ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ស្កាត់​​ការ​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ប៉ះ​ចំ​ពល​ករ​ក្លែង​ឯក​សារ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ករ​ចំណាក​ស្រុក​ជាង​១០​នាក់ ក្រោយ​ពី​ត្រូវ​​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ​ឃាត់​​សួរ​នាំ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ដើម្បី​ទប់​ស្កាត់​​មិន​ឱ្យ​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​​ ស្រាប់​តែ​រក​ឃើញថា ​ពួកគេ​មាន​ប័ណ្ណ​ឆ្លង​ដែន​ក្លែង​​បន្លំ​ឯក​សារ​ទាំង​ឈ្មោះ​និង​អាសយ​ដ្ឋាន​​មួ​យ​ចំនួន​ធំ​ទៅ​វិញ​

ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ករ​ចំណាក​ស្រុក​ជាង​១០​នាក់ ក្រោយ​ពី​ត្រូវ​​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ​ឃាត់​​សួរ​នាំ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ដើម្បី​ទប់​ស្កាត់​​មិន​ឱ្យ​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​​ ស្រាប់​តែ​រក​ឃើញថា ​ពួកគេ​មាន​ប័ណ្ណ​ឆ្លង​ដែន​ក្លែង​​បន្លំ​ឯក​សារ​ទាំង​ឈ្មោះ​និង​អាសយ​ដ្ឋាន​​មួ​យ​ចំនួន​ធំ​ទៅ​វិញ​ ។

ពល​ករ​ទាំង​អស់​ខាង​លើ​ ៨​នាក់​មាន​ប័ណ្ណ​ឆ្លង​ដែន​ (Border Pass) ក្លែង​បន្លំ​ និង​៥​នាក់​ជា​ពល​ករ​ឆ្លង​​ដែន​តាម​ច្រក​​របៀង ហើយ​​ទាំង​អ្នក​មាន​ប័ណ្ណ​ឆ្លង​ដែន​​ក្លែង​បន្លំ​​ ទាំង​អ្នក​មិន​មាន​ប័ណ្ណ​ឆ្លង​ដែន គឺ​សុទ្ធ​តែ​អះអាង​ថា ​ពួក​គេ​​ចង់​ទៅរក​ការ​​ងារ​ធ្វើ​​នៅ​លើ​​ទឹក​ដី​សៀម​ដូច​គ្នា ។ ​ពល​ករ​៨​នាក់ ដែល​មាន​ប័ណ្ណ​ឆ្លង​ដែន​ក្លែង​បន្លំ​​​បាន​​ប្រាប់​​សមត្ថ​កិច្ច​ថា ​ការ​ធ្វើ​ប័ណ្ណ​នោះ គឺ​អស់​ថវិកា​ក្នុង​ម្នាក់​​៨០០​បាត ​​លុយ​សៀម ​ដោយ​​ធ្វើ​នៅ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ។

បើ​តាម​​ការ​ឱ្យ​ដឹង​​ពី​ឈ្មោះ​និត និន ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ មក​ពី​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ បាន​ប្រាប់​ថា ​ការ​ចូល​ធ្វើ​ប័ណ្ណ​​ឆ្លង​ដែន​ខ្លួន​គ្មាន​​អត្ត​សញ្ញាណ​ប័ណ្ណទេ ប៉ុន្តែ​ត្រូវ​គេ​តម្រូវ​ឱ្យ​​​ដាក់​លុយ​៨០០​បាត ទើប​អាច​ធ្វើ​ប័ណ្ណ​នោះ​បាន ។ ចំណែក​ឯ​​ស្ត្រី​៣​នាក់​​ទៀត ១-ឈ្មោះ​​យ៉ាត ចាន់​ណា អាយុ​៣០​ឆ្នាំ ២-ឈ្មោះ​ណៃ សុខឿន អាយុ​៤២​ឆ្នាំ និង​៣-ឈ្មោះ​ឈឿន ស៊ាវ​នី អាយុ​១៧​ឆ្នាំ មក​ពី​ភូមិ​ចំការ​ចេក ឃុំ​រហាត់​ទឹក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​អះអាង​ថា ​ពួក​ខ្លួន​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ក្នុង​ម្នាក់ៗ​អស់​៨០០​បាត។ មុន​​ពេល​ធ្វើ​​ប័ណ្ណ​​ឆ្លង​ដែន​នេះ​​ពួក​ខ្លួន​ត្រូវគេហៅ​ទៅ​សួរ​នាំ​ពី​ឈ្មោះ ​និង​អត្ត​សញ្ញាណ​ផ្សេងៗ​ដូច​​​ពល​ករ​ដទៃ​​ទៀត​​ដែរ លុះ​ពេល​បាន​​ប័ណ្ណ​ឆ្លង​ដែន​ហើយ​បែរ​ជា​ខុស​ទាំង​ឈ្មោះ ​ខុស​ទាំង​អាសយ​ដ្ឋាន​ទៅវិញ។ ហើយ​​មិន​ទាន់​ទាំង​បាន​ឆ្លង​ដែន​ទៅ​ស្រុក​​សៀម​ផង ក៏​​ត្រូវប៉ូលិស​​ហៅ​សួរ​នាំ ទើប​​ដឹង​ថា ប័ណ្ណ​ឆ្លង​ដែន​របស់​ពួក​ខ្លួន​ជា​ប័ណ្ណ​​ក្លែង​​​បន្លំ​ឯក​សារ​​ទាំង​ស្រុង ​ពីព្រោះ​មាន​តែ​រូប​ថត​និង​មេ​ដៃ​របស់​ពួក​ខ្លួន​ ឯ​ឈ្មោះ​​ និង​អាសយ​ដ្ឋាន​​ខុស​​ទាំង​អស់ ។

ចំណែក​​ពល​ករ​​ដែល​អត់​មាន​ប័ណ្ណ​ឆ្លង​ដែន​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​​កុមារ​២​នាក់ ក្រោយ​ការ​សួរ​នាំ​សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​​ម្នាក់​ដែល​ពាក់​ព័ន្ធ​ផង​ដែរ ។ ​ព​ល​ករ​​ទាំង​អស់​ខាង​លើ​​ ក្រោយ​ការ​សួរ​នាំ​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ក៏​​ត្រូវ​បាន​​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​​វិញ ក្រោយ​ពី​ការ​អប់រំ​រួច ។ ចំពោះ​ស្ត្រី​ចំណាស់​ពាក់​ព័ន្ធ​​​ និង​ពល​ករ​៨​នាក់​ដែល​មាន​ប័ណ្ណ​ឆ្លង​ដែន​សុទ្ធ តែ​ក្លែង​បន្លំ​ឯក​សារ​ ​ត្រូវ​បាន​លោក​​អ៊ុំ សុផល អធិ​ការ​នគរបាល​​ក្រុង​ប្រាប់​ថា ក្រោយ​ការ​សួរ​នាំ​និង​ធ្វើ​កំណត់​ហេតុ​រួចនឹង​បញ្ជូន​ពួក​គេ​ទៅស្នង​​ការ​ដ្ឋាន​​នគរបាល​ខេត្ត តាម​គោល​ការណ៍​របស់​លោក​ឡុង ជាប ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ដើម្បី​សាក​សួរ​​បន្ត​ជុំ​វិញ​រឿង​រ៉ាវ​ខាង​លើ ។

ចំណែក​​រឿង​ធ្វើ​ប័ណ្ណ​ឆ្លង​​ដែន​​ក្លែង​បន្លំ​យក​តម្លៃ​រហូត​ដល់​ទៅ​៨០០​បាត លុយ​សៀម​នោះ ត្រូវ​បាន​​លោក​លាក់​ រម្មនា​ ប្រធាន​សេនា​ធិការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​​បាន​បដិសេធ​តាម​ទូរស័ព្ទ​ថា ជា​រឿង​​មិន​ពិត​ទៅ​វិញ ។ លោក​អធិ​ការ​បញ្ជាក់ថា ​ជន​​ដែល​ត្រូវ​បញ្ជូន​​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត មាន​ចំនួន​១១​នាក់​ ប្រុស​៦​នាក់ ស្ត្រី​៥​នាក់ ក្នុង​នោះ​​មាន​អ្នក​ពាក់​ព័ន្ធ​២​នាក់ ម្នាក់​ជា​មេ​ខ្យល់ នាំ​ពល​ករ​ទៅធ្វើ​ការ​នៅ​ស្រុក​សៀម​ ដោយ​ខុស​ច្បាប់ និង​ម្នាក់​ទៀត​ជា​អ្នក​រត់​ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​​ក្លែង​បន្លំ៕