ខេត្តបន្ទាយមានជ័យ ៖ ផលដំណាំកសិឧស្សាហ៍កម្មដំឡូងមី និងពោត នៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំមុនៗ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញ ខណៈដើមដំឡូងមីថៃក៏មានទីផ្សារល្អនៅលើដីខ្មែរផងដែរ។

បើតាមលោក ប៉ាង វណ្ណសេត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ដំណាំកសិឧស្សាហ៍កម្ម រួមមានដំឡូងមី និងពោត នៅខេត្តបន្ទាយមានជ័យឆ្នាំនេះ មានទីផ្សារល្អជាងឆ្នាំមុនៗ។ ដោយលោកបញ្ជាក់ថា ដំឡូងមីស្ងួតឆ្នាំនេះ អ្នកស្រុកលក់ចេញបានតម្លៃខ្ពស់ គឺ១គីឡូក្រាមចាប់ពី៦បាត រហូតដល់៨បាតប្រាក់ថៃ ខណៈឆ្នាំមុនៗ លក់ចេញត្រឹម១គីឡូក្រាមត្រឹមតែ៥បាតទៅ៦បាតតែប៉ុណ្ណោះ។

លោកប្រធានមន្ទីររូបនេះបន្តថា ដីដាំដំណាំកសិឧស្សាហ៍កម្មនៅខេត្តបន្ទាយមានជ័យ សម្រាប់ដំឡូងមីមានជាង១០ម៉ឺនហិកតា (១០ទៅ១១ហិកតា) ឯដីដាំដំណាំពោតវិញ គឺមានជាង១ម៉ឺនហិកតា (១២០០០ទៅ១៤០០០ហិកតា)។ ប៉ុន្តែលោកថា សម្រាប់ឆ្នាំនេះ គិតត្រឹមខែមេសា ឆ្នាំ២០២៣ ពលរដ្ឋទើបដាំដុះបានជាង២ម៉ឺនហិកតាតែប៉ុណ្ណោះ ដោយកន្លែងខ្លះចាប់ផ្ដើមដកយកផល ឯកន្លែងខ្លះទៀតកំពុងចាប់ផ្តើមដាំ។

លោកប្រធានមន្ទីរ បានប្រាប់បន្តថា ដំណាំកសិឧស្សាហ៍កម្មខាងលើនេះ ភាគច្រើនកសិករដាំដុះច្រើននៅស្រុក តាមជាប់ព្រំដែន ដូចជាស្រុកថ្មពួក, ស្វាយចេកអូរជ្រៅ ជាពិសេសនៅក្នុងស្រុកម៉ាឡៃ គឺមានច្រើនជាងគេ។ ខណៈដើមដំឡូងមីថៃ មានទីផ្សារលើទឹកដីខ្មែរ គេឃើញពលរដ្ឋមួយចំនួននៅភូមិចំកាគរ ឃុំនឹងស្រុកស្វាយចេក បានចំណាយពេលមិនថា យប់ ឬថ្ងៃនោះទេ ដោយសារតែបញ្ហាជីវភាពគ្រួសារ ត្រូវតែធ្វើការទាំងបង្ខំចិត្ត ព្រោះនៅព្រំដែន គេមិនអនុញ្ញាតឲ្យពលរដ្ឋទៅធ្វើការលើទឹកដីថៃព្រឹកវិលល្ងាចដូចមុនសម័យកូវីដឡើយ៕


ចែករំលែកព័តមាននេះ