ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មេដាយមាស​ស៊ីហ្គេម កម្ពុជា ៥គ្រឿងដំបូង ​ជានរណា?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មានកីឡាករកីឡាការិនីកម្ពុជា ចំនួន ៦រូប ដែលទទួលបានមេដាយមាស ៥គ្រឿង នៅថ្ងៃទី៤ឧសភានេះ លើ ២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម…

ភ្នំពេញ៖ មានកីឡាករកីឡាការិនីកម្ពុជា ចំនួន ៦រូប ដែលទទួលបានមេដាយមាស ៥គ្រឿង នៅថ្ងៃទី៤ឧសភានេះ លើ ២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា​។ ក្នុងនោះ កីឡាជឺជិត​ស៊ូ មេដាយមាស ១គ្រឿង ( សម្តែង​គូផ្នែក​បុរស ២​នាក់) និង​ក្បាច់គុនល្បុក្កតោ ៤គ្រឿង ( ស្ត្រី ២នាក់ បុរស ២នាក់ )។

ទទួលមេដាយមាស ដំបូងគេ គឺកីឡាករកម្ពុជា គង់មូណា មិថុរ៉ា និងទូច ពីរកក្កដា បានឈ្នះមេដាយមាស​ ក្នុង​ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាសម្តែងបុរស​ជាគូ។

ចំណែកមេដាយមាស ៤គ្រឿងទៀត បានទៅលើកីឡាករកីឡាការិនី​កម្ពុជា ដែល​សម្តែងទោល​ផ្នែក​​បុរស និងស្ត្រី ក្នុងប្រភេទវិញ្ញាសា​​រក្បាច់គុនល្បុក្កតោ គឺវិញ្ញាសារ​ សម្តែង​ព្រលឹងគុនល្បុក្កតោ៖ ១-កីឡាករ​ ពន្លឺ ពេជ្រមរកត និង២-កីឡាការិនី ម៉ៅ លក្ខិណា។ ៣-វិញ្ញាសារ ទ្វារគុនអាវុធឥតមុខ គឺកីឡាករ គឹម ទិត្យសុវឌ្ឍន:។ ៤-កីឡាការិនី យស សញ្ចនា ទទួលបានមេដាយមាស លើវិញ្ញាសាសម្ដែងគុនល្បុក្កតោ គ្មានអាវុធ ផ្នែកនារី។

ដោយឡែក មេដាយមាស ៤គ្រឿង​ទៀត រួមមាន៖ ១-កីឡាជឺជីតស៊ូ វិញ្ញាសាសម្ដែងគូស្ត្រី កីឡាការិនីថៃ Kunsatri Kumsroi និង Suphawadee Kaeosrasaen។ ២-កីឡាការិនី ហ្វីលីពីន Kaila Isip Napolis ក្នុងប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសា​ប្រយុទ្ធ ផ្នែក​ស្ត្រី ទម្ងន់ ៥២គ.ក ( កីឡាការិនីហ្វីលីពីននេះ ឈ្នះ​កីឡាការិនីកម្ពុជា ខាន់ ចេសា )។ ៣-កីឡាករឡាវ​ Kongngern Inthisarn លើវិញ្ញាសាសម្តែងទ្វារមេគុនដៃ គុនល្បុក្កតោ។ ៤-កីឡាការិនីហ្វីលីពីន Angel Alcances Derla លើវិញ្ញាសាសម្ដែងទ្វាមេគុនអាវុធឥតមុខ (ខែលឬស្សី)។

សូមរម្លឹកថា នៅថ្ងៃទី៤ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានផ្តល់​ជូន​មេដាយមាស ៩គ្រឿង ដល់កីឡាករកីឡាការិនី ក្នុងប្រភេទ​កីឡា ២ប្រភេទ គឺជឺជិតស៊ូ ៣គ្រឿង និងគុនល្បុក្កតោ ៦គ្រឿង។ ក្នុងនោះ  ​កម្ពុជាយើង ទទួលបានមេដាយ ៩គ្រឿង ( មេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៤គ្រឿង)។

តាមតារាង​មេដាយនៃការប្រកួតស៊ីហ្គេម គិតត្រឹមយប់ថ្ងៃទី៤ឧសភានេះ​ គឺ​កម្ពុជា ​ឈរ​លេខ​រៀងទី១ ​ទទួលបាន​មេដាយ​ ៩គ្រឿង ( មាស ៥ និង​ប្រាក់ ៤គ្រឿង )។ ហ្វីលីពីន ៧គ្រឿង ( មាស ២ ប្រាក់ ២ និងសំរិទ្ធ ៣ )។ ថៃ ៣គ្រឿង ( មាស ១ ប្រាក់ ១ និងសំរិទ្ធ ១ )។ ឡាវ ៤គ្រឿង ( មាស ១ និងសំរិទ្ធ ៣ )។ ឥណ្ឌូនេស៊ី ៦គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៥ )។ ហ្វីលីពីន ៤គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៣ )។ វៀតណាម ទទួលបានមេដាយ​សំរិទ្ធ ៣គ្រឿង។​

​ការប្រកួតស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្ត​ប្រកួត​ រហូតដល់ថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ៣៧ប្រភេទកីឡា និងមាន ៥៨៦វិញ្ញាសា ស្មើនឹង ៥៨៦​មេដាយមាស​​។ ដោយឡែក នៅថ្ងៃទី៥ឧសភា​ស្អែកនេះ ជាថ្ងៃប្រារព្ធពិធីបើក​កីឡាស៊ីហ្គេម នៅស្តាតថ្មី មរតកតេជោ ដែល​មិនមានការប្រកួត​កីឡាអ្វីឡើយ។ ការប្រកួត នឹងបន្ត​នៅថ្ងៃទី៦ឧសភា បន្តរាល់ថ្ងៃ​ រហូតដល់ថ្ងៃទី១៦ឧសភា ហើយនៅថ្ងៃទី១៧ឧសភា ជាថ្ងៃប្រារព្ធពិធីបិទ​ព្រឹត្តិការណ៍ស៊ីហ្គេម​ លើកទី៣២ ដែល​កម្ពុជា ធ្វើជាម្ចាស់ផ្ទះ​៕  

កីឡាករ គង់មូណា មិថុរ៉ា និងទូច ពីរកក្កដា ​ឈ្នះមេដាយមាស​ ក្នុង​ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាសម្តែងបុរស​ជាគូ

កីឡាការិនី យស សញ្ចនា ទទួលបានមេដាយមាស លើវិញ្ញាសាសម្ដែងគុនល្បុក្កតោ គ្មានអាវុធ ផ្នែកនារី

កីឡាករ គឹម ទិត្យសុវឌ្ឍន: ទទួលមេដាយមាស លើវិញ្ញាសារ ទ្វារគុនអាវុធឥតមុខ នៃក្បាច់គុនល្បុក្កតោ

កីឡាការិនី ម៉ៅ លក្ខិណា ទទួលមេដាយមាស ក្នុងវិញ្ញាសារ​ សម្តែង​ព្រលឹងគុនល្បុក្កតោ

កីឡាករ​ ពន្លឺ ពេជ្រមរកត ទទួលមេដាយមាស ក្នុងវិញ្ញាសារ​ សម្តែង​ព្រលឹងគុនល្បុក្កតោ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ