រាជធានីភ្នំពេញ ៖ ខណៈវិលត្រឡប់មកពីទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងឡាអេ ប្រទេសហូឡង់ វិញ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ មេសា ២០១១ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានឱ្យដឹងថា កម្ពុជាមិនទាន់ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ប្រធានអាស៊ាន ពាក់ព័ន្ធទៅនឹងការដាក់អ្នកសង្កេតការណ៍នៅលើទឹកដីដែលមានជម្លោះនោះនៅឡើយទេ ពីព្រោះថា ភាគីថៃបានយល់ព្រមឱ្យប្រធានអាស៊ានដាក់អ្នកសង្កេតការណ៍នៅលើទីកន្លែង៤ចំណុច ហើយក្នុងនោះមាន១ចំណុចស្ថិតក្នុងទឹកដីប្រទេសកម្ពុជា ដូច្នេះ យើងមិនអាចយល់ព្រមបានទេ ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រសាសន៍ថា ចំណែកកម្ពុជាវិញ នៅតែរក្សា៣ចំណុចដដែលសម្រាប់ឱ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីឈរពិនិត្យមើលជម្លោះគឺតាសឹម ចាក់ច្រែង និង៥មករា ហើយសូមបញ្ជាក់ថា ការស្នើសុំទៅឥណ្ឌូណេស៊ីឱ្យដាក់អ្នកសង្កេតការណ៍ដើម្បីពិនិត្យដោះស្រាយជម្លោះព្រំដែននោះ គឺកម្ពុជាជាអ្នកស្នើមុន មិនមែនថៃឡើយ ប៉ុន្តែមូលហេតុដែលកម្ពុជាមិនទាន់ឆ្លើយតបចំពោះគម្រោងដាក់អ្នកសង្កេតការណ៍ឥណ្ឌូ ណេស៊ីនោះគឺមកពីភាគីថៃយកចំណុចស្វាយជ្រុំដែលស្ថិតក្នុងទឹកដីប្រទេសកម្ពុជាចម្ងាយ៧គីឡូម៉ែត្រពីព្រំដែនទៅឱ្យអ្នកសង្កេតការណ៍ឥណ្ឌូ ណេស៊ីឈរជើង ដូច្នេះសូមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីពិនិត្យចំណុចស្នើសុំរបស់ភាគីថៃមួយនេះឡើងវិញ។
អាជ្ញាធរខេត្តព្រះវិហារបានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះភាគីថៃ ដែលបានយកចំណុចស្វាយជ្រុំ ស្ថិតក្នុងទឹកដីប្រទេសកម្ពុជាទៅធ្វើជាទឹកដីរបស់ខ្លួន ហើយហៅអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកឈរជើង។ ការធ្វើបែបនេះរបស់ថៃគឺបង្ហាញយ៉ាងជាក់ច្បាស់ថា ថៃឈ្លានពានទឹកដីកម្ពុជាទៀតហើយ ។ សូមបញ្ជាក់ថា ចំណុចស្វាយជ្រុំគឺស្ថិតក្នុងភូមិស្វាយជ្រុំ (អតីតភូមិឫស្សី) ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយពីព្រំដែន៧គីឡូម៉ែត្រ ។
អ្នកតាមដានសភាពការណ៍ជម្លោះបានរិះគន់ភាគីថៃថា ភាគីថៃលេងល្បែងអត់ដាក់ដើមយកលុយកម្ពុជាមកលេងល្បែងជាមួយកម្ពុជា…ឈ្លានពានទឹកដីកម្ពុជា ដោយប្រើកម្លាំងយោធាហើយថែមទាំងឈ្លានពានបែបលិខិតស្នាមតទៅទៀត មានន័យថា លួចយកទឹកដីរបស់កម្ពុជាទៅធ្វើប្លង់កម្មសិទ្ធិតែម្នាក់ឯង (ផែនទីឯកតោភាគីរបស់ថៃ) នេះជាការឈ្លានពានដែលមិនអាចអត់ឱនបានឡើយ ។ ថៃកំពុងធ្វើឱ្យពិភពលោកយល់ច្រឡំថា ការដាក់អ្នកសង្កេតការណ៍នោះមិនមែនថៃជាអ្នកមិនឱ្យដាក់នោះទេ គឺកម្ពុជាអ្នកមិនព្រមទៅវិញ៕
ចែករំលែកព័តមាននេះ