រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា និស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់ បានជម្លៀសមកដល់ប្រទេសអារ៉ាប៊ី សាអូឌីតហើយ ដោយមានជំនួយរបស់ប្រទេសឡេស៊ី ខណៈពួកគេកំពុងមានសុវត្ថិភាពផងដែរ ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា និស្សិតខ្មែរ-ឥស្លាម កំពុង សិក្សានៅប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លា ត្រូវបានជម្លៀសមកកាន់អារ៉ាប់ប៊ី សាអូឌីត និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព ។
សម្ដេចបានគូសបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ៖ «និស្សិតខ្មែរ-ឥស្លាមរបស់យើងដែលរៀន នៅរាជធានីខាតូម របស់ប្រទេសស៊ូដងខាងត្បូង ដែលកំពុងប្រយុទ្ធខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង តាមរយៈនាវាហើយ ឥឡូវនេះ ពួកគេបានមកដល់ ប្រទេស អារ៉ាប៊ី សាអូឌីត ដោយជំនួយរបស់ម៉ាឡេស៊ី» ។
សម្ដេចបន្ដថា តាមការជូនដំណឹងរបស់ឯកឧត្តមអូស្មាន់ហាសាន់ និស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់នេះ កំពុងធ្វើដំណើរទៅសណ្ឋាគារ សូមក្រុមគ្រួសាររបស់និស្សិតខ្មែរ-ឥស្លាមនេះ បានជម្រាបថា «កូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ» ។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រីរបស់ម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ហើយក៏សូមអរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រី អារ៉ាប៊ី សាអូឌីត បានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតខ្មែរ-ឥស្លាម ។
បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បរទេសសម្រុកជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីប្រទេសស៊ូដង់ ដែលហែកហួរដោយភាពអនាធិបតេយ្យ ជាកន្លែងដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេលដប់ថ្ងៃ រវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយពីររូប ៕

ចែករំលែកព័តមាននេះ