រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី២៦ មេសា ដល់ថ្ងៃទី២ ឧសភាខាងមុខនេះ តំបន់មួយចំនួនរបស់កម្ពុជានឹងបន្តកើនកម្តៅមានភ្លៀងតិចទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាប ខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល ។
ដោយឡែកនៅថ្ងៃខ្លះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាប កម្ដៅ (Thermal Low) ផងដែរ ។ ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី៣៦-៣៨ អង្សាសេ ។

ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។ ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៥- ៣៧អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕


ចែករំលែកព័តមាននេះ