ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានអំពាវនាវដល់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ក្នុងការបើកផ្លូវច្រកចេញខាងក្រោយចំណតរថយន្ត ខាងមុខទីប្រជុំជនផ្សារលើឲ្យបានធំទូលាយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈភ្ញៀវទេសចរ មានការកើនឡើងជាបន្តបន្ទាប់ហើយកកស្ទះរកផ្លូវចេញមិនបាន ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ ទី៧ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ) ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ រួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ បាននាំគ្នាធ្វើដំណើរចូលមកកាន់ទីប្រជុំជនផ្សាលើ ដើម្បីទិញម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ មុននឹងធ្វើដំណើរចេញទៅលេងកម្សាន្តនៅតាមតំបន់ឆ្នេរនានានៅក្នុងក្រុងព្រះសីហនុ ។

ភ្ញៀវទេសចរជាតិដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តផ្សេងៗទៀតជាច្រើននាក់ ក្នុងលក្ខខណ្ឌសុំមិនបង្ហាញអត្តសញ្ញាណបានសម្តែងការរអ៊ូរទាំ និងថ្នាំងថ្នាក់ក្នុងចិត្ត ខណៈពេលដែលមិនមានចំណតរថយន្ត ឬហៅថា (បេនឡាន) ឲ្យបានត្រឹមត្រូវតាមស្តង់ដា ។ ថ្វីដ្បិតតែចំណតនៅខាងមុខផ្សារលើមានពិតមែន តែចំណតនោះមានតែច្រកចូល មិនមានច្រកចេញ ដោយសារតែផ្លូវចេញផ្នែកខាងក្រោយបានរួមតូចចង្អៀត និងត្រូវបានក្លាយទៅជាចំណតសម្រាប់ការផ្ទេរទំនិញពីរថយន្តធំៗ បិទផ្លូវជិតតែម្តង។ មិនមានការរៀបចំពីមន្ត្រីជំនាញ និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីធ្វើការបែងចែកដាក់ច្រកចូល និងច្រកសម្រាប់ចេញ តាមបណ្តាញផ្លូវក្រវាត់សុវត្ថិភាព ដើម្បីរំដោះការកកស្ទះដែលមានស្រាប់ហើយនោះទេ ។

អ្នកទេសចរថា បើមានការយកចិត្តទុកដាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ រៀបចំបានជាចំណតដែលមានស្តង់ដា ដោយមានច្រកចូល និងច្រកចេញដាច់ពីគ្នា លទ្ធផលដែលទទួលបាន គឺលើកមុខមាត់សោភ័ណភាពទីក្រុង កាត់បន្ថយការរិះគន់ពីភ្ញៀវទេសចរ កាត់បន្ថយបានការកកស្ទះចរាចរនៅខាងមុខទីប្រជុំជនផ្សាលើមិនខានឡើយ ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមនឹងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សំណូមពរដល់អាជ្ញាធរមានជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ក្នុងការរៀបចំចំណតរថយន្ត (បេនចតឡាន-ម៉ូតូកង់បី) ឲ្យមានច្រកចូល និងមានច្រកចេញ មិនអនុញ្ញាតឲ្យភ្ញៀវជាអ្នកដំណើរត្រឡប់ក្រោយ តាមច្រកចូល ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ បណ្តាលឲ្យមានការថ្នាំងថ្នាក់ក្នុងចិត្ត រាលដាលទៅជាអំពើហិ.ង្សាក៏ថាបាន ។

ម្យ៉ាងទៀត បើសិនជាមន្ទីរសាធារណការ និងរដ្ឋបាលក្រុងព្រះសីហនុ រៀបចំចំណតរថយន្តបានត្រឹមត្រូវទៅតាមស្តង់ដា បែងចែកដាច់ច្រកចូលនិងច្រកសម្រាប់ចេញ ក៏ជាមុខមាត់សម្រាប់ខេត្តដែលកំពុងតែមានសក្តានុពលលើវិស័យទេសចរណ៍ ហើយទីតាំងចំណតក៏ជាប្រភពសោភ័ណភាពសណ្តាប់ធ្នាប់ទីក្រុងស្អាត និងជាប្រភពចំណូលថវិកាជាតិផងដែរ ។

ផ្ទុយទៅវិញ ប្រសិនបើមិនមានការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវឲ្យបានខ្ពង់ខ្ពស់ ហើយមើលរំលងដូចពេលកន្លងមកនេះទេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បន្តការរិះគន់ដល់អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធថា មន្ត្រីថ្នាក់ដឹកនាំអសមត្ថភាពហើយ ។

អ្នកយកព័ត៌មានយើងមិនអាចស្វែងរកការបកស្រាយពីមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលក្រុងព្រះសីហនុបានទេ គឹតត្រឹមព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ៕




ចែករំលែកព័តមាននេះ