ប្រទេសប្រេស៊ីល ៖ កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល Neymar បានត្រលប់ទៅចូលរួមជាមួយក្លិប Santos ដែលជាក្លិបអាជីពដំបូងបំផុតរបស់ខ្លួនវិញ បន្ទាប់ពីចាកចេញអស់ពេល១២ឆ្នាំ ស្របពេលក្លិបដ៏ល្បីនៅប្រេស៊ីលមួយនេះ រៀបចំពិធីស្វាគមន៍ដ៏ធំសម្រាប់កីឡាករដ៏ឆ្នើមរបស់ខ្លួន ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ នៅឯកីឡដ្ឋាន Vila Belmiro កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីតវ័យ៣២ឆ្នាំរូបនេះ បានសម្រក់ទឹកភ្នែកពេលថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រ ខណៈអ្នកគាំទ្រអបអរ និងរីករាយចំពោះវត្តមានការវិលត្រលប់របស់កីឡាករជានិមិត្តរូបរបស់ពួកគេ។
ក្លិប Al-Hilal បានយល់ព្រមបញ្ចប់កុងត្រា Neymar មុនពេលកំណត់ ដោយអនុញ្ញាតឱ្យខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ ត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ Al-Hilal បានចំណាយប្រាក់៩៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខានាំយក Neymar ពីក្លិបសេដ្ឋីបារាំង PSG កាលពីខែសីហា ឆ្នាំ២០២៣ ជាមួយកុងត្រារយៈពេល២ឆ្នាំ ដោយផ្តល់ថ្លៃពលកម្មរហូតដល់៣លានដុល្លារក្នុងមួយសប្តាហ៍ ឬ ១៥០លានដុល្លារក្នុងមួយឆ្នាំ។ បើតាមប្រភពពីកាសែត The Sun បានរាយការណ៍ថា Neymar រកបានប្រមាណ ២៥០លានដុល្លារពីក្លិប Al-Hilal នៅក្នុងរយៈពេល១៨ខែ តាមរយៈការបង្ហាញខ្លួនសរុបត្រឹម៧ប្រកួត និងស៊ុតបញ្ចូលទីបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធក្រុមសាំបាប្រេស៊ីលរូបនេះ បានរងរបួសដាច់សរសៃពួរជង្គង់ឆ្វេង ដោយត្រូវចំណាយពេលព្យាបាល១២ខែ ក្រោយបង្ហាញខ្លួនបានត្រឹមតែ៥ប្រកួតប៉ុណ្ណោះ នៅក្នុងខែតុលា ឆ្នាំ២០២៣។ លុះជាសះស្បើយ និងបានបង្ហាញត្រឹម២ប្រកួតជាមួយក្រុម នៅខែវិច្ឆិកា ឆ្នាំ២០២៤ Neymar ជួបបញ្ហារបួសសាច់ដុំធ្ងន់ធ្ងរ ដោយបង្ខំឃ្លាតឆ្ងាយពីទីលានរយៈពេលយូរជាថ្មីម្តងទៀត មុនពេលឈានទៅដល់ការបញ្ចប់កុងត្រាជាមួយក្លិប Al-Hilal ហើយផ្លាស់ត្រលប់មកចូលរួមជាមួយក្លិប Santos វិញ។
គួររំលឹកថា Neymar ចូលហ្វឹកហាត់បាល់ទាត់ជាមួយនឹងសាលាថ្នាលក្លិប Portuguesa Santista និង Santos មុនក្លាយជាកីឡាករអាជីពជាមួយក្រុមឈុតធំក្លិប Santos នៅឆ្នាំ ២០០៩ ដោយបង្ហាញខ្លួនសរុប ២២៥ប្រកួត ស៊ុតបញ្ចូលទី១៣៦គ្រាប់ មុនផ្លាស់ទៅក្លិបយក្សអេស្ប៉ាញ Barcelona នៅឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបាន១០៥គ្រាប់ពីការបង្ហាញខ្លួនសរុប ១៨៦ប្រកួត។
Neymar បានផ្លាស់ពី Barcelona ទៅចូលរួមជាមួយ PSG នៅក្នុងតម្លៃកំណត់ត្រាពិភពលោក២២២លានអឺរូ កាលពីឆ្នាំ ២០១៧ ខណៈតម្លៃនេះ នៅតែមិនទាន់មានកីឡាកររូបណាបំបែកបាននៅឡើយទេ។ ខ្សែប្រយុទ្ធកម្ពស់ ១.៧៥ម៉ែត្ររូបនេះ ស៊ុតបញ្ចូលទីបាន ១១៨គ្រាប់ពីការបង្ហាញខ្លួន ១៧៣ប្រកួត មុនក្លាយជាសមាជិកក្រុម Al-Hilal នៅឆ្នាំ ២០២៣៕ ដកស្រង់ ៖ The Sun, Goal និង The Guardian
ចែករំលែកព័តមាននេះ