ទីក្រុងកៀវ៖ អ៊ុយក្រែនចង់បានសន្តិភាពដ៏ពិតប្រាកដជាជាង (សន្តិភាពដែលបានមកពី) ការផ្គាប់ចិត្ត ឬបំពេញចិត្តអ្នកដទៃ (សុខចិត្តធ្វើអន់ ឬលន់តួគេដើម្បីសន្សំសុខ)។ ពោលគឺមិនមែនជាការធ្វើផ្គាប់ចិត្តប្រទេសរុស្ស៊ីនោះទេ។ ខាងលើនេះជាការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅចំពោះមុខ «អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប» ដែលជាស្ថាប័នធ្វើការលើផ្នែកសន្តិសុខ និងសិទ្ធិសេរីភាព និងដែលកំពុងស្វះស្វែងរកតួនាទីណាមួយសម្រាប់ខ្លួនឯងក្រោយពេលសង្គ្រាមអ៊ុយក្រែនបិទបញ្ចប់ទៅវិញនាពេលអនាគត។

ទិសដៅដែលត្រូវបន្តដំណើរទៅមុខទៀតក្នុងការចរចាសន្តិភាពហាក់ដូចជាគ្មានភាពច្បាស់លាស់ទេ។ នេះបើតាមប្រសាសន៍របស់លោកត្រាំដែលថ្លែងក្រោយកិច្ចជំនួបរវាងប្រេសិតពិសេស និងកូនប្រសារបស់លោកជាមួយលោកពូទីនកាលពីពេលថ្មីៗនេះ។ លោកត្រាំចាត់ទុកការជួបពិភាក្សាគ្នានោះល្អគ្រាន់បើដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកអានឌ្រី ស៊ីប៊ីហា (Andrii Sybiha) ថ្លែងថាយើងនឹងចងចាំទុកនូវឈ្មោះអ្នកទាំងឡាយណាដែលបានក្បត់អ្នកជំនាន់ក្រោយនៅទីក្រុងមូនិច (អាល្លឺម៉ង់ខាងលិច)។ ព្រឹត្តិការណ៍នោះមិនគួរណាកើតឡើងជាថ្មីទេ។ យើងត្រូវការសន្តិភាពដ៏ពិតប្រាកដ មិនមែនការធ្វើនយោបាយផ្គាប់ចិត្តគេនោះទេ។ បើគេបកស្រាយមិនច្រឡំទេ អ្វីដែលប្រមុខការទូតរូបនេះលើកឡើងចង់សំដៅទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៣៨នៅទីក្រុងមូនិចរវាងពួកណាហ្ស៊ីអាល្លឺម៉ង់ជាមួយចក្រភពអង់គ្លេស, បារាំង និងអ៊ីតាលី។ ប្រទេសទាំងបីយល់ព្រមកាត់ទឹកដីឆេកូស្លូវ៉ាគីទៅឱ្យអ៊ីទ្លែដើម្បីជាថ្នូរនឹងសន្តិភាព។

កិច្ចព្រមព្រៀងនេះត្រូវគេចាត់ទុកថាជាការធ្វើឱ្យតែរួចពីដៃដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាជាមួយប្រទេសមហាអំណាចដែលដើរហួងហែងអ្នកដទៃ (របបអ៊ីទ្លែ)។ ក្រោយកិច្ចព្រមព្រៀងនោះ ប្រទេសរុស្ស៊ីក៏ត្រៀមខ្លួនចរចាជាមួយរបបណាហ្ស៊ីអាល្លឺម៉ង់ផងដែរ។ លោកស៊ីប៊ីហាថ្លែងថាអឺរ៉ុបបានបង្កើតកិច្ចព្រមព្រៀងសន្តិភាពដែលគ្មានយុត្តិធម៌ច្រើនណាស់កាលពីអតីតកាល។ កិច្ចព្រមព្រៀងទាំងអស់នោះបានត្រឹមតែនាំមកនូវវិនាសកម្មជាថ្មីតែប៉ុណ្ណោះ។ លោកអរគុណប្រទេសអាមេរិកដែលខិតខំដោះស្រាយបញ្ហាអ៊ុយក្រែន។ លោកថាអ៊ុយក្រែននឹងប្រើប្រាស់គ្រប់ឱកាសទាំងអស់ដើម្បីព្យាយាមបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។

កាលពីយប់មិញ លោកហ្សេឡិនស្គីថ្លែងថាក្រុមការងាររបស់លោកត្រៀមចូលរួមកិច្ចប្រជុំនៅអាមេរិក។ លោកថាការសន្ទនាគ្នាជាមួយអ្នកតំណាងរបស់លោកត្រាំនឹងនៅតែបន្ត។ សូមជម្រាបថា «អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប» មានប្រទេសចំនួន៥៧ជាសមាជិក។ ក្នុងនោះមានអាមេរិក កាណាដា រុស្ស៊ី អឺរ៉ុបភាគច្រើន និងអាស៊ីកណ្ដាល។ អង្គការនេះធ្លាប់ដើរតួនាទីសំខាន់ក្នុងការសន្ទនាគ្នារវាងប្លុកខាងលិច និងប្លុកខាងកើតកាលពីសម័យសង្គ្រាមត្រជាក់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការនេះហាក់ដូចជានៅជាប់គាំងមិនសូវមានសកម្មភាពរស់រវើកព្រោះរុស្ស៊ីបិទខ្ទប់មិនឱ្យចេញរួចនូវកិច្ចព្រមព្រៀងនានា។ រុស្ស៊ីចោទប្រកាន់ថាអង្គការនេះត្រូវក្រុមបស្ចិមប្រទេសឆក់យកបាត់ទៅហើយ។ ឥឡូវនេះ អាមេរិកបិទខ្ទប់សហមតិកុងសង់ស៊ីស (consensus) មិនឱ្យអនុម័តកញ្ចប់ថវិកាថ្មី។ អាមេរិកទាមទារឱ្យស្ថាប័ននេះធ្វើកំណែទម្រង់មួយចំនួនដូចជាវិធានការកាត់បន្ថយថ្លៃចំណាយជាដើម។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ