រាជធានីភ្នំពេញ ៖ ម្តាយស្លុតចិត្ត ក្រោយទទួលដំណឹងថា កូនប្រុសរបស់ខ្លួនលង់ទឹកស្លាប់ នៅក្រោមស្ពាន ក្នុងតំបន់កោះនរា នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានថ្ម ច្រកចេញតំបន់កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពក្មេងប្រុសរងគ្រោះ លី ស៊ីនលឹម អាយុ១២ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួលជាម្តាយ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីមិត្តភក្តិ ដែលជិះជាមួយគ្នា បានប្រាប់ថា មុនកើតហេតុ ខ្លួនកំពុងតែអង្គុយលេងដីនៅមាត់ច្រាំង ក្រោមស្ពានថ្ម ចំណែកក្មេងប្រុសរងគ្រោះ បានដើរលេងតាមមាត់ច្រាំង ពីចំណុចទឹករាក់ៗ រហូតទៅដល់កន្លែងជ្រៅ ក៏រអិលចូលទៅក្នុងទឹកលិចតែម្តង។ ខណៈនោះ ខ្លួនក៏បានស្រែករកចាស់ៗ និងអ្នកនេសាទ ឲ្យជួយស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ស្របពេលនោះ ក្រុមអ្នកនេសាទ បានធ្វើការចុះរាវរក អស់រយៈពេលជាង២ម៉ោង ទើបរកឃើញសពស្រង់ឡើងមកលើគោក ។
តាមការបញ្ជាក់ពីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានអោយដឹងថា វេលាម៉ោង១២ថ្ងៃត្រង់ កូនប្រុសរបស់គាត់ បានសុំគាត់ជិះកង់ដើរលេងជាមួយមិត្តភក្តិ ដែលមានផ្ទះក្បែរគ្នា ប៉ុន្តែគាត់មិនបានដឹងថា កូនរបស់គាត់ជិះកង់មកលេងទឹកនៅតំបន់កោះនរា នោះទេ ព្រោះកូនមិនបានប្រាប់ ទើបគាត់មិនបានចាប់អារម្មណ៍ ព្រោះស្មាន ជិះដើរលេងជិតៗផ្ទះ។ លុះមកដល់វេលាម៉ោង ៣រសៀល ក៏ស្រាប់តែមានសមត្ថកិច្ចខណ្ឌច្បារអំពៅ បានទាក់ទងទៅគាត់តាមទូរសព្ទប្រាប់ថា កូនប្រុសរបស់គាត់ បានលង់ទឹកស្លាប់ នៅក្រោមស្ពានថ្ម ច្រកចេញកោះនរា ធ្វើអោយគាត់ស្លុតចិត្ត រកនិយាយអ្វីមិនចេញ។ ភ្លាមៗ គាត់ប្រញាប់ប្រញាល់ធ្វើដំណើរមកកាន់ទីតាំងកើតហេតុ ។
ក្រោយកើតហេតុ ម្តាយក្មេងប្រុសរងគ្រោះ មិនប្តឹងផ្តល់នោះឡើយ ដោយសុំយកសពកូនខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ