ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ ឯកភាព​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​បន្ថែម​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​ភាគី​ចក្រភព​អង់គ្លេស បាន​ឯកភាព​គ្នា​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ លើ​វិស័យ​ការងារ និងបណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ឱ្យ​កាន់តែ​រីក​ចម្រើន​ឈាន​ឡើង សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា និង​ភាគី​ចក្រភព​អង់គ្លេស បាន​ឯកភាព​គ្នា​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ លើ​វិស័យ​ការងារ និងបណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ឱ្យ​កាន់តែ​រីក​ចម្រើន​ឈាន​ឡើង សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ ។

ការ​បញ្ជាក់​នេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​ឯកឧត្តម ដូ​មី​និក វី​ល្លៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទី​ស្ដី​ក្រសួង ។

នា​ឱកាស​នោះ ឯក​ឧត្ត អ៊ិ​ត សំ​ហេង បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ ទៅ​កាន់​ចក្រភព​អង់គ្លេស​មាន​ស្ថាន​ភាពល្អ ដែល​ផ្តល់​ការងារ​ដល់​ស្ត្រី​កម្ពុជា​ជា​ច្រើន ខណៈ​ចក្រភព​អង់គ្លេស​នៅ​តែ​បន្ត​យកចិត្តទុកដាក់​លើ​ស្ត្រី នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ថា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ILO-BFC មាន​រយៈពេល​២០​ឆ្នាំ​មក​ហើយ ក្នុង​ការ​បន្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​មាន​យន្តការ​ត្រីភាគីការ​គោរព​លក្ខខណ្ឌ​ការងារ​ក្នុង​ការ​បង្ហាញ​ពី​តម្លាភាព​ដល់​អង្គការ​អន្តរជាតិ​នានា ​។

ចំពោះ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ កម្ពុជា​ខិតខំ​បណ្តុះបណ្តាល​ឲ្យ​ទាន់​តម្រូវការ ដោយ​ឥឡូវនេះ​ កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​កម្មវិធី​បណ្តុះបណ្តាល​ពិសេស​៤​ខែ លើ​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ (C1) ដល់​យុវជន​ក្រីក្រ​ចំនួន​១.៥​លាន​នាក់ ចាប់​អនុវត្ត​ពី​ឆ្នាំ​២០២៣​នេះ​។ ដូច្នេះ​ការ​បណ្តុះបណ្តាល​នេះ ប្រសិនជា​មានការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​បន្ថែម​ក្នុង​កម្មវិធី​នេះ ចាត់​ទុក​ថា​ជា​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់ (Soft Skills Training)​ ។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បានឱ្យ​ដឹង​ថា ចក្រភព​អង់គ្លេស​ នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល TVET បន្ថែម​ទៀត​នៅ​កម្ពុជា និង​បាន​ផ្ដល់​យោបល់​ឱ្យ​ភាគី​កម្ពុជា​ អាច​បង្កើត​បណ្តាញ TVET ក្នុង​ឱកាស​វេទិកា​អប់រំ​ពិភពលោក ​លើក​ទី​១៩ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧-១០ ខែឧសភា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​អេ​លី​ហ្សា​ប៊ែ​ត ទី​២ ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ ជាមួយ​នេះ ឯកឧត្តម​ឯកអគ្គរាជទូត មាន​បំណង​ចង់​ទាក់ទាញ​អ្នកជំនាញ​អង់គ្លេស​មក​បណ្តុះបណ្តាល​នៅ​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ឆ្លើយ​តប​វិញ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អាច​ផ្តល់​បណ្ណ​ការងារ និង​កូតា​សម្រាប់​បុគ្គលិក​ជនជាតិ​អង់គ្លេស​ ដែល​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​នឹង​ផ្តល់​អាទិភាព​សម្របសម្រួល​អ្នកជំនាញ​ជាន់ខ្ពស់​ជូន​ភាគី​ចក្រភព​អង់គ្លេស​ផង​ដែរ ​។

ឯកឧត្តម ដូ​មី​និក វី​ល្លៀម បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​គ្រោង​នឹង​រៀបចំ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme – DCTS) ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០២៣​។ ភាព​ខុស​គ្នា​រវាង​ប្រព័ន្ធ GSP និង DCTS នេះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ច្បាប់​នៃ​ប្រភព​ដើម​។

ឯកឧត្តម​ឯកអគ្គរាជទូត​បន្ត​ថា ទោះបី​ស្ថានភាព​កម្ពុជា​ចាក​ចេញពី​ប្រទេស​ក្រីក្រ (Least Developed Country) ក៏​ចក្រភព​អង់គ្លេស​នៅ​តែ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែរ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme) ហៅ​កាត់ DCTS​។ តាម​រយៈ​ការ​អនុគ្រោះ​នេះ កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ច្រើន​ ក្នុង​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​អង់គ្លេស មាន​ដូច​ជា​សម្លៀក​បំពាក់ ស្បែកជើង កាបូប កង់ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន ដោយ​គ្មាន​របាំង​ពន្ធ​ឡើយ ខណៈ​ផលិតផល​អង់គ្លេស​ នាំ​ចូល​មក​កម្ពុជា​មាន ​៖ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿង​អេ​ឡិច​ត្រូ​និក ​ជាដើម ​។

ឯកឧត្តម​ឯកអគ្គរាជទូត បាន​បង្ហើប​ពី​គម្រោង​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ខាង​ការ​បណ្តុះបណ្តាល​ជំនាញ​អេ​ឡិច​ត្រូ​និក​ជាន់ខ្ពស់ ព្រោះ​នៅ​ចក្រភព​អង់គ្លេស​គឺ​សម្បូរ​អ្នកជំនាញ​ផ្នែក​នេះ​។

លើស​ពី​នេះ ឯកឧត្តម​ អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល (AC) បាន​បង្កើត​ឡើ​២៣​ឆ្នាំ​មក​ហើយ ជា​យន្តការ​មួយ​ដែល​ជោគជ័យ ឯករាជ្យ​។ ប៉ុន្មាន​ឆ្នាំ​នេះ ទំនាក់ទំនង​វិជ្ជាជីវៈ កាន់តែ​មាន​ភាព​ចាស់ទុំ គោរព​ច្បាប់​ការងារ​កាន់តែ​ល្អ ជម្លោះ​ការងារ​កាន់តែ​ល្អ​ច្រើន​ជាង​មុន​។ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល គឺ​លើកទឹកចិត្ត​ឱ្យ​មានការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​។

មិនតែប៉ុណ្ណោះ កម្ពុជា និង​ចក្រភព​អង់គ្លេស​ គ្រោង​នឹង​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា (MoU) ស្តី​ពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​រួម​គ្នា នា​ពេល​ខាង​មុខ​ដើម្បី​ជម្រុញ​ការ​ដោះ​ដូរ​ទំនិញ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។

គួរ​ជម្រាប​ថា បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​បន្ត​កើនឡើង​ជាប់​ជា​លំដាប់​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ដល់​ជាង ៩៧៧ លាន​ដុល្លារ​អាម៉េរិក ឬ​កើនឡើង​ប្រមាណ ២៣.៩% ធៀប​នឹង​ឆ្នាំ​២០២១ ហើយ​ទំនិញ​សំខាន់​ៗ ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចក្រភព​អង់គ្លេស​គឺ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប រីឯ​ទំនិញ​ដែល​ចក្រភព​អង់គ្លេស​នាំ​ចូល​មក​កម្ពុជា​គឺ​រថយន្ត និង​កាក​សំណល់​ឧស្សាហកម្ម​សម្រាប់​ផលិត​ចំណី​សត្វ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ