រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាបពីឥណ្ឌា និងខ្យល់មូលសុងដែលធ្វើឲ្យតំបន់មួយចំនួនរបស់កម្ពុជាកើនកម្តៅព្រមទាំងមានភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក នៅថ្ងៃទី២ ឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ។ បន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។

ក្រសួងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៧-៣៩អង្សាសេ ។ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិចលាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់ខ្ពង់រាបមាសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៦- ៣៨ អង្សាសេ ។ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី២៥-២៧ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ។ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្ហូរលាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ