ខេត្តកោះកុង ៖ មានមន្ត្រីឆក់ឱកាស២រូប គ្រាន់តែរយៈពេលមុន និងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ មន្ត្រីទាំង២រូបនេះ បានកា.ប់បំផ្លាញព្រៃកោងកាង និងរំលោ.ភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិចំនួន២ទីតាំងផ្សេងៗគ្នាអស់រាប់រយហិកតា។ ដោយទីតាំងទី១ ស្ថិតនៅចំណុចភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទីតាំងទី២ ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ដែលសកម្មភាពឈូសឆាយបំផ្លាញព្រៃកោងកាង និងចាក់ដីលុបចំណីព្រែក ដោយគ្រឿងចក្រយ៉ាងគគ្រឹកគគ្រេង គ្មានសមត្ថកិច្ចណាអើពើឡើយ។

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចភូមិទួលគគីរ ជាជង្រុកព្រៃកោងកាង និងព្រៃលិចទឹក ប្រកបដោយធនធានជីវៈចម្រុះ ជាជម្រកត្រី ក្តាម បង្គា ពងកូន និងជាសក្តានុពលទេសចរណ៍ដ៏ប្រណីតទៀតផង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានមន្ត្រីទាហានជើងទឹកម្នាក់ ដែលមានល្បីឈ្មោះខាងរំលោ.ភ និងបំផ្លាញព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ បាននិងកំពុងយកគ្រឿងចក្រអេស្កាវ៉ាទ័រ (ម៉ៃខូ) ចំនួន២គ្រឿង មកគាស់រំលើងព្រៃកោងកាងអស់រាប់សរយហិកតាហើយ ក្នុងរយៈពេលតាំងពីមុនបុណ្យចូលឆ្នាំ រហូតដល់ពេលនេះ មិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចណាចេញមុខបង្ក្រាបឡើយ។

ពលរដ្ឋបន្តថា ចំណែកទីតាំងទី២ ស្ថិតនៅជាប់នឹងវត្តដងពែង ឃុំដងពែង ស្រុកស្រែអំបិល ក៏កំពុងធ្វើសកម្មភាពចាក់អាចម៍ដីលុបលើព្រៃលិចទឹក និងលុបព្រៃកោងកាងអស់រាប់សិបហិកតាដែរ។

ពលរដ្ឋលើកឡើងថា មានមន្ត្រីអាជ្ញាធរស្រុកស្រែអំបិលម្នាក់ ចេញមុខកាងក្រុមឡានចាក់ដីលុបព្រៃលិចទឹកខាងលើនេះ ដោយលើកហេតុផងថា ធ្វើទំនប់ការពារទឹកប្រៃ ហើយចាក់លុបព្រៃកោងកាង និងព្រៃលិចទឹកតាមទំនើងចិត្ត ដោយគា្មនឃើញមន្ត្រីជំនាញពាក់ព័ន្ធណាមួយចេញមុខពិនិត្យមើលផលប៉ះពាល់សកម្មភាពជនល្មើសទាំង២ទីតាំងខាងលើនេះឡើយ ។

កោះសន្តិភាភាពបានខលទាក់ទងទៅលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះដែរ ដើម្បីសាកសួរករណីគំរោងធ្វើទំនប់ការពារទឹកប្រៃ នៅក្នុងឃុំដងពែង តែទូរស័ព្ទខលចូលគ្មានអ្នកទទួល។ ចំណែកលោកប្រធានមន្ទីរបរិស្ថាន ដែលមានតួនាទីគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ក៏ទូរស័ព្ទមិនអាចទាក់ទងបានដែរ។

តាមប្រភពពីមជ្ឈដ្ឋានមន្ត្រីរាជការជាច្រើន និងសង្គមស៊ីវិលបានលើកឡើងចំៗថា ខេត្តកោះកុងបច្ចុប្បន្ន បានក្លាយទៅជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមខេត្ត មានតំបន់ឆ្នេរសមុទ្រស្រស់ស្អាត ហើយបានកាប់បំផ្លាញសក្តានុពលព្រៃកោងកាងច្រើនជាងគេ និងគ្មានការទប់ស្កាត់។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តសង្ស័យខ្សោយណាស់ ទើបមានការឃុបឃិតជាសេនារីយោ រវាងបក្សពួកបំផ្លាញធនធានធម្មជាតិហិនហោចស្ទើរគ្រប់ភូមិសាស្ត្រព្រៃលិចទឹកក្នុងខេត្តទាំងមូលទៀតផង។
ព័ត៌មានបបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ