រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។

គ.ជ.ប ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះដោយសារបក្សភ្លើងទៀនពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ស្តីពីការបោះឆ្នោតក្រោយពីដាក់សុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទៅកាន់ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ពោល គឺមុនមួយថ្ងៃនៃការកំណត់ ។

យោងតាមលិខិតជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី៩ ឧសភានេះ បានឲ្យដឹងថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែមមានដូចខាងក្រោម ៖ ១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន១(មួយ)ច្បាប់ ។ ២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ។ ដូចនេះ គណបក្សភ្លើងទៀនត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ។
៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥,០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ ។ ដូច្នេះប្រធានគណបក្សត្រូវធ្វើការបំពេញលក្ខខណ្ឌដែលខ្វះខាតឲ្យបានត្រឹមត្រូវយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង ។

សូមបញ្ជាក់ថា គណបក្សភ្លើងទៀនបានដាក់បញ្ជីបេក្ខភាពតំណាងរាស្ត្រទៅ គ.ជ.ប កាលពីថ្ងៃ៧ ឧសភា មុនមួយថ្ងៃនៃការបិទបញ្ចប់ដោយមានតំណាងរាស្ត្រឈរឈ្មោះបោះ ឆ្នោតតាមអាសនៈតម្រូវទាំង១២៥អាសនៈ នៅទូទាំង២៥ រាជធានី-ខេត្តសរុបទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង មានចំនួន២៦៤
គ.ជ.ប បានប្រកាសទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងរយៈពេល១៥ថ្ងៃនេះ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីក្នុងនោះគណបក្ស១១ បានទទួលស្គាល់ និង៩ទៀតកំពុងស្ថិតក្នុងការពិនិត្យពិចារណា ។

ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រគណ បក្សភ្លើងទៀនបានដើរចេញជាបន្តបន្ទាប់មកចុះចូលជាគណបក្សកាន់អំណាច ក្នុងគ្រាដំណើរការបោះឆ្នោតថ្នាក់ជាតិបាំង តែជិត២ខែទៀតឈានចូលដល់ ។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ