នៅក្នុងចំណោមរថយន្ត និងគ្រឿងយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីប្រមាណជា១០០០គ្រឿងនៅកម្ពុជាចិនកំពុងតែនាំមុខ ខណៈដែលអ្នកជំនាញនៅលើពិភពលោកក៏ទទួលស្គាល់គុណភាពយានយន្តអគ្គិសនី ជាពិសេស គឺរថយន្តផលិតដោយក្រុមហ៊ុនចិនផងដែរ ។

សម្រាប់កម្ពុជានៅក្នុងចំណោមអតិថិជនដែលគាំទ្ររថយន្តដើរដោយថាមពលអគ្គិសនីទាំងនោះគេដឹងថា ក៏មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនដោយនៅក្នុងនោះម្នាក់ គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ នៅក្នុងនោះប្រភេទរថយន្តដែលលោកកំពុងតែគាំទ្រ គឺជា ប្រភេទរថយន្តប្រណិតដែលមានតម្លៃរាប់ម៉ឺនដុល្លារមួយប្រភេទរបស់ចិន ដែលគេស្គាល់ថា គឺរថយន្ត HongGI ប្រភេទ SUV មូដែល E-HS9 ដែលមានរូបរាងយ៉ាងស្រស់សង្ហារ។
តាមរយៈសារដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់ខ្លួនរួមទាំងរូបភាព លោករដ្ឋមន្ត្រីបានមានប្រសាសន៍ចែករំលែកថា «ថ្ងៃនេះ សាកប្រើឡានអគ្គិសនីធ្វើដំណើរភ្នំពេញ -កំពង់ចាម – ភ្នំពេញ តើវាអស់ប៉ុន្មានភាគរយ0x017d7- Hongqi e-hs9 ថ្ងៃទី២២ មេសា ២០២៣»។
លោករដ្ឋមន្ត្រីក៏បានចែករំលែកទៀតថា«ប្រើឡានអគ្គិសនី HONGQi e-hs9 ភ្នំពេញ- កំពង់ចាម (បើកនៅកំពង់ចាមជាង២០នាទី) – ភ្នំពេញប្រើម៉ាស៊ីនត្រជាក់២៣ អង្សាសេប្រើល្បឿនកង្ហារ ៥ / ៧ ឡានប្រើអក្សរ អង់គ្លេសមកដល់ផ្ទះ កម្លាំងភ្លើងនៅសល់១៨ % ។ ហេតុនេះ បើតាមស្មានមួយសាកពេញអាចរត់បានជាង៣៥០គីឡូម៉ែត្រ»។

នៅពេលដែលថ្នាក់ដឹកនាំកំពុងតែគាំទ្រផលិតផលរថយន្តដែលជួយដល់បរិស្ថានបែបនេះ គេរំពឹងថា ស្ថានភាពទីផ្សារថយន្តប្រើអគ្គិសនីនៅកម្ពុជានឹងកាន់តែមានកំណើនថែមទៀត ស្របពេលដែលនៅពេលនេះស្ថានីយសាកថ្មបានពង្រីកនៅទូទាំងប្រទេសបាន១៣កន្លែង ហើយកំពុងតែត្រូវបានលើកទឹកចិត្តឲ្យពង្រីកការរៀបចំជាបន្តបន្ទាប់បន្ថែមទៀត។
នៅពេលនេះគេដឹងថា រថយន្តអគ្គិសនីដែលកំពុងតែប្រើប្រាស់នៅកម្ពុជា គឺមានម៉ូដែលជាច្រើន ហើយកំពុងតែនាំចូលដោយក្រុមហ៊ុនផ្សេងៗគ្នាដែលរួមមានដូចជា ម៉ាក់ HongGI របស់ចិន ក្រុមហ៊ុន BYD របស់ចិនដែរ និងក្រុមហ៊ុនតេស្លា ហើយក៏មានព័ត៌មានអំពីគម្រោងនាំចូលដោយក្រុមហ៊ុនផ្សេងៗទៀត។
រហូតមកដល់ពេលនេះ បើនិយាយអំពីចំណែកនៃទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា គឺតូចទេ ខណៈនៅកម្ពុជាមានរថយន្តសរុបដល់ទៅ១ លានគ្រឿងនៅលើផ្លូវ ប៉ុន្តែសន្ទុះនេះអ្នកជំនាញអាចទស្សន៍ទាយថា វាអាចកើនឡើងលើសពី១០ភាគរយនៃចំណែករថយន្តទាំងអស់នៅក្នុងរយៈពេល៥ឆ្នាំ ខណៈដែលពេលនេះតម្លៃរថយន្តអគ្គិសនីដែលនាំចូលមកកម្ពុជា គឺមានតម្លៃជាមធ្យមពី២៥.០០០ដុល្លារ ទៅជាង ២០០.០០០ដុល្លារ។

អ្នកជំនាញក៏បានឲ្យដឹងដែរថា សម្រាប់ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ប្រហែលជាចិនអាចទទួលការគាំទ្រខ្លាំងពីព្រោះទាំងគុណភាព សោភ័ណភាព ក៏ដូចជា ប្រណីតភាព និងប្រព័ន្ធផាសុខភាពដែលផ្តល់ដល់អ្នកប្រើប្រាស់ គឺរថយន្តចិនហាក់កំពុងមានការទទួលស្គាល់។
យើងមិនបានធ្វើទីផ្សារឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីចិននោះឡើយ ប៉ុន្តែបើយោងតាមអត្ថបទមួយរបស់ទីភ្នាក់ងារព័ត៌មានបារាំងអ្នកជំនាញខាងរថយន្តលំដាប់ពិភពលោកក៏បានទទួលស្គាល់នូវផលិតរថយន្តអគ្គិសនីដែលផលិតដោយចិនផងដែរ។
លោក អេលីយូត រីឆាត (Elliot Richards) អ្នកឯកទេសរថយន្តអគ្គិសនីជនជាតិអាល្លឺម៉ង់ បានអះអាងថា រថយន្តម៉ាកយីហោរបស់ចិននៅពេលនេះអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះផ្សេងៗទៀត នៅលើពិភពលោកគ្រប់បែបយ៉ាងទាំងនៅលើរូបរាង គុណភាព ផាសុកភាព ពោល គឺមិនមានអ្វីដែលចិនមិនអាចធ្វើបាននោះទេ នៅពេលនេះ ។
ជុំវិញបញ្ហានេះ លោក រីឆាត បាននិយាយថា ផលិតករចិនមិនបានយកការប្រឹងប្រែងរបស់គេ ដើម្បីប្រកួតជាមួយនឹងក្រុមហ៊ុនរថយន្តចាស់ៗដែលមានកេរ្តិ៍ឈ្មោះ ស្រាប់ដើម្បីផលិតរថយន្តប្រើប្រេង ឥន្ធនៈនោះទេ ពីព្រោះពួកគេមិនអាចប្រកួតប្រជែងបាន ដូច្នេះពួកគេគិតថា រថយន្តអគ្គិសនីពួកគេអាចចាប់ផ្តើមនាំមុខអ្នកផ្សេង។

លោកបានអះអាងថា ប្រទេសចិនត្រូវបានគេដឹងថា បានចាប់ផ្ដើមវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាដែលពាក់ព័ន្ធរថយន្តអគ្គិសនីតាំងដើមទសវត្សរ៍ឆ្នាំ២០០០ ដើម្បីដណ្តើមភាពនាំមុខ និងទទួលបានចំណែកទីផ្សារល្អ។
យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិនរថយន្តអគ្គិសនីចិននៅពេលនេះអាចដណ្តើមបានចំណែកទីផ្សារ២៥ភាគរយនៃចំណែកទីផ្សាររថយន្តនៅក្នុងប្រទេសក្នុងឆ្នាំ២០២២។ទោះបីជាទីផ្សាររថយន្តពិភពលោកធ្លាក់ចុះក៏ដោយ តែចំណែកទីផ្សាររបស់រថយន្តអគ្គិសនីនៅចិនអាចកើនឡើងដល់ជាង៤០ភាគរយនៅឆ្នាំនេះ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ