រាជធានីភ្នំពេញ ៖ មកដល់បច្ចុប្បន្ននេះ ប្រដាល់គុនខ្មែរហាក់មានប្រជាប្រិយភាពខ្លាំងជាងកីឡាដទៃ មានស្ថានីយទូរទស្សន៍ចំនួន៦បានរៀបចំឱ្យមានការប្រកួតប្រដាល់មួយនេះជារៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ដោយក្នុងនោះ សង្វៀនបាយ័ន និងថោន មាន៥កម្មវិធីដូចគ្នា រីឯសង្វៀនទទក មាន២កម្មវិធី ចំណែកសង្វៀនCNC ប៉ុស្តិ៍លេខ៥ និងសង្វៀនPNN មាន១កម្មវិធីដូចគ្នា ។
នៅក្នុងកម្មវិធីទាំង១៥នេះ មានកីឡាករ កីឡាការិនីចន្លោះពី១៥០ ទៅ១៨០នាក់ ក្នុងនោះមានបរទេសប្រមាណ២៥ទៅ៣៥នាក់ ត្រូវបានផ្គូផ្គងឱ្យឡើងប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិជារៀងរាល់សប្តាហ៍ នៅតាមសង្វៀនធំៗទាំង៦នេះដែរ ។ បន្ថែមលើនេះ ក៏នៅមានកម្មវិធីប្រកួតប្រដាល់បែបថ្នាល ដែលត្រូវបានរៀបចំឡើងនៅតាមក្លិបមួយចំនួនជារៀងរាល់ចុងសប្តាហ៍ផងដែរ ។
ទោះបីយ៉ាងណា នៅក្នុងចំនួនអត្តពលិកដ៏ច្រើនដែលត្រូវបានដាក់ឱ្យប្រកួតនៅតាមសង្វៀនជារៀងរាល់សប្តាហ៍នេះ គឺជាង៩៥ភាគរយជាការប្រកួតរបស់កីឡាករ ចំណែកការប្រកួតរបស់កីឡាការិនីមានមិនដល់៥ភាគរយផង ហើយការខ្សត់ទីផ្សារប្រកួតសម្រាប់ស្ត្រីនេះ បានកើតមានឡើងជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យកីឡាការិនីមួយចំនួនធំ បានបង្ខំចិត្តបោះបង់ចោលអាជីពនេះទាំងឈឺចាប់ ព្រោះមិនអាចរកបានប្រាក់កម្រៃគ្រប់គ្រាន់ យកទៅផ្គត់ផ្គង់គ្រួសារតាមរយៈការប្រកួតនេះ ។
ជាដំណោះស្រាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោមការដឹកនាំរបស់ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធ បានខិតខំជំរុញឱ្យគ្រប់សង្វៀនទូរទស្សន៍ផ្ដល់ឱកាសឱ្យកីឡាការិនីគុនខ្មែរ បានឡើងប្រកួតច្រើនជាងមុន ធ្វើឱ្យកីឡាការិនីដែលចាប់អាជីពឈឺសាច់មួយនេះមានទឹកចិត្តខិតខំហ្វឹកហាត់ឡើងវិញ។
ទោះបីសហព័ន្ធ និងភាគីពាក់ព័ន្ធជាពិសេសផលិតករគុនខ្មែរប្រចាំប៉ុស្តិ៍ទូរទស្សន៍ខិតខំធ្វើឱ្យទី
ផ្សារកីឡាការិនីគុនខ្មែរមានសន្ទុះឈានឡើងក៏ពិតមែន តែការខិតខំផ្ចុងផ្ដើមផ្ដល់ឱកាសឱ្យកីឡាការិនីឡើងសង្វៀនប្រកួតឱ្យបានច្រើនពិតជាមិនស្រួលសោះឡើយ ដោយសារតែចំនួនកីឡាការិនី មិនទាន់សម្បូរឯសមត្ថភាពក៏ខុសគ្នាឆ្ងាយ ។
ជាក់ស្ដែង លោក កែវ ឆវ័ន ដែលជាផលិតករគុនខ្មែរប្រចាំប៉ុស្ដ៍ CNC និងសង្វៀន CBS បានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុកមួយតាមទូរស័ព្ទថា ចំនួនកីឡាការិនីប្រដាល់គុនខ្មែរមានការកើនឡើង ប៉ុន្ដែការចាប់គូឲ្យប្រកួតជារៀងរាល់សប្ដាហ៍នៅតែលំបាកសម្រាប់ផលិតករ និងបណ្ដាសង្វៀនមួយចំនួន។ លោកពន្យល់ថា ការលំបាកនោះ គឺដោយសារភាពខុសគ្នារវាងកម្រិតបច្ចេកទេស និងគីឡូរបស់កីឡាការិនី។
ជាឧទាហរណ៍ កីឡាការិនីខ្លះ មានគីឡូប៉ុនគ្នា ប៉ុន្ដែកម្រិតខុសគ្នាឆ្ងាយ ហើយកីឡារិនីខ្លះ មានកម្រិតប្រហាក់ប្រហែលគ្នា ប៉ុន្ដែគីឡូ ខុសគ្នា។ ដោយឡែក ចំនួនកីឡាការិនី ក៏មិនច្រើនដូចជាកីឡាករ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការផ្គូផ្គង។ ដូច្នេះ ដើម្បីឲ្យមានការប្រកួតជារៀងរាល់សប្ដាហ៍សម្រាប់កីឡាការិនី លោកបង្ហើបថា មានពេលខ្លះ គឺត្រូវការសម្របសម្រួលពីភាគីប្រកួតទាំងសងខាង ទោះខុសគីឡូគ្នាបន្ដិចបន្ដួចក៏ដោយ ៕
ចែករំលែកព័តមាននេះ