- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅពេលនេះ មានយុវជនកាន់តែច្រើនមកពីតាមបណ្តាខេត្តនានាបានតស៊ូឡើងមកបន្តការរៀនសូត្រ ថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញ ។ ពួកគេខ្លះឆ្លៀតធ្វើការផង និងរៀនមហាវិទ្យាល័យផង ហើយភាគច្រើន…
រាជធានីភ្នំពេញ ៖ នៅពេលនេះ មានយុវជនកាន់តែច្រើនមកពីតាមបណ្តាខេត្តនានាបានតស៊ូឡើងមកបន្តការរៀនសូត្រ ថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញ ។ ពួកគេខ្លះឆ្លៀតធ្វើការផង និងរៀនមហាវិទ្យាល័យផង ហើយភាគច្រើន…
រាជធានីភ្នំពេញ ៖ នៅពេលនេះ មានយុវជនកាន់តែច្រើនមកពីតាមបណ្តាខេត្តនានាបានតស៊ូឡើងមកបន្តការរៀនសូត្រ ថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញ ។ ពួកគេខ្លះឆ្លៀតធ្វើការផង និងរៀនមហាវិទ្យាល័យផង ហើយភាគច្រើន ស្នាក់អាស្រ័យនៅបន្ទប់ជួល ។
នេះ គឺជាការតស៊ូ ដើម្បីអនាគតរបស់ខ្លួន ខណៈដែលឪពុកម្តាយនៅឯស្រុក ក៏ខិតខំធ្វើស្រែចម្ការ ឬក៏រកស៊ី ដើម្បីសន្សំលុយផ្ញើមកឱ្យកូនបានរៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យ ។ អ្នកខ្លះក៏បានឆ្លៀតពេលទំនេរពីការសិក្សា ទៅធ្វើការងារក្រៅម៉ោង នៅតាមហាងកាហ្វេ ហាងលក់ទំនិញ ឬក៏ធ្វើការនៅតាមក្រុមហ៊ុនឯកជននានា ។ និស្សិតមកពីខេត្តខ្លះទៀតក៏បានជ្រើសយកម៉ោងរៀនថ្នាក់មហាវិទ្យាល័យនៅវេនយប់ ហើយពេលព្រឹក និងថ្ងៃពួកគេឆ្លៀតធ្វើការ ដើម្បីបានបទពិសោធការងារផង និងបានចំណូលជួយដោះស្រាយជីវភាពផង ។
កាលពីជំនាន់ដើមនៅទស្សវត្សរ៍ ឆ្នាំ១៩៩០ សិស្សនិស្សិត ដែលឡើងមកពីតាម បណ្តាខេត្តនានាមករៀនបន្តនៅថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ មិនសូវជាមានច្រើនប៉ុន្មានទេ ។ ណាមួយកាលណោះ ក៏មិនទាន់មានផ្ទះជួលនៅភ្នំពេញច្រើនដូចសព្វថ្ងៃឡើយ ។ ដូច្នេះកូនអ្នកស្រែចម្ការដែលឡើងមកបន្តការសិក្សា នៅភ្នំពេញ ក៏ស្ទើរតែទាំងអស់ជាបុរសៗ ហើយភាគច្រើនស្នាក់នៅតាមវត្តអារាម និងនៅតាមផ្ទះបងប្អូន ។
ម្យ៉ាងទៀត កាលពីមុនសិស្សឡើងមករៀនបន្តនៅភ្នំពេញ ក៏មិនសូវជាចំណាយលុយច្រើនដូចសព្វថ្ងៃប៉ុន្មានទេ ព្រោះបាយទឹក និងកន្លែងស្នាក់នៅអាស្រ័យនៅតាមវត្តអារាម ។ តែមិនថា ក្មេងវត្ត ឬអ្នកស្នាក់នៅផ្ទះបងប្អូននោះទេពួកគេត្រូវជាអ្នកឧស្សាហ៍ព្យាយាមទាំងការរៀន សូត្រផង និងទាំងការចូលរួមជួយធ្វើការផ្ទះ ឬក៏ធ្វើការងារសម្អាតវត្តអារាម រួមទាំងជួយក្នុងកម្មវិធីបុណ្យទាននានា ។
មកដល់សម័យកាលក្រោយបន្តិច ចូលដល់ទស្សវត្សរ៍ ឆ្នាំ២០០០ ផ្ទះជួល បន្ទប់ជួលនៅភ្នំពេញ កើតឡើងច្រើន ហើយចំនួនយុវជនសិស្សនិស្សិតមកពីខេត្ត ឡើងមកភ្នំពេញ ក៏មានច្រើនមិនថា ប្រុស មិនថា ស្រីទេ គឺឪពុកម្តាយបានខិតខំបញ្ជូនកូនៗមករៀនចំណេះជំនាញនៅភ្នំពេញ ដើម្បីអនាគតល្អរបស់ពួកគេ ។
ភាគច្រើននៃយុវជនមកពីខេត្តពេលនេះ គឺជួលផ្ទះ ឬស្នាក់នៅតាមបន្ទប់ជួល ហើយក៏មានមិនច្រើនទេ ដែលសិស្សនិស្សិតខ្លះអាចសុំកន្លែងស្នាក់នៅតាមវត្ត ឬក៏អន្តេវាសិកដ្ឋានរបស់រដ្ឋ ឬនៅតាមសាលាមហាវិទ្យាល័យនានារបស់រដ្ឋ ដើម្បីស្នាក់នៅ ដោយមិនគិតថ្លៃ ក្នុងពេលរៀនសូត្រនេះ ។ ពួកគេត្រូវចំណាយច្រើនជាងសម័យមុន លើថ្លៃផ្ទះជួលទឹកភ្លើង និងបាយទឹក រួមទាំងការធ្វើដំណើរ ថ្លៃសាំងម៉ូតូជាដើម ។
នៅឆ្ងាយពីផ្ទះដូច្នេះ បើសិនជាយុវជនយើងមានចិត្តគំនិតល្អ នឹកគិតអាណិតឪពុកម្តាយ និងបងប្អូន ដែលខំជួយឱ្យខ្លួនបានឡើងមកបន្តការសិក្សានៅភ្នំពេញ នោះពួកគេនឹងខិតខំតែពីរៀនសូត្រ ហើយឆ្លៀតពេលទំនេរទៅធ្វើការ ដើម្បីបានបទពិសោធ និងប្រាក់ចំណូល គ្រាន់នឹងជួយផ្គត់ផ្គង់ជីវភាពក្នុងជីវិតសិក្សា ។
ផ្ទុយទៅវិញ បើសិនជាយុវជនយើងមិនថា ស្រី ឬប្រុស ដែលភ្លេចគិតហើយលង់នឹងការអូសទាញរបស់មិត្តភក្តិមកដល់ភ្នំពេញ មិនគិតរៀនសូត្រដើរតែលេង ឬក៏រៀនឱ្យតែចប់ឆ្នាំនៅមហាវិទ្យាល័យ៤ឆ្នាំ នោះអាចថា ពួកគេរៀនចប់មហាវិទ្យាល័យមែន តែមិនមានចំណេះជំនាញឱ្យច្បាស់ពិតប្រាកដ ហើយអាចនឹងពិបាករកការងារល្អធ្វើឱ្យត្រូវនឹងជំនាញរបស់ខ្លួន ដែលបានរៀនសូត្រនោះទេ ។
ចំណែកការចំណាយលុយនៅថ្នាក់មហាវិទ្យាល័យនេះក៏ត្រូវអ្នកផ្ទះបញ្ជូនមកពីស្រុករៀងរាល់ខែណាមួយថ្លៃផ្ទះជួល ហើយណាមួយថ្លៃចំណាយលើម្ហូបអាហារ និងសំលៀកបំពាក់ថ្លៃសៀវភៅរៀនថែមទៀត ។ អស់ទាំងលុយឪពុកម្តាយបងប្អូនហើយ ចប់តែឆ្នាំសិក្សានៅមហាវិទ្យាល័យ តែមិនបានចំណេះជំនាញដែលអាចរកការងារល្អបានធ្វើ គឺជារឿងមួយដែលមិនគួរទាល់តែសោះសម្រាប់យុវជនយើង ។
ដូច្នេះអំឡុងពេលដែលឪពុកម្តាយ បងប្អូនមានលទ្ធភាពខំប្រឹងប្រែងបញ្ជូនកូនចៅបងប្អូនមកបន្តការសិក្សារៀនសូត្រនៅភ្នំពេញហើយ តោងយុវជនយើងត្រូវតែខិតខំប្រឹងតែរៀន ។ នៅថ្នាក់មហាវិទ្យាល័យ៤ឆ្នាំមិនយូរទេ ។ ធ្មេចបើកៗ នឹងចប់មហាវិទ្យាល័យហើយ ។ អំឡុងពេលឡើងមករៀនសូត្រនៅភ្នំពេញនេះ យុវជនយើងអាចធ្វើការងារស្ម័គ្រចិត្តជាមួយក្រុមយុវជន ឬក៏ខិតខំធ្វើការងារក្រៅម៉ោងសិក្សា ហើយប្រឹងរៀន។ មិនខ្វះទេពេលដើរលេង ក្រោយពីរៀនចប់ ពិសេសនៅពេលមានការងារធ្វើ ។ ពាក្យចាស់លោកពោលថា «លំបាកមុន ស្រណុកក្រោយ»៕
ចែករំលែកព័តមាននេះ