រាជធានីភ្នំពេញ ៖ យោងតាមការវិវត្តន៍អាកាសធាតុជាសកល នៅតាមតំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖ ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្តៅ មាន ៦០% និងបាតុភូត អែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina)។ ចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០% ទៅ ៨០% និងបាតុភូត (Neutral) ថយមកនៅ ២០% ទៅ ៣០% ។

២- រដូវវស្សាឆ្នាំ២០២៣ ៖
ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ។ យោងតាមស្ថានភាពជាក់ស្តែងនៃចលនាខ្យល់ និងកំដៅ (Thermal Low) និងលក្ខណៈភ្លៀងភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់ (Localize rain) ។ កម្រិតទឹកភ្លៀងមានតិចជាង មធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០% ទៅ ៣០% ។ នៅក្នុងដើមរដូវវស្សានេះ នឹងអាចមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កួច (Gust wind និង Squall)។

ខ- ពាក់កណ្តាលរដូវវស្សា ៖ ចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គូរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ។ កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី ២០% ទៅ ៣០% ។ នៅពាក់កណ្តាលរដូវវស្សាខាងមុខនេះ ក៏នឹងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) ជាបង្គួរផងដែរ។

គ- ចុងរដូវវស្សា ៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្យោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សា នេះក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កួច (Gust wind និង Squall) ក្នុងកម្រិតជាមធ្យមផងដែរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ ។

៣- កូនរដូវប្រាំង ៖ នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រឈមខ្លាំងនូវកូនរដូវប្រាំងដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ។
៤- ស្ថានភាពព្យុះ ៖ នៅក្នុងឆ្នាំ២០២៣នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។


ចែករំលែកព័តមាននេះ