ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​របស់​យើង​ជា​រួម គឺ​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ បើ​ទោះបីជា​ពេល​នេះ​យើង​បាន​របូត​ធ្លាក់​មក​លំដាប់​ទី​៣នៃ​តារាង​មេដាយ​ក៏​ដោយ​ចុះ ។ គិត​ត្រឹម​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​របស់​យើង​ជា​រួម គឺ​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ បើ​ទោះបីជា​ពេល​នេះ​យើង​បាន​របូត​ធ្លាក់​មក​លំដាប់​ទី​៣នៃ​តារាង​មេដាយ​ក៏​ដោយ​ចុះ ។

គិត​ត្រឹម​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ កម្ពុជា​នៅ​លើ​តារាង​មេដាយ​លំដាប់​លេខ​៣ ដោយ​ទទួល​បាន​មេដាយមាស​សរុប​៤៨ មេដាយ ប្រាក់​៤១ មេដាយ និង​សំរឹទ្ធ គឺ​៤៩ មេដាយ ខណៈ​ដែល​វៀតណាម​នៅ​លំដាប់​ទី​១ ជាមួយនឹង​មេដាយមាស​៥០ ប្រាក់​៥១ និង​សំរឹទ្ធ ៦៣ ហើយ​ថៃ​នៅ​លំដាប់​ទី​២ ដោយ​មាន​មេដាយមាស​៥០ មេដាយ​ប្រាក់​បាន​៣៦​មេដាយ ហើយ​មេដាយ​សំរឹទ្ធ​វិញ គឺ​បាន​រហូត​ដល់​ទៅ​៥២​មេដាយ ។

នៅ​ក្នុង​ចំណោម​មេដាយ​ដែល​យើង​បាន​ទទួល គឺ​ភាគច្រើន​បំផុត គឺជា​ប្រភេទ​មេដាយ​បែប​កីឡា ប្រយុទ្ធ និង​សម្តែង ដែល​រួម​មាន​ភាគច្រើន​តែ​ប្រភេទ​កីឡា​យុទ្ធ​គុណ​ចម្រុះ ដែល​រួម​មាន ដូច​ជា វូ​វី​ណា​ម ល្បុក្កតោ គុណ​ខ្មែរ ជូ​ជី​តស៊ូ ហើយ​ប្រភេទ​កីឡា​ដែល​កម្ពុជា​ទទួល​ផ្សេង​ពី​នេះ​ដែល​យើង​មាន​សក្តានុពល​ដែល​នោះ គឺ​ដូច​ជា​សីដក់ ។

ប្រភព​កីឡា​ដែល​អត្ត​ព​លិ​ក​យើង​ធ្វើ​បាន​ល្អ​ទាំងអស់​ភាគច្រើន​តាម​ការ​ពិនិត្យ​មើល​របស់​យើង គឺ​ភាគច្រើន​ជា​ប្រភេទ​កីឡា​ដែល​លេង​នៅ​ក្នុង​តំបន់​ភាគច្រើន​ដោយ​ខ្លះ​បញ្ចូល​ដោយ​កម្ពុជា​ខ្លះ​ដោយ​វៀតណាម ខ្លះ​ដោយ​ឥណ្ឌូ​នេ​ស៊ី​ជាដើម ប៉ុន្តែ​កីឡា​ផ្សេង​ៗ​ដែល​មាន​ប្រវត្តិ​យូរលង់​នៅ​ក្នុង​វិស័យ​កីឡា ជា​ពិសេស គឺ​អូ​ឡាំ​ពិ​ក​តែ​ម្តងនោះ គឺ​កម្ពុជា​នៅ​មិន​ទាន់​ធ្វើ​បាន​នៅឡើយ​ទេ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ អត្ត​ព​លិ​ក​របស់​យើង​នៅ​មិន​ទាន់​អាច​រក​មេដាយ​បាន​នឹង​គេ​នៅឡើយ ។

កីឡា​ដែល​កម្ពុជា​នៅ​មាន​សភាព​ទន់ខ្សោយ​ដែល​ត្រូវការ​បំពាក់បំប៉ន​បន្ថែម ឬ​ក៏​បង្កើន​ការ​វិយោគ​ឲ្យ​ក្លាយទៅជា​កីឡា​ដ៏​មាន​សក្តានុពល​នៅ​ពេល​អនាគត​នោះ គឺ​ដូច​ជា ប្រភេទ​កីឡា អត្តពលកម្ម កីឡា​នៅ​លើ​ទឹក និង​កីឡា​កាយសម្ព័ន្ធ ។

តាម​ការ​តាមដាន​ដែល​យើង​បាន​ពិនិត្យ​នៅ​ការ​ផ្សព្វផ្សាយ​កន្លង​មក នៅ​លើ​វិញ្ញាសារ​ប្រកួត​កីឡា​ទាំង​ប៉ុន្មាន​នេះ​កុំ​ថា ឡើយ​ដល់​ទៅ​ដណ្តើម​មេដាយ គឺ​សូ​ម្បី​តែ​នៅ​ចំណាត់ថ្នាក់​ក្បែរ​នឹង​អ្នក​ទទួល​មេដាយ​ក៏​យើង​នៅ​មិន​ទាន់​ធ្វើ​បាន​នៅឡើយ​ទេ ។ ឧទាហរណ៍​ព្រឹត្តិការណ៍​ប្រកួត កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែឧសភា កីឡា​ការ​នី​រត់​ច​ង្ងាយ​៥០០០ ម៉ែត្រ​ម្នាក់​រត់​ក្រោយ​អ្នកលេង​មួយ​ដល់​ទៅ​ជាង​៦​នាទី តែ​នាង​តស៊ូ​រត់​ក្រោម​ដំណក់ទឹកភ្លៀង​រហូត​ដល់​ឆ្លង​ទី​ផ្តាច់​ព្រ័ត​ក្រោយ​គេ ប៉ុន្តែ​នាង​បាន​ឈ្នះ​បេះដូង​ពី​អ្នកគាំទ្រ​ទាំង​ជាតិ និង​អន្តរជាតិ​ដោយសារ​តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​នាង​តស៊ូ​រត់​រហូត​ដល់ទី ។

ក្រៅពី​នេះ​នៅ​លើ​ប្រភេទ​កីឡា​ខ្លះ​ដែល​យើង​មិនសូវ​រំពឹង​តែ​បាន​មេដាយមាស​នឹង​គេ​មួយ​ៗ​ដែរ​នោះ គឺ​ដូច​ជា​បាល់បោះ គ្រី​ឃិ​ត ទ្រី​យ៉ា​ត្លុង វាយ​សី បាត់​ទាត់​នៅ​លើ​តុ​…​។ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល​គេ​បាន​រៀបចំ​តាំងពី​ថ្ងៃ​ទី​២៩ ខែមេសា រហូត​ដល់​ថ្ងៃ​បើក​នឹង​ឈាន​ដល់​ថ្ងៃ​ទី​១០ ខែឧសភា កន្លង​ទៅ​នេះ​កីឡា​ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​នឹង​ការ​គាំទ្រ​ខ្លាំងក្លា​ជាងគេ​បំផុត គឺ​បាល់ទាត់ ប៉ុន្តែ​អត្ត​ព​លិ​ក​កម្ពុជា​ធ្វើ​មិនសូវ​ល្អ​ដោយ​ឈ្នះ​ត្រឹមតែ​មួយ​ប្រកួត​ស្មើរ​មួយ​ប្រកួត​ចាញ់​ពីរ​ប្រកួត​ចុង​ក្រោយ ហើយ​កីឡា​មួយទៀត គឺ​កីឡាបាល់ទះ​ដែល​រីក​ចម្រើន​មែនទែន ដោយ​ឈាន​ដល់​ដំណាក់កាល​ផ្តាច់​ព្រ័ត ដណ្តើម បាន​មេដាយ​ប្រាក់​ជូន​ជាតិ ។

មក​ដល់​ពេល​នេះ អត្ត​ព​លិ​ក​ដែល​នៅ​លើ​កំពូល​តារា​លើ​កម្ពុជា គឺ​វៀតណាម ដោយ​អត្ត​ព​លិ​ក​របស់​គេ​អាច​ធ្វើ​បាន​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ហើយ​ថៃ​ដែល​នៅ​លំដាប់​លេខ​២ នៅ​លើ​កម្ពុ​ជាមួយ​លេខ ក៏​អត្ត​ព​លិ​ក​របស់​គេ​មាន​ជំនាញ​សឹងតែ​គ្រប់​ប្រភេទ​កីឡា ឥណ្ឌូ​នេ​ស៊ី ក៏​អាច​ថា មាន​អត្ត​ព​លិ​ក​មាន​សមត្ថភាព​ចម្រុះ​ច្រើន​ជាង​កម្ពុជា​ផង​ដែរ ខណៈ​ដែល​សិង្ហ​បុរី​ខ្លាំង​បំផុត គឺ​កីឡា​នៅ​លើ​ទឹក​ដោយនៅ​ក្នុង​ចំណោម​មេដាយមាស​ដែល​គេ​ដណ្តើម​បាន​២៦ មេដាយ​នោះ កីឡា​នៅ​លើ​ទឹក​មាន​មេដាយមាស​សរុប​១៩ មេដាយ ហើយ​កីឡាករ និង​កីឡាការិនី​របស់​គេ​ធ្វើ​បាន​នៅ​ក្នុង​កម្រិត​មួយ​លឿន​ជាង​បំផុត​នៅ​លើ​ប្រភេទ​កីឡា​នេះ ។

សរុប​មក​វិញ ប្រសិនបើ​កម្ពុជា​ចង់​បន្ត​ជំរុញ​ឲ្យ​វិស័យ​កីឡា​កាន់តែ រីក​ចម្រើន​បន្ថែម​ទៀត មុខ​ទៀត​នោះ គឺ​សំខាន់​បន្ត​គាំពារ និង​ទំនុកបម្រុង​លើកកម្ពស់​កីឡា​ដែល​មាន​សក្តានុពល​ស្រាប់ កុំអោយ​លិចលង់​ទៅ​វិញ ហើយ​បង្កើន​ការ​យកចិត្តទុកដាក់​បំពាក់បំប៉ន​លើកទឹកចិត្ត និង ស្វះ​ស្វែងរក​អត្ត​ព​លិ​ក​ដែល​មាន​ជំនាញ​មាន​ទេព​កោសល្យ ព្រមទាំង​សមត្ថភាព​នៅ​លើ​ប្រភេទ​កីឡា​ដែល​សឹងតែ​គ្មាន​មេដាយ​សម្រាប់​កម្ពុជា​នៅ​ពេល​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ