ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនៗជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា តើឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅឯណាខ្លះ?

11 ខែ មុន

រាជធានីភ្នំពេញ​ ៖ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ​.​ជ​.​ប បាន​ទទួលស្គាល់​ផ្លូវការ និង​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ បង្ហាញ​ថា…

រាជធានីភ្នំពេញ​ ៖ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ​.​ជ​.​ប បាន​ទទួលស្គាល់​ផ្លូវការ និង​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ បង្ហាញ​ថា កូន​ៗ​មួយ​ចំនួន​របស់​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ឈរ ឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ សម្រាប់ ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រនីតិកាល​ទី​៧ នា​ខែកក្កដា ឆ្នាំ​២០២៣​។

ក្នុង​នោះ មានកូន​ប្រុស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កូនប្រុស​សម្តេច ស ខេ​ង អនុប្រធាន​គណបក្ស កូនប្រុស​របស់​សម្តេច ទៀ បាញ់ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​កូនប្រុស​របស់​សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ តាម​មណ្ឌល​រាជធានី​ខេត្ត​ផ្សេង​ៗ​គ្នា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខែកក្កដា​នេះ​។

បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលស្គាល់​ដោយ​គ​.​ជ​.​ប បង្ហាញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្សបន្ត​ឈរឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្តកណ្តាល នៅ​លំដាប់​លេខ​រៀង​ទី​១ ​។ រីឯ​សម្តេច ស ខេ​ង បន្ត​ឈរឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រ នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តបាត់ដំបង ​។ សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​តែ​បន្ត​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​ដែល​សម្តេច ទៀ បាញ់ បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តសៀមរាប ​។

ដោយឡែក​កូន​ៗ​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ក្រុម​អ្នក​បន្តវេន ជា​អនាគត​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​វ័យក្មេង ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​រួចរាល់​ហើយ​នោះ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ​នេះ​ផង​ដែរ​។

ក្នុង​នោះ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្តវេន​ពី​ឪពុក​របស់​លោក គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រលំដាប់​ទី​១ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ។ រីឯ​ប្អូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ា​នី នៅ​តែ​បន្ត​ឈរឈ្មោះជា​បេក្ខជន​តំណាងរាស្ត្រលំដាប់​ទី​២ នៅ​ខេត្តកំពង់ស្ពឺ​។

លោក សាយ សំ​អាល់ ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ២​អាណត្តិ​មក​ហើយ និង​​កូនប្រុស​របស់​សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះ​សីហ​នុ​។

រីឯ​លោក ទៀ សីហា កូនប្រុស​របស់​សម្តេច ទៀ បាញ់ ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​៣ នៅ​មណ្ឌល​ខេត្តសៀមរាប នៅ​ជាមួយ​សម្តេច ទៀ បាញ់ ជា​ឪពុក ដែល​ឈរឈ្មោះ នៅ​លេខ​រៀង​ទី​១​ ។

ដោយឡែក​លោក ស សុខា ជា​កូនប្រុស​របស់​សម្តេច ស ខេ​ង ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្តព្រៃវែង​។

សូម​រម្លឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ គ​.​ជ​.​ប បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ចំនួន១០​គណបក្ស​ហើយ​។

ក្នុង​នោះ កាលពី​ថ្ងៃ​ទី​១​ឧសភា គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៧ ចំនួន ៧​គណបក្ស រួម​មាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​យុវជន​កម្ពុជា ៣-​កណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ៤-​គណបក្ស​ធម្មាធិបតេយ្យ ៥-​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ៦-​គណបក្ស​សញ្ជាតិ​កម្ពុជា និង​៧-​គណបក្ស​ខ្មែរ​តែ​មួយ​។

ដោយឡែក គណបក្ស៣​ទៀត គឺ​គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ត្រូវ​បាន​គ​.​ជ​.​ប កំពុង​ពិនិត្យ​សំណុំ​ឯកសារ​។ យ៉ាងណា​ក៏​ដោយ គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស​សមរ​ង្ស៊ី និង​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ មិន​ទាន់​ចុះ​ឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត នា​ខែកក្កដា​នេះ នៅឡើយ​ទេ​។

គ​.​ជ​.​ប បាន​ប្រកាស​ថា តាម​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល១៥​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣​។ រីឯ​ថ្ងៃ​បោះ​ឆ្នោត នឹង​ធ្វើ​ឡើង នា​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ