រាជធានីភ្នំពេញ ៖ ខណៈដែលឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ នៅបរិវេណទីលានបាល់ទាត់ ក្នុងទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានរៀប
ចំឲ្យមានស្ដង់ដារ មានការកែលម្អកន្លែងអង្គុយ និងវាលស្មៅប្ដូរពីសិប្បនិម្មិត ទៅស្មៅធម្មជាតិវិញ ខណៈដែលមុនកែលម្អ នៅទីលានបាល់ទាត់មានលទ្ធភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់ (ចំណុះអតិបរមា ៧ម៉ឺននាក់) ។
សម្រាប់ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា នៅទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីសម្រាប់ទស្សនិកជន ប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងចំហរមាន ២៤,០០០កន្លែង និងទីតាំងម្លប់មានតែ ៥,០០០កន្លែង។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ដើមឡើយទីលានបាល់ទាត់ នៅពុហកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកអ្នកទស្សនាបាន ៥០,០០០នាក់ ប៉ុន្តែក្រោយការរៀបចំឲ្យមានកៅអី សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ទើបសមត្ថភាព ផ្ទុកទស្សនិកជនថយមកត្រឹម ២៩,០០០កន្លែង ដោយកៅអីមានគម្លាត និងមានលក្ខណៈងាយស្រួលអង្គុយទស្សនា ជាងមុន។
ក្នុងគម្រោងអភិវឌ្ឍន៍ឱ្យមានលក្ខណៈសមស្របតាមស្ដង់ដាអន្តរជាតិ ដែលទទួលស្គាល់គុណភាពដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បញ្ជាក់ថា បានកែលម្អកន្លែងអង្គុយរបស់ទស្សនិកជន, កន្លែងហ្វឹកហ្វឺន, កន្លែងគ្រូបង្វឹក និងអាជ្ញាកណ្តាលជាដើម ឲ្យកាន់តែមានបច្ចេកទេសដូចនៅក្រៅប្រទេសផងដែរ ខណៈដែលអំពូលភ្លើងបំភ្លឺ ទីលានក៏ត្រូវបានថែមឲ្យកាន់តែមានស្ដង់ដារ បន្ថែមទៀត ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/05/e33527ccba3b93f1af3f077557dd2427.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/05/c5b805266c78588577f48eca6f63a504-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/05/3855971c2cf41a0e474e5b50958fee56-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/05/81f25825578604bb0985a9af68789319.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/05/280d4967b64d72028c998419a284213a.jpg)
ចែករំលែកព័តមាននេះ