ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មេដាយ ប៉ុន្តែកីឡាការិនី​កម្ពុជា បូ​សំណាង បាន​បេះដូង​ពី​ខ្មែរ​គ្រប់​រូប រួម​ទាំង​ប្រទេស​ជិតខាង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នក​សារព័ត៌មាន​បរទេស​ជា​ច្រើន​នាក់ បាន​តាម​ផ្តិត​យក​រូបភាព​របស់​កីឡាការិនី​កម្ពុជា បូ​សំណាង ក្នុងពេលរត់​ចម្ងាយ​ ៥​គីឡូម៉ែត្រ​ ក្រោម​ដំណក់ទឹកភ្លៀង កំពុង​មាន​ខ្យល់​ខ្លាំង។ ហើយ​ការ​តាម​ផ្តិត​យក​រូបភាព និង​វី​ដេ​អូ​នេះ…

រាជធានី​ភ្នំពេញ​៖ អ្នក​សារព័ត៌មាន​បរទេស​ជា​ច្រើន​នាក់ បាន​តាម​ផ្តិត​យក​រូបភាព​របស់​កីឡាការិនី​កម្ពុជា បូ​សំណាង ក្នុងពេលរត់​ចម្ងាយ​ ៥​គីឡូម៉ែត្រ​ ក្រោម​ដំណក់ទឹកភ្លៀង កំពុង​មាន​ខ្យល់​ខ្លាំង។ ហើយ​ការ​តាម​ផ្តិត​យក​រូបភាព និង​វី​ដេ​អូ​នេះ មិនមែន​ដោយសារ​នាង​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​ដោយសារ​តែការ​តស៊ូ​របស់នាង​មិន​បោះបង់​ការ​ប្រកួត រត់​រហូត​ដល់​គោលដៅ ទោះបីជា​នាង​មក​ដល់ទី ក្រោយ​គេ​បង្អស់​ក្តី ។

អ្នក​ថតរូប​ជនជាតិ​ថៃ​មួយ​រូប​ បាន​បង្ហោះ​រូបភាពប៉ុន្មាន​សន្លឹក​អមដោយសារ កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៣​ថា ៖«​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​កីឡាការិនី​កម្ពុជា បង្ហាញ​ឲ្យ​គាត់​យល់​ពី​អត្ថន័យ នៃ​កីឡា គឺជា​ការ​តស៊ូ ដើម្បី​សម្រេច​គោលបំណង ទោះ​ឧបសគ្គ ឬ​លទ្ធផល​យ៉ាងណា​ក៏​ដោយ ក៏​មិន​បោះបង់​» ។

ដោយឡែក សារព័ត៌មាន​វៀតណាម និង​កាសែត​ថៃ បាន​ផ្តិត​យក​សកម្មភាព​ភាព​ទាំង​អស់នេះ និង​សរសេរ​ពី​ភាព​តស៊ូ របស់​កីឡាការិនី​កម្ពុជា បូ​សំណាង រត់​រហូត​ដល់​គោលដៅ ទោះ​ចាញ់​ក៏​ដោយ ក៏​នាង​មិន​បោះបង់ ឫ​បញ្ឈប់​កណ្តាល​ទី​ឡើយ​។

ថ្វីបើ បូ សំណាង មិន​បាន​មេដាយមាស ប៉ុន្តែ​ទទួល​បាន​មេដាយ​(​បេះដូង​)​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស សូ​ម្បី​ប្រទេស​ជិតខាង ក៏ត្រូវ​បាន​ប្អូនស្រី សំណាង ប្រមូល​បេះដូង​បាន​អស់ហើយ ពិត​រំភើប​ចិត្តខ្លាំង​ណាស់​។ ស្រប​ពេល​សារ​គាំទ្រ​បង្ហោះ​ព្រោងព្រាត​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចាប់តាំងពី​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ ដែល​មនុស្ស​ភាគច្រើន​បាន​កោតសរសើរ និង​ផ្តល់​កម្លាំងចិត្ត​ដល់​នាង ។

សូមបញ្ជាក់​ថា ប្រភេទ​កីឡាអត្តពលកម្ម នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏​បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ។ កីឡាការិនី​វៀតណាម Nguyễn Thị Oanh មេដាយមាស រត់​ចម្ងាយ ៥,០០០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា​១៧:០០.៣៣០ ។ ចំណែក​ប្អូនស្រី​សំណាង​ប្រើ​ថិរវេលា ២២:៥៤.២២០ ទោះជា​ដឹង​ថា​មិន​ឈ្នះ​គេ ​តែ​ប្អូនស្រី​ប្រឹង​រហូត​រត់​មក​ដល់ទី ក្រោយ​គេ លើក​ទង់ជាតិ​កម្ពុជា ទាំង​ទឹកភ្នែក ពេល​មេឃ កំពុង​ភ្លៀង​ខ្យល់​ខ្លាំង ៕
រូបភាពរបស់ : MAIN STAND

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ