ខេត្តកំពត៖ ផ្លូវជាតិលេខ ៣១ (បែកគុស-កំពង់ត្រាច) កំពុងដើរតួនាទីជា “សរសៃឈាមសេដ្ឋកិច្ច” ដ៏សំខាន់ ក្នុងការតភ្ជាប់ដោយផ្ទាល់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម បន្ទាប់ពីផ្លូវនេះត្រូវបានស្ដារ និងលើកកម្ពស់គុណភាពរួចរាល់ជាស្ថាពរ ហើយបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ផ្លូវជាតិលេខ ៣១ នេះមានប្រវែងសរុប ៣,៥៣ គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមនៅបែកគុស (ប្រសព្វផ្លូវជាតិលេខ ៣) រហូតដល់ទីរួមស្រុកកំពង់ត្រាច (តភ្ជាប់ទៅផ្លូវជាតិលេខ ៣៣)។
តាមការផ្សាយផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវដ៏សំខាន់មួយខ្សែនេះនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដូចជាជំរុញពាណិជ្ជកម្មព្រំដែនដែលជាគន្លឹះតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)ដែលធ្វើឲ្យការដោះដូរទំនិញទ្វេភាគីមានភាពរលូន និងឆាប់រហ័ស។ ក្នុងនោះសម្រួលការដឹកជញ្ជូនទំនិញដោយផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះក៏ផ្ដល់ផាសុកភាព និងសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅមកក្នុងតំបន់នេះ។
ផ្លូវនេះត្រូវបានកែលម្អគុណភាពយ៉ាងហ្មត់ចត់ដោយមានទទឹងផ្លូវធំរហូតដល់ ១១ ម៉ែត្រដែលជួយឲ្យការបើកបរមានសុវត្ថិភាពខ្ពស់។ ហើយកម្រាលបេតុងកៅស៊ូ (AC) គុណភាពខ្ពស់ដោយក្រាលក្នុងកម្រាស់៧ សង់ទីម៉ែត្រ ដែលធានាបាននូវភាពរឹងមាំនៃផ្លូវសម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង៕
ចែករំលែកព័តមាននេះ