ខេត្តកោះកុង ៖ មានមន្ត្រីឆក់ឱកាសចំនួន២រូប គ្រាន់តែរយៈពេលមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមន្ត្រីពុករលួយទាំង២រូប បានកាប់បំផ្លាញព្រៃកោងកាង និងរំលោភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិចំនួន២ទីតាំងផ្សេងគ្នាអស់រាប់រយហិកតា ។ ដែលទីតាំងទី១-ស្ថិតនៅចំណុចភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទីតាំងទី២-ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ដែលសកម្មភាពឈូសឆាយបំផ្លាញព្រៃកោងកាង និងចាក់ដីលុបចំណីព្រែកដោយគ្រឿងចក្រយ៉ាងគគ្រឹកគគ្រេង គ្មានសមត្ថកិច្ចណាអើពើឡើយ ។
ប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចភូមិទួលគគីរ ជាជង្រុកព្រៃកោងកាង និងព្រៃលិចទឹកប្រកបដោយធនធានជីវៈចម្រុះជាជម្រកត្រីក្តាមបង្គារពងកូន និងជាសក្តានុពលទេសចរណ៍ដ៏ប្រណីតទៀតផង ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានមន្ត្រីទាហានជើងទឹកម្នាក់ដែលល្បីឈ្មោះខាងរំលោភ និងបំផ្លាញព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ បាននិងកំពុងយកគ្រឿងចក្រអេស្កាវ៉ាទ័រ (ម៉ៃខូ) ចំនួន២គ្រឿង មកគាស់រំលើងព្រៃកោងកាងអស់រាប់សរយហិកតាហើយក្នុងរយៈពេលតាំងពីមុនបុណ្យចូលឆ្នាំរហូតដល់ពេលនេះ មិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចណាចេញមុខបង្ក្រាបឡើយ ។
ចំណែកទីតាំងទី២ស្ថិតនៅជាប់នឹងវត្តដងពែង ឃុំដងពែង ស្រុកស្រែអំបិល ក៏កំពុងធ្វើសកម្មភាពចាក់អាចម៍ដីលុបលើព្រៃលិចទឹក និងលុបព្រៃកោងកាងអស់រាប់សិបហិកតាដែរ ។ ពលរដ្ឋលើកឡើងថា មានមន្ត្រីអាជ្ញាធរស្រុកស្រែអំបិលម្នាក់ចេញមុខកាងក្រុមឡានចាក់ដីលុបព្រៃលិចទឹកខាងលើនេះ ដោយលើកហេតុផងថា ធ្វើទំនប់ការពារទឹកប្រៃ ហើយចាក់លុបព្រៃកោងកាង និងព្រៃលិចទឹកតាមទំនើងចិត្ត ដោយគា្មនឃើញមន្ត្រីជំនាញពាក់ព័ន្ធណាមួយចេញមុខពិនិត្យមើលផលប៉ះពាល់សកម្មភាពល្មើសទាំង២ទីតាំងខាងលើនេះឡើយ ។
កោះសន្តិភាភាពបានខលទាក់ទងទៅលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នារសៀលថ្ងៃទី១ ខែឧសភា២០២៣ នេះដែរ ដើម្បីសាកសួរករណីគម្រោងធ្វើទំនប់ការពារទឹកប្រៃនៅក្នុងឃុំដងពែង តែទូរស័ព្ទខលចូលគ្មានអ្នកទទួល ។ ចំណែកលោកប្រធានមន្ទីរបរិស្ថាន ដែលមានតួនាទីគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ក៏ទូរស័ព្ទមិនអាចទាក់ទងបានដែរ ។
តាមប្រភពពីមជ្ឈដ្ឋានមន្ត្រីរាជការជាច្រើន និងសង្គមស៊ីវិលបានលើកឡើងចំៗថា ខេត្តកោះកុងបច្ចុប្បន្ន បានក្លាយទៅជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមខេត្តមានតំបន់ឆ្នេរសមុទ្រស្រស់ស្អាត ហើយបានកាប់បំផ្លាញសក្តានុពលព្រៃកោងកាងច្រើនជាងគេ និងគ្មានការទប់ស្កាត់ ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានបើកដៃអោយមានការឃុបឃិតជាសេនារីយោរវាងបក្សពួកបំផ្លាញធនធានធម្មជាតិហិនហោចស្ទើរគ្រប់ភូមិសាស្ត្រព្រៃលិចទឹកក្នុងខេត្តទាំងមូលទៀតផង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ