រាជធានីភ្នំពេញ ៖ សូមគ្រប់គ្នាផ្តល់នូវស្នាមញញឹម ការយកចិត្តទុកដាក់ ស្វាគមន៍ និងខិតខំផ្តល់នូវបដិសណ្ឋារកិច្ចឲ្យបានកក់ក្តៅចំពោះកីឡាករ និងអ្នកគាំទ្របរទេស រួមទាំងអ្នកទេសចរក៏ដូចជា ធុរៈជនទាំងអស់ដែលពួកគេធ្វើដំណើរមកកម្ពុជានៅក្នុងអំឡុងពេលនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដែលកំពុងដំណើរការ និងបើកផ្លូវការចាប់ពីថ្ងៃទី០៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣ តទៅ ។

ពេលវេលានេះ គឺជាពេលវេលាមាសសម្រាប់កម្ពុជា ដើម្បីបង្ហាញខ្លួនថា ជាប្រទេសស៊ីវីល័យ ប្រជាជនពោរពេញដោយស្នាមញញឹម និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះជនបរទេសទាំងអស់ដែលមកកម្ពុជា ។ នៅពេលដែលយើងទាំងអស់គ្នាអាចធ្វើដូច្នេះបានមែននោះ យើងនឹងទាញយកប្រយោជន៍ជាអតិបរិមាពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេម។
នៅពេលដែលពួកគេមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនាមជាពលរដ្ឋមន្ត្រីរាជការ និងអ្នកទទួលខុសត្រូវការងារគ្រប់ផ្នែក ដែលមានប្រមាណជា១៧លាននាក់នៅក្នុងពេលបច្ចុប្បន្ននេះ គួរតែទទួលខុសត្រូវបំពេញការងារ ភារកិច្ច កាតព្វកិច្ច និងបេសកម្មឲ្យបានថ្លៃថ្នូរ ប្រកបដោយស្នាមញញឹម និង ការយកចិត្តទុកដាក់ជូនអត្តពលិក និងក្រុមអ្នកគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ ក៏ដូចជា អ្នកទេសចរ និងធុរជនដែលមកដល់ ។

សម្រាប់មន្ត្រីដែលពាក់ព័ន្ធរាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា មន្ត្រីព្រលានយន្តហោះសមត្ថកិច្ចប៉ូលិសឥន្តោប្រវេសន៍ មន្ត្រីគយប្រចាំនៅច្រកទ្វារអន្តរជាតិនានា រួមទាំងព្រលានយន្តហោះ និងមន្ត្រីពាក់ព័ន្ធនានា គឺត្រូវតែលុបបំបាត់ចោលរាល់បញ្ហា អសកម្មគ្រប់ទម្រង់ដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេស។
សូមបំពេញការងារ និងភារកិច្ចប្រកបដោយភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូប្រកបដោយស្នាមញញឹម ពោល គឺត្រូវតែបង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលនូវរាល់ការខ្វះខាតទាំងឡាយណា ដើម្បីបង្កលក្ខណៈយ៉ាងណាឲ្យអត្តពលិក គណប្រតិភូកីឡា និងក្រុមអ្នកគាំទ្រស៊ីហ្គេមដែលមកដល់កម្ពុជា ទទួលបានតែសេវាកម្ម និងបដិសណ្ឋារកិច្ចកម្រិត A ដើម្បីឲ្យសាកសមនឹងការចំណាយរបស់រាជរដ្ឋាភិបាល ។

សូមកុំបង្ករសកម្មភាពពុករលួយ និងអសកម្មនានា នៅក្នុងគោលបំណងត្រឹមតែ បានលាភ សក្តារៈផ្ទាល់ខ្លួនតែបង្កើតឲ្យមានកេរ្តិ៍ឈ្មោះមិនល្អដល់កម្ពុជាឲ្យសោះ ពីព្រោះ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយទៅជាព្រឹត្តិការណ៍ធ្វើទីផ្សារឃោសនាអំពីកម្ពុជារាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណជាជាង ១០០លានដុល្លារឯណោះ នោះមិនគិតដល់ថ្លៃកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលបម្រើដល់ព្រឹត្តិការណ៍នេះនៅឡើយទេ ។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ គ្រាន់តែអត្តពលិក គ្រូបង្វឹក និងគណប្រតិភូ មកពីប្រទេសដែលចូលរួមប្រកួតទាំង១១ គឺមានជាង១២.០០០នាក់ ដើម្បីចូលរួមប្រកួតប្រមាណជា៤០ ប្រភេទកីឡា និង៦០០ វិញ្ញាសារ ហើយនៅមានក្រុមអ្នកគាំទ្រគេជាច្រើនពាន់នាក់ថែមទៀត ដែលបានធ្វើដំណើរ និងកំពុងតែធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ ដូចនេះនៅក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែស្វាគមន៍ និងរាក់ទាក់ពួកគេដោយស្នាមញញឹម ហើយជួយសម្របសម្រួលពួកគេតាមគ្រប់លទ្ធភាព ធ្វើយ៉ាងណាកុំអោយគេថ្នាំងថ្នាក់ ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពីមុនជនបរទេសជាច្រើនស្គាល់កម្ពុជាដោយរបបវាលពិឃា.តខ្មែរក្រហម ក្រោយមកមាន៧០ ប្រទេសស្គាល់កម្ពុជាតាមរយៈអង្ករ ប៉ុន្តែពេលនេះកម្ពុជាត្រូវតែឲ្យពិភពលោកស្គាល់កម្ពុជា ដោយព្រឹត្តិការណ៍ស៊ីហ្គេមនេះ ។
នៅមុនពេលកូវីដ១៩ ផ្ទុះ ពោលគឺនៅក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរសរុបប្រមាណជា៦,៦ លាននាក់ ប៉ុន្តែដោយសារកូវីដ១៩ នៅឆ្នាំ២០២០ វាបានទាញទម្លាក់ភ្ញៀវទេសចរដល់១,៣ លាននាក់ធ្លាក់មកនៅ១៩៦.៤៩៥ នាក់នៅឆ្នាំ២០២១ តែឡើងបន្តិចវិញដល់២,២ លាននាក់នៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ យើងរំពឹងថា នឹងឡើងដល់៤លាននាក់ ។

ចាប់ពីពេលនេះតទៅ ប្រសិនបើអត្តពលិក និងគណប្រតិភូកីឡា១១ ប្រទេស ចំនួនជាង១២.០០០ នាក់ ហើយនឹងអ្នកគាំទ្រនិយាយល្អ និងជួយឃោសនា អំពីកម្ពុជានោះ យើងរំពឹងថា វាគឺជាឱកាសដែលយើងបានធ្វើទីផ្សារមួយដ៏ប្រសើរសម្រាប់កម្ពុជា ហើយភាពម្ចាស់ការ និងស្នាមញញឹម ដែលយើងទាំងអស់គ្នាផ្តល់ដល់ពួកគេនៅក្នុងអំឡងពេលនេះអាចនឹងជំរុញឲ្យវិស័យទេសចរណ៍ធុរកិច្ច ការវិនិយោគ ពាណិជ្ជកម្ម កាន់តែមានឱកាសកាន់តែទូលំទូលាយបន្ថែមទៀតសម្រាប់កម្ពុជា ម្យ៉ាងវិញទៀតព្រឹត្តិការណ៍នេះក៏ជាសារមួយប្រាប់ពិភពលោកថា កម្ពុជាអាចម្ចាស់ការបានហើយនៅលើសមរភូមិបង្ការ និងការពារនូវការរីករាលដាលនៃមេរោគកូវីដ១៩ ។

សរុបមកវិញ ប្រសិនបើពលរដ្ឋយើងទាំងអស់ដែលមានចំនួន១៧ លាននាក់ អាចផ្តល់ដល់អត្តពលិក គណប្រតិភូ និងអ្នកគាំទ្ររបស់ជាតិសាសន៍ទាំង១១ បូកផ្សំ និងអ្នកសង្កេតការណ៍ និងអ្នកទេសចរបរទេសនៅក្នុងអំឡុងពេលនេះ នូវ១៧ លានស្នាមញញឹម និង១៧ លាននៃការយកចិត្តទុកដាក់នោះផលប្រយោជន៍ដ៏មហាសាលនឹងបានមកដល់កម្ពុជានៅក្នុងពេលអនាគត ។ដូច្នេះសូមកុំធ្វេសប្រហែសហើយបង្កបាតុភាពអសកម្ម ដែលនាំឲ្យស្រអាប់ដល់ កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ