រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនជន សង្ស័យ២នាក់ ម្នាក់ជាប្រធាន និងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន«មាតុភូមិអចលនទ្រព្យ» ទៅតុលាការពាក់ពន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយហ៊ុនចូលខ្យល់ទើបកើតមានការប្តឹងផ្តល់។

ជនសង្ស័យម្នាក់ឈ្មោះ ឆែម តារា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុន«មាតុភូមិអចលនទ្រព្យ» មានទីលំនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិឧត្តមបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ និងម្នាក់ឈ្មោះ ឈិត ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអគ្គនាយករងក្រុមហ៊ុន.មាតុភូមិអចលនទ្រព្យ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ដើមចមនៃការឃាត់ខ្លួនប្រធាន និងអគ្គនាយករងក្រុមហ៊ុន.មាតុភូមិអចលនទ្រព្យទៅតុលាការ ត្រូវបានគេដឹងថា កាលពីអំឡុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់ មានការទំនាក់ទំនងជាមួយមន្ត្រីយោធាម្នាក់បានសហការគ្នាប្រមូលទិញដីពីប្រជាពលរដ្ឋប្រមាណជាង៣២ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភូមិដំណាក់ព្រីង ឃុំស្វាយដុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងអភិវឌ្ឍសង់ផ្ទះល្វែងលក់។

ក្រោយមកដោយសារមន្ត្រីយោធាម្នាក់ គ្មានលទ្ធភាពនៅមើលការងារក្រុមហ៊ុនជាប់លាប់ក៏បានផ្ទេរភាគហ៊ុនដែលខ្លួនមាន៥០/ភាគរយឲ្យទៅប្រធាន និងអគ្គនាយករងក្រុមហ៊ុនគ្រប់គ្រងទាំងមូលដោយគ្រាន់តែតម្រូវឲ្យជនសង្ស័យទាំង២នាក់ប្រគល់ប្រាក់ចំនួន១២០០ ០០០ (១លាន២ សែនដុល្លារអាមេរិក) ដើម្បីដើរចេញពីភាហ៊ុននោះ។
ប្រភពព័ត៌មានបន្តថា ភាគីទាំង២បានព្រមព្រៀមគ្នា រួចជនសង្ស័យបានប្រគល់ប្រាក់ដំបូងឲ្យទៅមន្ត្រីយោធានោះប្រមាណ៩៤ ០០០ដុល្លារអាមេរិក ចំណែកប្រាក់ដែលនៅសល់ពួកគេបានឯកភាពគ្នា ទូទាត់តាមរយៈចេញមូលប្បទានបត្រ«សែកចំនួន៧សន្លឹក» ក្នុងសែក១សន្លឹកមានទឹកប្រាក់ ១៥០០០ ដុល្លារអាមេរិកសម្រាប់យកទៅបើកប្រាក់នៅធនាគារ ។
ប៉ុន្តែដល់ថ្ងៃកំណត់ភាគីម្ខាងនោះបានយកមូលប្បទានបត្រទាំងអស់ទៅដកប្រាក់ ស្រាប់តែខាងធនាគារឆ្លើយថា ជាសែកស្អុយទើបបានត្រូវភាគីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ចក៏ដូចជា ក្នុងដំណាក់ការតំណាងអយ្យការបើកការស៊ើបសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយប្រហាក់ប្រហែលគ្នាថា រឿងពិតជាកើតមានដូចការចោទប្រកាន់នោះមែន ដែលផ្តើមចេញពីការងាររកស៊ីទិញលក់ដីចូលហ៊ុនគ្នា ហើយរឿងលុយកាក់ជំពាក់ភាគីម្ខាងនោះពួកគេគ្មានចេតនាមិនសងទេ តែដោយសារសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដីធ្លីទាំងឡាយលក់មិនចេញចុងក្រោយក្រុមហ៊ុនជាហ៊ុនចូលខ្យល់ពួកគេក្លាយជាជនជាប់ចោទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់«សែកស្អុយ»ប្រឈមជាប់ពន្ធនាគារដោយរង់ចាំទទួលទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ