ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាង ធី សុវណ្ណថា សន្យាបម្រើរាស្ត្រ ក្រោយត្រូវបានតែងតាំងអភិបាលរងក្រុងអរិយក្សត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង ធី សុវណ្ណ​ថា ដែល​ជា​អតីត​យុវតី​ឈានមុខ​គេ​កាលពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដែល​ធ្លាប់​បាន​ជួយ​ឃោសនា ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា តែ​ក្រោយមក​បាន​មក​រួមរស់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។…

អ្នក​នាង ធី សុវណ្ណ​ថា ដែល​ជា​អតីត​យុវតី​ឈានមុខ​គេ​កាលពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដែល​ធ្លាប់​បាន​ជួយ​ឃោសនា ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា តែ​ក្រោយមក​បាន​មក​រួមរស់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។ នេះ​បើ​តាម​ប្រកាស​របស់​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដែល​ចេញ​តាំងពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៣​។

ជាមួយ​គ្នា​នោះ ក្រោយ​ពី​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែមេសា​នេះអ្នក​នាង ធី សុវណ្ណ​ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា នាង​មាន​វ័យ២៨​ឆ្នាំ និង​មាន​កម្រិតវប្បធម៌​បច្ចុប្បន្នគឺ «​បរិញ្ញាបត្រ​ជាន់ខ្ពស់​» ពិសេស​ គឹ​នាង​មានបទពិសោធន៍១០​ឆ្នាំ លើ​កិច្ចការរដ្ឋបាល សង្គម និង​នយោបាយ ។

អ្នក​នាង ធី សុវណ្ណ​ថា បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​ឱកាស តែងតាំង​មុខ​ដំណែង​ដ៏​សំខាន់ «​អភិបាលរង​ក្រុង​អរិយ​ក្សត្រ​» ដល់​រូប​នាង​។ «​នាង​ខ្ញុំ​សន្យា​ថា នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​ចូលរួម​បំរើប្រជាជន »​។ នេះ​ជា​ការ​អះអាង របស់ អ្នក​នាង ធី សុវណ្ណ​ថា​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៧.០៤.២០២៣ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស ដោយ​សម្រេច​តែងតាំង អភិបាលរង​ក្រុង​អរិយ​ក្សត្រ ចំនួន​៦​រូប​៖
ទី​១៖ លោក ផៃ ច័ន្ទ​សុ​ភី ផ្ទេរ​ពី​អភិបាលរង​ស្រុក​ល្វាឯម​។
២៖ លោក ផុ​ន គឹ​ម​ឡុ​ង​។
៣៖ លោក ស៉ឹ​ង សុ​ផា​ន់​ណា​។
៤៖ លោក ជា ហ៊ោ ។
៥៖ លោក ចាន់ គឿ​យ​។
និង​ទី​៦៖ លោកស្រី ធី សុវណ្ណ​ថា ។

ក្រុង​អរិយ​ក្សត្រ គឺជា​ក្រុង​ថ្មី​មួយរបស់​ខេត្តកណ្តាលដែល​រាជរដ្ឋាភិបាល​បង្កើត​ឡើង​តាមអនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ ​។ ក្រុង​អរិយ​ក្សត្រដែល​បង្កើត​ថ្មីមាន​សង្កាត់​ចំនួន​១១ ដោយ​កាត់​ពី​ស្រុក​ខ្សាច់កណ្តាល​ចំនួន​៦​ឃុំ និង​ពី​ស្រុក​ល្វាឯមចំនួន​៥​ឃុំ​។
សង្កាត់​ទាំង​១១នៃ​ក្រុង​អរិយ​ក្សត្រ​រួម​មាន​ ៖ សង្កាត់​បាក់​ដាវ សង្កាត់​កោះ​ឧកញ៉ា​តី សង្កាត់​ព្រែក​អំពិល សង្កាត់​ព្រែក​លួង សង្កាត់​ព្រែក​តា​កូវ សង្កាត់​ស្វាយ​ជ្រុំ សង្កាត់​អរិយ​ក្សត្រ សង្កាត់​សារិកាកែវ សង្កាត់​ពាម​ឧកញ៉ា​អុង សង្កាត់​ព្រែក​ក្មេង និង​សង្កាត់​បា​រុង​ ។ ហើយ​ទីតាំង​ក្រុង​អរិយ​ក្សត្រ ស្ថិត​ក្នុង​សង្កាត់​អរិយ​ក្សត្រដែល​មាន​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​ខ្សាច់កណ្ដាលជា​អភិបាលក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ