរ​ណាស់​ហើយ ខណៈ​ដែល​រៀង​រាល់​ស៊ី​ហ្គេ​ម​ម្តង​ៗ កន្លង​មក​កម្ពុជា​យើង ដណ្តើម​បាន​មេដាយ​តិច​ជាង​១០០​គ្រឿង​ទេ ។ តែ​សម្រាប់​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពេល​នេះ មិន​ទាន់​ចប់​ការ​ប្រកួត​ផង គឺ​កម្ពុជា​យើង​ទទួល​បាន​ដល់​ទៅ​ជាង​១០០​មេដាយ ហើយ​ស្ថិត​នៅ​ជា​ប់ណ្តោះអាសន្ន ពេល​នេះ ឈរ​នៅ​លេខ​រៀង​ទី​២ ក្នុង​ចំណោម ១១​ប្រទេស ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍ ស៊ី​ហ្គេ​ម លើក​ទី​៣២​នេះ​។

ជា​រួម មិន​មាន​ប្រយោជន​អ្វី ដែល​កម្ពុជា​យើង​យក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដើម្បី​បញ្ឆេះ​កំហឹង​បង្ក​ជា​ជម្លោះជាតិសាសន៍ ឬ​ក៏​ខឹងសម្បា​រលើ​កីឡាករ​កីឡាការិនី​កម្ពុជា​ខ្លួនឯង ឬ​ក៏​កីឡាករ​កីឡាការិនី​បរទេស​នោះ​ទេ ។ ប្រជាជន​កម្ពុជា សុទ្ធ​សឹង​ជា​មនុស្ស​ល្អ ចិត្ត​ទូលាយ និង​រាក់ទាក់ ។ ពេល​នេះ គេ​មក​ប្រទេស​យើង ហើយ​លើក​មុន​ៗ យើង​ទៅ​ប្រទេស​គេ និង​ច្បាស់​ជា​លើក​ក្រោយ​ៗ​ទៀត យើង​ក៏​ទៅ​ចូលរួម​ស៊ី​ហ្គេ​ម នៅ​ប្រទេស​គេ​វិញ​ដែរ ។ ម្តង​គេ ម្តង​យើង ។ បើ​កីឡា​ណា​យើង​អន់​ខ្សោយ​ជាងគេ យើង​ត្រូវ​ប្រឹងប្រែង​ហើយ​កីឡា​ណា​ដែល​យើង​ល្អ​ហើយ ឈ្នះ​មេដាយមាស​ថែម​ទៀត ក៏​យើង​នៅ​ត្រូវ​បន្ត​ហ្វឹកហាត់​ឱ្យ​កាន់តែ​បាន ប្រសើរ​ថែម​ទៀត​។ ចូរ​កុំ​ភ្លេច​ថា ជា​ធម្មតា ការ​ប្រកួត​កីឡា​តែងតែមាន​ចាញ់ មាន​ឈ្នះ ឬ​ក៏​អាច​ស្មើ ។ ក្នុង​នោះ ក៏​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ថា កីឡា លើស​ពី​ភាព​ឈ្នះ និង​ចាញ់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ